2024-02-23 07:02
286

រយៈពេល១៤ថ្ងៃនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ របស់គណបក្សប្រជាជនកម្ពុជា បានដំណើរការទៅដោយរលូន គោរពតាមច្បាប់ បទបញ្ជា នីតិវិធីនិងក្រមសីលធម៌ របស់គណកម្មាធិការរៀបចំការបោះឆ្នោត ដោយបង្កើតបាននូវបរិយាកាស សាមគ្គីជិតស្និត មានការទទួលខុសត្រូវខ្ពស់ ហើយនឹងត្រូវបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោត នៅវេលាយប់ថ្ងៃទី២៣កុម្ភៈនេះ។នេះជាការលើកឡើងរបស់ឯកឧត្តម ឃួង ស្រេងសមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា,ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខណ្ឌព្រែកព្នៅ នាព្រឹកថ្ងៃទី២៣ កុម្ភៈ ខណៈ អញ្ជើញជាអធិបតីក្នុងពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ឆ្នាំ២០២៤ របស់គណបក្សប្រជាជនកម្ពុជា ដែលបានធ្វើឡើងនៅខណ្ឌព្រែកព្នៅ ហើយមានសមាជិក សមាជិការគណបក្សចូលរួម ប្រមាណជាង៥០០ ផងដែរ ។
     ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា៖ ការបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ឆ្នាំ២០២៤របស់គណបក្សប្រជាជនកម្ពុជានៅរាជធានីភ្នំពេញធ្វើឡើងបន្ទាប់ពីយើងបានជួបជុំគ្នាយ៉ាងអធិកអធម្ម បើកយុទ្ធនាការរួមគ្នាក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់សម្ដេចវិបុលសេនាភក្តីសាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជានិងជាប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះមូលដ្ឋានរាជធានីភ្នំពេញកាលពីថ្ងៃទី១០កុម្ភៈឆ្នាំ២០២៤កន្លងទៅ នៅមន្ទីរបក្សរាជធានីភ្នំពេញ។ យុទ្ធនាការឃោសនាបោះឆ្នោត នេះមានរយៈពេល១៤ថ្ងៃ ផ្អែកតាមប្រតិទិនដែលបានកំណត់ដោយគណៈកម្មការជាតិរៀបចំការបោះឆ្នោត(គជប) នឹងត្រូវបញ្ចប់នៅវេលាយប់ថ្ងៃទី២៣កុម្ភៈ។ 
  ឯកឧត្តមឃួង ស្រេង បានគូសបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សរបស់ប្រជាជន ដោយសារប្រជាជននិងដើម្បីប្រជាជនគ្រប់ការបោះឆ្នោតទាំងអស់ គណបក្សតែងដាក់ចេញនៅកម្មវិធីនយោបាយដ៏ត្រឹមត្រូវនិងស្របតាមសភាពការណ៍ជាក់ស្ដែងរបស់ប្រទេសជាតិ។ គណបក្សប្រជាជនកម្ពុជាបានជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ទាំងនៅទីក្រុង ទីប្រជុំជននិងជនបទ ប្រកបដោយចីរភាពសមធម៌ និងបរិយាប័ន  ខិតខំធានាស្ថេរភាពសេដ្ឋកិច្ចនិងជំរុញកំណើនសេដ្ឋកិច្ចខ្ពស់ទន្ទឹមនិងការពង្រឹងភាពធន់នៃសេដ្ឋកិច្ចនិងសង្គមដោយផ្អែកលើកបាវចនា កំណើនការងារ សមធម៌ ប្រសិទ្ធភាពនិងចីរភាព។ បន្តផ្ដល់អទិភាពនៃការវិនិយោគ សាធារណៈទាំងប្រាំគឺមនុស្ស ផ្លូវ ទឹក ភ្លើងនឹង           បច្ចេកវិទ្យា។ បន្តជំរុញការកែទម្រង់រដ្ឋស៊ីជម្រៅនិងទូលំទូលាយតាមអភិក្រម ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាលនិងវះកាត់។
   ឯកឧត្តមបន្តថាសម្រាប់អង្គមេទិញនាឱកាសនេះ ពិតជាមានអត្ថន័យយ៉ាងជ្រាលជ្រៅ ដែលបានបង្ហាញពីសាមគ្គីភាព ឯកភាពផ្ទៃក្នុងបក្សយ៉ាងរឹងមាំ រវាងសមាជិក សមាជិកាគណបក្សគ្រប់ថ្នាក់ គ្រប់ផ្នែកពិសេសអង្គបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជានៅរាជធានីភ្នំពេញទាំង៧៥៤រូប សំដៅប្រមូលផ្ដុំថាមពល កម្លាំងកាយចិត្តរួមគ្នាឈានឆ្ពោះទៅដណ្តើមយកជ័យជំនៈក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ឆ្នាំ២០២៤ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃអាទិត្យទី២៥កុម្ភៈឆ្នាំ២០២៤ខាងមុខនេះ។