2024-02-27 01:02
344

រដ្ឋធានីបេរូត(Beirut)៖ អ៊ីស្រាអែល បានចាប់ផ្ដើមវាយប្រហារចូលជ្រៅជាលើកដំបូង នៅក្នុងប្រទេសលីបង់ ចាប់តាំងពីសង្គ្រាម បានផ្ទុះឡើង នៅតំបន់ហ្កាហ្សា ក្រោយថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ រហូតមក ហើយឥឡូវ ក្រុមប្រដាប់អាវុធហេសបូលឡាហ៍ (Hezbollah) បានអះអាង អំពីការវាយប្រហារនេះ បានសម្លាប់មនុស្សយ៉ាងតិច ២នាក់ នៅជិតទីបញ្ជការរបស់ខ្លួន ឈ្មោះ Baalbek (បាអាល់បែក) មានចម្ងាយ១០០គីឡូម៉ែត្រ ពីព្រំដែនជាប់ជាមួយនឹងអ៊ីស្រាអែល។
   សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃចន្ទ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ថា ក្រុមមន្រ្ដីសន្ដិសុខលីបង់ បានអះអាង ថា អ៊ីស្រាអែល កំពុងតែកំណត់គោលដៅជាលើកដំបូង នៅតំបន់ភាគខាងកើតរបស់ប្រទេសលីបង់ ចាប់តាំងពីសង្គ្រាម បានផ្ទុះឡើង នៅតំបន់ហ្កាហ្សា កាលពីខែតុលា ឆ្នាំ២០២៣ រហូតមក។ រីឯមនុស្សយ៉ាងតិច ចំនួន២នាក់ បានបាត់បង់ជីវិត កាលពីថ្ងៃចន្ទ (ទី២៦ ខែកុម្ភៈ) ក្រោយការវាយប្រហារដោយយន្ដហោះរបស់អ៊ីស្រាអែល នៅភូមិប៊ូដេ (Buday) ជិតបន្ទាយដ៏រឹងមាំរបស់ក្រុមប្រដាប់អាវុធហេសបូលឡាហ៍ គាំទ្រដោយអ៊ីរ៉ង់។ មូលដ្ឋានដ៏រឹងមាំរបស់ក្រុមនេះ មានចម្ងាយប្រហែល១០០គីឡូម៉ែត្រ ពីព្រំដែន រវាងប្រទេសអ៊ីស្រាអែល និង លីបង់។
   កងទ័ពអ៊ីស្រាអែល បានអះអាង ថា ការវាយប្រហារនេះ បានកំណត់គោលដៅទៅលើក្បួនរថយន្ដធុនធំរបស់ក្រុមភេរវករហេសបូលឡាហ៍ នៅក្នុងប្រទេសលីបង់។
មន្ត្រីហេសបូលឡាហ៍ បានប្រាប់ដល់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា ការវាយប្រហាររបស់អ៊ីស្រាអែល បានវាយប្រហារលើឃ្លាំងមួយ ដោយបានសម្លាប់មនុស្សយ៉ាងតិចពីរនាក់។ ឃ្លាំងនេះ ជាផ្នែកមួយ នៃគម្រោង Sajjad (សាចាដ) របស់ហេសបូល               ឡាហ៍ ដែលលក់ផលិតផលអាហារដល់ប្រជាជន នៅក្នុងបន្ទាយរបស់ខ្លួន ដោយមានតម្លៃទាបជាងទីផ្សារ។
  ក្រុមប្រដាប់អាវុធហេសបូលឡាហ៍ នៅក្នុងប្រទេសលីបង់ និង ក្រុមឧទ្ទាមហ៊ូទី នៅក្នុងប្រទេសយេមែន បានបង្កើនសកម្មភាពរបស់ពួកគេ គាំទ្រដល់ជនជាតិប៉ាឡេស្ទីន ហើយប្រឆាំងនឹងសង្គ្រាមរបស់អ៊ីស្រាអែល ខណៈសង្គ្រាម កំពុងតែផ្ទុះឡើង នៅតំបនហ្កាហ្សា៕