2024-03-18 04:03
184

ខេត្តសៀមរាប៖ ប្រធានក្លឹបអ្នកកាសែតកម្ពុជា (ក.អ.ក) លោក ពុយ គា បានដឹកនាំដំណើរទស្សនកិច្ចសារព័ត៌មានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៥-១៧ ខែមីនា ឆ្នាំ២០២៤ ដោយមានអ្នកសារព័ត៌មានជាតិ-អន្តរជាតិ(កាសែតចិន, បារាំង, វៀតណាម)ចំនួន ៣២ស្ថាប័នដូចជា៖ ស្ថានីយទូរទស្សន៍ វិទ្យុ កាសែត សរុបចំនួន៤២នាក់ ដើម្បីផ្សព្វផ្សាយទ្រង់ទ្រាយធំ ពីសក្តានុពលទេសចរណ៍នៅខេត្តសៀមរាប។

នៅក្នុងដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃនេះដែរ លោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា (ក.អ.ក) បានដឹកនាំគណៈប្រតិភូសារព័ត៌មានទៅកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដើម្បីសិក្សាស្វែងយល់ពីកំណើនភ្ញៀវទេសចរណ៍ដែលធ្វើដំណើរចេញ-ចូលតាមច្រកព្រលានអន្តរជាតិសៀមរាប-អង្គរ និងបានបន្តដំណើរទៅកាន់ទីតាំងតំបន់ទេសចរណ៍ជាច្រើនកន្លែងផ្សេងៗទៀត ព្រមទាំងបានជួបសម្ភាសន៍ជាមួយវិនិយោគគិន តំណាងក្រុមហ៊ុន អាជីវករលក់ដូរ សហគមន៍ទេសចរណ៍ និងប្រជាពលរដ្ឋជាច្រើននាក់។

អ្វីដែលគួរឲ្យកត់សម្គាល់ក្នុងដំណើរទស្សនកិច្ចនេះ គឺក្រុមអ្នកសារព័ត៌មានបានសម្លឹងឃើញពីសក្តានុពលដ៏អស្ចារ្យបំផុតនៅខេត្តសៀមរាបដូចជា៖ ប្រាសាទអង្គរវត្ត និងប្រាសាទបុរាណជាច្រើនកន្លែង , រមណីយដ្ឋានទឹកធ្លាក់ភ្នំគូលែន ស្ថិតក្នុងស្រុកគូលែន, ឧទ្យានកម្សាន្ត អង្គរ វីលឡាយ អេន ស្គូរីស( Angkor Wildlife & Scqurius) មានទីតាំងស្ថិតនៅភូមិខ្ចាស់ ឃុំក្បូន ស្រុកសូទ្រនិគម , បារាយណ៍ទឹកថ្លា , សហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក ស្ថិតក្នុងស្រុកប្រាសាទបាគង , ដំណើរកម្សាន្តដោយ              រថយន្ត Jeep របស់ក្រុមហ៊ុន អេតវេនទួរេស ខេមបូឌៀ  (Adventures Cambodia.Com) និងក្រុមហ៊ុន ហ្សីប តួ ( Jeep Tour )ទៅកាន់ភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ដើម្បីទស្សនាការធ្វើស្ករត្នោត នំបញ្ចុក នំគ្រក់ នំត្នោត នំក្រឡាន នំផ្លែអាយ នំកូរ ការផលិតធូប ទៀន និងការធ្វើវត្ថុអនុស្សាវរីយ៍ ដែលជាប្រពៃណី និងទំនៀមទម្លាប់ របស់ប្រជាជនខ្មែរមានតាំងពីដូនតានាសម័យដើមមកម្ល៉េះ។

នៅក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម សុខ សូ         កេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានឲ្យដឹងថា ភ្ញៀវទេសចរជាតិ-អន្តរជាតិដែលមកចូលរួមកម្សាន្តក្នុងពិធីបុណ្យទន្លេលើកទី៨ នៅខេត្តសៀមរាប រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៥-១៧ ខែមីនា ឆ្នាំ២០២៤  មានជាងកន្លះលាននាក់។ ឯកឧត្តម រដ្ឋមន្រ្តីបានឲ្យដឹងបន្ថែមថា  ស្ថិតិអ្នកទេសចរដែលចូលរួមកម្សាន្តក្នុងពិធីបុណ្យទន្លេរលើកទី៨ នៅខេត្តសៀមរាប មានដូចខាងក្រោម៖– នៅថ្ងៃទី១ គឺថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ មានអ្នកទេសចរសរុបប្រមាណ ១៦០.២៧២ នាក់ ទេសចរជាតិប្រមាណ ១៥០.០០០ នាក់ ក្នុងនោះបងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ប្រមាណ ៦៥.០០០ នាក់ និងទេសចរបរទេស ប្រមាណ ១១.២៧២ នាក់។– ថ្ងៃទី២ គឺថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ ទេសចរសរុបប្រមាណ ២៩៦.២៧៩ នាក់ ក្នុងនោះ ទេសចរជាតិ ប្រមាណ ២៨៥.០០០ នាក់ ក្នុងនោះបងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ប្រមាណ ១៥៨.០០០ នាក់  ទេសចរបរទេស ប្រមាណ ១១.២៥៥ នាក់។– ថ្ងៃទី៣ គឺថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ ទេសចរសរុបប្រមាណ ៩៦.២៤៣ នាក់ ទេសចរជាតិ ប្រមាណ ៨៥.០០០ នាក់ ក្នុងនោះបងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ប្រមាណ ៥៨.០០០ នាក់ និងទេសចរបរទេស ប្រមាណ ១១.២៤៣ នាក់។

ឯកឧត្តម រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏បានបង្ហាញនូវការជឿជាក់ថា នៅឆ្នាំ២០២៤ វិស័យទេសចរណ៍នៅកម្ពុជានឹងមានការកើនឡើងវិញដូច ឬលើសកាលពីឆ្នាំ២០១៩ គ្រាដែលមិនទាន់មានការរីករាលដាលជំងឺ Covid-19 តាមរយៈគម្រោងជាច្រើន ដែលរដ្ឋាភិបាល ក៏ដូចជាក្រសួងទេសចរណ៍ បានត្រៀមនឹងធ្វើនៅឆ្នាំ២០២៤នេះ។

លោក ពុយ គា ប្រធានក្លឹបអ្នកកាសែត (ក.អ.ក) ថ្លែងថា បេសកកម្មនេះមិនត្រឹមតែជាយុទ្ធនាការក្នុងការផ្សព្វផ្សាយដ៏ទូលាយមិនធ្លាប់មានពីមុនលើវិស័យទេសចរណ៍ ប៉ុន្តែអ្វីដែលទទួលបានសក្តានុពលទេសចរណ៍ប្លែកៗ និងថ្មីៗនៅលើទឹកដីខេត្តសៀមរាប ដែលត្រូវបានរំលេចនៅលើទំព័រសារព័ត៌មានជាតិ-អន្តរជាតិរាប់សិបស្ថាប័ន ជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយ ពីសក្តានុពលទេសចរណ៍ ដើម្បីបង្ហាញពិភពលោកឲ្យបានដឹង បានស្គាល់ ស្រូបយកភ្ញៀវទេសចរណ៍ឲ្យកាន់តែច្រើនបន្ថែមទៀត។

លោក ពុយ គា ក៏មិនភ្លេចថ្លែងអំណគុណទៅដល់ ក្រសួងទេសចរណ៍ , រដ្ធបាលខេត្តសៀមរាប , អាជ្ញាធរជាតិអប្សរា ,កាតា គីងកុង អង្គរ ( CATA , Kingkom Angkor ), សណ្ឋាគារ  ខាមបូឌា រេស៊ីដង់ (Cambana Resident ), សណ្ឋាគារប៉ាស៊ីហ្វិក , សណ្ឋាគារសោម៉ាទេវីអង្គរ , សណ្ឋាគារអមតៈ , ធនាគារ អេស ប៊ី អាយ លី ហួរ , ខេម   បូឌា  អង្គរអ៊ែរ  Cambodia Angkor Air , សមាគមសហគ្រិនវ័យក្មេងកម្ពុជា , មជ្ឈមណ្ឌលព័ត៌មាន ហ្រ្វេសញូស (Fresh News ), វៀត (VET )ក្រុមហ៊ុនរថយន្តវីរៈប៊ុនថាំ , អង្គរ វីលឡាយ  អេន អេខ្វារីម (Angkor Wildlife & Aquarruim ),អង្គរអាយ  (Angkor Eye) , ខេមបូឌា ហ្សីប (Cambodia Jeep ,)  ក្រុមហ៊ុន ក្រូម៉ា ធួ (Krorma Tours) និង មេម៉ូរី ផាឡេស រីសតអេន ស៉្បា ( Memorie Palace Resort and Spa) ដែលបានគាំទ្រដល់ដំណើរទស្សនកិច្ចសារព័ត៌មាន ដឹកនាំដោយក្លឹបអ្នកកាសែតកម្ពុជា (ក.អ.ក) ហើយលោករំពឹងថា បេសកកម្មនេះអាចបន្តទៅគ្រប់ខេត្ត ឬគោលដៅទេសចរណ៍របស់ព្រះរាជាណាចក្រ បើមានការគាំទ្រពីរាជរដ្ឋាភិបាល អាជ្ញាធរ ក្រសួងពាក់ព័ន្ធ និងវិស័យឯកជន៕