2024-03-12 05:03
206

(កំពត) ៖   នាថ្ងៃទី ១១ ខែ មិនា ឆ្នាំ២០២៤នេះលោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានបញ្ជាក់ឲ្យដឹងថានេះជាគម្រោងកែលម្អសោភ័ណភាពក្រុងកំពត ក៏ដូចជាសួនច្បារនៅមាត់ព្រែកកំពង់បាយមិនទាន់បានបញ្ចាប់ជាស្ថាពរក្តី ប៉ុន្តែបច្ចុប្បន្នមានប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិនិងភ្ញៀវទេសចរណ៍អន្តរជាតិជាច្រើនបាននាំគ្នាមកលេងលម្ហែ កម្សាន្ត និងបានសរសើរថាសួនមាត់ព្រែកកាន់តែស្អាត ធំទូលាយជាងមុន ការរៀបចំតុបតែងលម្អភ្លើងព័ណ៍ទាក់ទាញ ទេសភាពបរិយាកាសស្រស់ស្រាយ សក្តិសមជាក្រុងតារារៈទិសនិរតីរបស់កម្ពុជាដែលទទួលបានពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ានឆ្នាំ២០២៤។

និស្សិតរៀននៅសាលាអង្គរខេមរាខេត្តកំពត ឈ្មោះកញ្ញា វាសនា បានបង្ហាញការមើលឃើញរបស់ខ្លួនថា  បន្ទាប់ពីសួនច្បារដងព្រែកត្រូវបានកែលម្អស្ទើររួចរាល់ ពលរដ្ឋ និងភ្ញៀវទេសចរចូលចិត្តមកអង្គុយលំហែរ ស្រូបយកបរិយាកាស និងមើលថ្ងៃលិច ញាំកាហ្វេ និងចំណីអាហារជួបជុំគ្រួសារយ៉ាងរីករាយ  ខណៈដែលអ្នកខ្លះមកដើរហាត់ប្រាណ ជិះកង់ ជិះស្គី ជិះទូកទេសចរណ៍ ជិះម៉ូតូទឹកជាដើម ចំណែកកញ្ញានិងមិត្តភក្តិ ក៏ចូលចិត្តមកអង្គុយធ្វើកិច្ចសាលានៅទីនេះដែរ។ 

ចំណែកភ្ញៀវទេសចរមកពីខេត្តរតនគីរី បានលើកឡើងថា ខេត្តកំពតប្លែកពីមុនខ្លាំងណាស់  ទេសភាព អនាម័យបរិស្ថានស្អាត ហើយមានសណ្តាប់ធ្នាប់ល្អ ពិសេសនៅតាមសួនច្បារមាត់ព្រែកកំពង់បាយ ស្អាត ទូលាយ និងមានទេសចរមកអង្គុយលេង និងញាំអីអ៊ូអរជាងមុន។ 

មគ្គទ្ទេសក៍ទេសចរណ៍ និងជាអ្នកលក់សំបុត្រទូកទេសចរណ៍ណាហ្គា  លោក ប៊ុន ណា បានប្រាប់ឲ្យដឹងថា បន្ទាប់ពីសួនច្បារកែលម្អស្ទើររួចរាល់មក ក្រុងកំពតអ៊ូអរជាងមុន ពិសេសនៅតំបន់សួនច្បារមាត់ព្រែក។

លោកបានបន្តថា រយៈពេលចុងក្រោយនេះភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកំពតច្រើន ធ្វើឲ្យពលរដ្ឋក្នុងស្រុកទទួលបានប្រាក់ចំណូលគួរសមឡើងវិញ។
លោកបានថ្លែងអំណរគុណដល់ទេសចរដែលបានមកកម្សាន្តខេត្តកំពត ពិសេសថ្លែងអំណរគុណដល់ឯកឧត្តម ម៉ៅ ធនិនអភិបាលខេត្តកំពត ដែលបានខិតខំប្រឹងប្រែងអភិវឌ្ឍន៍ និងលើកកម្ពស់វិស័យទេសចរណ៍ឲ្យមានភាពទាក់ទាញភ្ញៀវទេសចរណ៍ជាមុន។

លោក សយ សុីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានបញ្ជាក់ថា នៅក្រោមការចង្អុលបង្ហាញ និងដឹកនាំផ្ទាល់របស់ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ក្នុងការកែលម្អសោភាពក្រុង ពិសេសតំបន់សួនច្បារមាត់ព្រែកកំពង់បាយ និងឆ្នេរដែលបាននិងកំពុងអនុវត្តបន្តនៅឡើយក្តី  សោភ័ណភាពក្រុង ពិសេសតំបន់សួនតាមមាត់ព្រែកស្អាតគួរឲ្យចង់អង្គុយកម្សាន្ត ភ្ញៀវមកច្រើន សកម្មភាពកីឡាលើកទឹកក៏ច្រើន  អ្នកលក់ដូរក៏ច្រើន ប៉ុន្តែរក្សាបាននូវអនាម័យបរិស្ថានល្អ គ្មានសំរាមរាយប៉ាយ។

លោកបានបញ្ជាក់ថាស្ថានភាពភ្ញៀវទេសចរល្អប្រសើរ ជាក់ស្តែងចំនួនទេសចរប្រចាំសប្តាហ៏ចាប់ពីថ្ងៃទី ០៤-១០ ខែមីនានេះ សរុបចំនួន ៣៦ ៧៣២នាក់ ក្នុងនោះទេសចរជាតិចំនួន ៣៣ ៨៥៤ នាក់ និង ទេសចរអន្តរជាតិ ២ ៦៧៨ នាក់។

លោកបានបន្ថែមថា ចំនួនភ្ញៀវបរទេសមានការកើនឡើងគួរឲ្យកត់សំគាល់ ខែមករា មានចំនួន ៨ពាន់នាក់ ខែកុម្ភៈ មាន១ម៉ឺន ២ពាន់នាក់ ហើយខែនេះ អាចនឹងបន្តកើនឡើងថែមទៀត។(សឹង រ៉ាត់)