2024-02-24 02:02
215

មណ្ឌលគិរី ៖ នៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី កាលពីរសៀលថ្ងៃទី២៣ ខែកុម្ភៈឆ្នាំ២០២៤ មានប្រារព្ធធ្វើពិធី អបអរទរទិវាជាតិសុខភាពមាតាព ទារក និងកុមារ ២១ កុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីសុខភាពស្ត្រី និងកុមារថ្នាក់ខេត្ត និងមានការចូលរួមពីសំណាក់លោក លោកស្រី សមាជិកគណៈកម្មាធិការសាខា មន្ទីរអង្គភាពជុំវិញខេត្ត យុវជន និងស្រ្តីមានផ្ទៃពោះ ស្ត្រីមានកូនតូចជាច្រើននាក់ ផងដែរ ។

 នៅក្នុងកាសនោះ ឯកឧត្តម ថង សាវុន បានមានប្រសាសន៍ផ្តោតសំខាន់ទៅលើយុវជន ដែលមិនទាន់គ្រប់អាយុរៀបការ ដោយឯកឧត្តមបានលើកឡើងថា"ការរៀបការនៅក្មេងពេក អាចធ្វើឲ្យមានផលប៉ះពាល់ខ្លាំងដល់មនុស្សស្រីវ័យជំទង់ នឹងមានការលំបាក ក្នុងការទទួលខុសត្រូវចំពោះការមើលថែទាំគ្រួសារ ហើយអាចនាំឱ្យមានអំពើហឹង្សាក្នុងគ្រួសារទៀតផង "។ ទន្ទឹមនឹងនោះឯកឧត្តម ក៏បានអំពាវនាវដល់មន្រ្តីជំនាញក៏ដូចជាប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តអប់រំផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងរបស់ស្រ្តីក្នុងការថែទាំសុខភាពមុនពេលរៀបការ ក៏ដូចជាក្នុងអំឡុងពេលមានផ្ទៃពោះ ពេលសម្រាល              ការបង្ការទប់ស្កាត់ជំងឺឆ្លងផ្សេងៗ តាមរយៈការរស់នៅឲ្យមានអនាម័យល្អជាដើម។ 

 ជាមួយគ្នានោះដែរយុវតីស្ថិតក្នុងវ័យបន្តពូជ ដែលមានបញ្ហាសុខភាពត្រូវទៅពិនិត្យពិគ្រោះយោបល់ នៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក ដែលមានគ្រូពេទ្យជំនាញច្បាស់លាស់ បន្ថែមពីនេះក៏សូមឲ្យបុគ្គលិកសុខាភិបាល និងអ្នកផ្តល់សេវា ត្រូវមានក្រមសីលធម៌ វិជ្ជាជីវៈ និងការទទួលខុសត្រូវ ដោយឡែកមន្រ្តីពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ត្រូវសហការគ្នា ក្នុងការចុះផ្សព្វផ្សាយ អប់រំពីសុខភាពនៅតាមសហគមន៍តំបន់ដាច់ស្រយាល ជាពិសេស ការទប់ស្កាត់ការរៀបការនៅវ័យក្មេងពេកផងដែរ ។

 នាឳកាសនោះដែរ ឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ក៏បានផ្តល់សម្ភារៈ និងថវិកាមួយចំនួន ជូនស្រ្តីមានផ្ទៃពោះ និងស្រ្តីមានកូនតូចអាយុក្រោម ២ឆ្នាំចំនួន ៤៥នាក់ ដែលបានចូលរួមនៅក្នុងពិធីខាងលើនេះផងដែរ ។