ភ្នំពេញ៖ ក្រុមមុខសញ្ញាដៃស្អិតធ្វើសកម្មភាពឆក់ទូរសព្ទ កាបូប និងទ្រព្យអ្នកដំណើរយ៉ាងសកម្មត្រូវកម្លាំងសមត្ថកិច្ចនាយកដ្ឋានព្រហ្មទណ្ឌ អគ្គស្នងការនគរបាលជាតិ បង្ក្រាប និងឃាត់ខ្លួនបានចំនួន ០៤នាក់ជាបន្តបន្ទាប់។
ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការណែនាំផ្ទាល់ពី នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អគ្គស្នងការរង ទទួលផែន ប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ និងចង្អុលបង្ហាញបញ្ជាដឹកនាំដោយឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។
ក្រោយទទួលបានបទបញ្ជាដ៏ម៉ឺងម៉ាត់ លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋានទទួលផែន បានដឹកនាំកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដែលមានលោកវរសេនីយ៍ឯក ញ៉ែម វ៉ន ជានាយការិយាល័យ ដោយមានការចូលរួមសហការពីលោកវរសេនីយ៍ទោ ប៊ុត សុីម៉េង ជានាយការិយាល័យ បានធ្វេីការស្រាវជ្រាវ និងបេីកការស៊េីបអង្កេតកំណត់មុខសញ្ញាតាមរយៈកាមេរ៉ាសុវត្ថិភាព នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ១២និង៥៥នាទី ត្រង់ចំណុចផ្លូវប៉េតុង ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ បានធ្វេីឃាត់ខ្លួនជនសង្ស័យម្នាក់ និងបន្តឃាត់ខ្លួនជនសង្ស័យបាន ចំនួន ០៣នាក់ទៀត វេលាម៉ោង ១៤និង០៥នាទី នៅចំណុចផ្លូវប៉េតុងធំ ក្នុងបុរីផុនស៊ុយ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។
ក្រុមជនសង្ស័យដៃស្អិតឆក់យ៉ាងសកម្មទាំង ០៤នាក់ រួមមាន៖ ទី១- ឈ្មោះ សាយ មេសា ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ (អ្នកបេីក)។ ទី២- ឈ្មោះ ពៅ សុខហេង ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ (ដៃដល់)។ ទី៣- ឈ្មោះ សាន សុងរ៉ាយុក ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ (បិទគូទ) និង ទី៤- ឈ្មោះ រ៉ុម ណារិ ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ (បិទគូទ) នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង០៩និង៤០នាទី បានធ្វេីសកម្មភាពឆក់ទូរសព្ទដៃពីនារីរងគ្រោះកំពុងជិះម៉ូតូស្តុបពីម្នាក់ឯងបានសំរេច នៅចំណុចផ្លូវវេងស្រេង ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ចំពោះសំភារះដកហូតរួមមាន៖ ម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1KN-2584 (របស់ជនសង្ស័យ), ម៉ូតូម៉ាក ស៊ុយស៊ូគីនិច ពណ៌ស ពាក់ស្លាកលេខ កំពង់ធំ1M-1078 (របស់ជនសង្ស័យ)។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលេីការិយាល័យ កំពុងកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ៕