2024-01-07 11:01
220

ខេត្តពោធិ៍សាត់ ៖ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ និងបទបញ្ជាយ៉ាងយកចិត្តទុកដាក់របស់លោក ឧត្ដមសេនីយ៍ទោស្នងការនគរបាលខេត្តពោធិ៍សាត់ លោកឧត្ដមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានដឹកនាំនិងបញ្ជាមន្រ្តីក្រោមឱវាទចុះសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកបាកាន និងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ធ្វើការស្រាវជ្រាវរហូតឈានដល់ការបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ជាបន្តបន្ទាប់រួមទាំងវត្ថុតាង ក្រោយពីបក្សពួកក្រុមជនបង្កទាំងនេះ ធ្វើសកម្មភាពកាប់ទៅលើគូទំនាស់០២នាក់បណ្ដាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ រួចនាំគ្នាគេចខ្លួនបាត់ទៅ។
    លោកឧត្ដមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានឱ្យដឹងនាព្រឹកថ្ងៃអាទិត្យ ១១រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤នេះថា ជនសង្ស័យ(ជនដៃដល់)ទី១-ឈ្មោះ ព្រិន ស៊ត ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករទឹកកក មានទីលំនៅ ភូមិត្រាង ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់(ដៃដល់) ឃាត់ខ្លួននៅស្រុកថ្មគោល ខេត្តបាត់ដំបង ។ ទី២- ឈ្មោះ គូន ខេន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិត្រាង ឃុំមេទឹក ស្រុកបាកាន(អ្នកកាន់កាំបិត), ទី៣-ឈ្មោះ ធី សំបូរ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិព្រៃស្វាយ ឃុំបឹងខ្នារ ស្រុកបាកាន(បក្សពួក) និងទី៤-ឈ្មោះ គ្រឿន កក្កដា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិ   ដើមច្រេស ឃុំបឹងខ្នារ ស្រុកបាកាន(បក្សពួក)។ ក្នុងនោះដកហូតវត្ថុតាងរួមមាន កាំបិតកែច្នៃ និងកាំបិតកាចែតចំនួន០២ដើម និងម៉ូតូចំនួន០២គ្រឿង ។
    លោកស្នងការរងឱ្យដឹងទៀតថា ជនសង្ស័យចំនួន០៤នាក់នេះ បានធ្វើសកម្មភាពកាប់ជនរងគ្រោះបណ្ដាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរនៅគ្រាកំពុងធ្វើដំណើររួមគ្នាដោយម៉ូតូ១គ្រឿង ទី១ -ឈ្មោះ រ៉ាល់ ចំរើន ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិចំការខ្លុយ ឃុំអូរតាប៉ោង ស្រុកបាកាន(អ្នកបើកម៉ូតូ)របួសកញ្ចឹងក និងទី២-ឈ្មោះ រួម រិទ្ធ ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិ.ឃុំជាមួយគ្នា(របួសត្រចៀកខាងឆ្វេង)។
   លោកបញ្ជាក់បន្ថែមទៀតថា បច្ចុប្បន្នជនរងរបួសកំពុងសម្រាកព្យាបាល ចំណែកក្រុមជនបង្កជាជនសង្ស័យរួមទាំងវត្ថុតាង សមត្ថកិច្ចនគរបាលជំនាញព្រហ្មទណ្ឌ កំពុងបន្តនីតិវិធី ៕