2023-12-13 15:15
382

ភ្នំពេញ៖ នៅយប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣នេះបើយោងតាមប្រភពព័ត៍មានពីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ក.ប.ប បានឱ្យដឹង ថា៖ ការត្រួតពិនិត្យទីផ្សារដូចភ្លៀងរលឹម នាំមកនូវការពារដល់សុខុមាលភាពនិងផលប្រយោជន៍សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ។ 

ជាក់ស្ដែងមន្ត្រីអធិការកិច្ចម្ហូបអាហារ ដែលទទួលបានអាណត្តិពីច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ នៃសាខា ក.ប.ប. ខេត្តពោធិ៍សាត់ កំពង់ឆ្នាំង បន្ទាយមានជ័យ បាត់ដំបង កាលពីថ្ងៃទី១១ ខែធ្នូម្សិលមិញនេះ បានបន្តអនុវត្តការត្រួតពិនិត្យទីផ្សារ តាមរយៈការយកចិត្តទុកដាក់ពិនិត្យអនុលោមភាពរបស់ទំនិញចម្រុះគ្រប់ប្រភេទ នៅក្នុងទីផ្សារភូមិសាស្ត្ររបស់ខ្លួន។ 

តាមការបញ្ជាក់របស់មន្ត្រីជំនាញ មន្ត្រីបានធ្វើតេស្តបឋមរកសារធាតុគីមីហាមឃាត់នានា លើទំនិញហូបចុកចំនួន ៧គំរូ រួមមាន៖ ងៀតគោ សាច់ក្រក ខ្ញីហាន់ បាញ់កាញ់ ស្ពៃជ្រក់ ដែលជាលទ្ធផលពុំបានរកឃើញមានវត្តមានសារធាតុគីមីហាមឃាត់នោះទេ។ យ៉ាងណាមិញ តាមរយៈការត្រួតពិនិត្យបន្ត មន្ត្រីជំនាញបានរកឃើញទំនិញចម្រុះ ហួសកាលបរិច្ឆេទប្រើប្រាស់ ចំនួន ៦៦.៤គីឡូក្រាម និងបានអប់រំណែនាំដល់ម្ចាស់អាជីវកម្មទឹកពិសារ ១ទីតាំងក្នុងខេត្តបាត់ដំបង ឱ្យបានយល់ដឹងអំពីការដាក់ស្លាកសញ្ញានៅលើសំបកវេចខ្ចប់ឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។

ជាមួយគ្នានេះដែរ មន្ត្រីជំនាញ បានបន្តអប់រំផ្សព្វផ្សាយដល់អាជីវករអំពីបទប្បញ្ញត្តិនានាដែលពាក់ព័ន្ធនឹងការធ្វើអាជីវកម្មរបស់ពួកគេ រួមទាំងចែកខិត្តប័ណ្ណស្តីពីកិច្ចការហាឡាលចំនួន ២០សន្លឹកដល់អាជីវករ៕