2024-03-21 07:03
326

កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានណែនាំដល់មន្ត្រីពាក់ ព័ន្ធ ឱ្យរៀបចំផែនការយុទ្ធនាការជិះកង់ទ្រទ្រង់មូលនិធិគន្ធបុប្ផាខេត្តកំពង់ចាម ចាប់ពីថ្ងៃទី១ ដល់ថ្ងៃ ទី៧ ខែមេសា ឆ្នាំ២០២៤ ពោលគឺក្នុងមួយសប្តាហ៍ត្រូវដើរឱ្យបានគ្រប់ស្រុក គ្រប់ផ្សារ គ្រប់ទីប្រជុំជន ដើម្បីធ្វើសកម្មភាពគៀងគរថវិកា សម្រាប់ជួយដល់មន្ទីរពេទ្យគន្ធបុប្ផាឱ្យបានផុលផុស។ឯកឧត្តមអភិបាលខេត្តកំពង់ចាមបានថ្លែងបែបនេះនៅក្នុងកិច្ចប្រជុំចាត់តាំងសកម្មភាពគៀងគរថវិកាសម្រាប់ទ្រទ្រង់មូលនិធិគន្ធបុប្ផា និងការងារសន្តិសុខ សម្រាប់ពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ។
   នៅក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងថា ដើម្បីទ្រទ្រង់មូលនិធិគន្ធបុប្ផា យើងត្រូវរៀបចំផែនការជិះកង់គូកចេញទៅតាមគោលដៅ ក្រុង ស្រុកទាំង១០ ដែល មានសមាសភាពចំនួន៤០០នាក់ ហើយចំណុចដែលត្រូវចាប់ផ្តើមមុនគេ គឺនៅមុខសាលាខេត្តកំពង់ ចាម នាថ្ងៃទី១ ខែមេសា ឆាប់ៗខាងមុខនេះ ក្នុងគោលបំណងទទួលថវិកាពីសប្បុរសជន សម្រាប់ ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ព្រោះមន្ទីរពេទ្យគន្ធបុប្ផា ជាមន្ទីរពេទ្យសប្បុរសជន ដែលបានជួយសង្គ្រោះអាយុជីវិតកុមារកម្ពុជា និងស្ត្រីមានផ្ទៃពោះរាប់ម៉ឺននាក់ ក្នុងមួយឆ្នាំៗ ដោយកុមារ ទាំងនោះ ជាទំពាំងស្នងឬស្សី ដ៏មានសក្តានុពល សម្រាប់ការអភិវឌ្ឍ ប្រទេសជាតិយើង ។
   ឯកឧត្តមអភិបាលខេត្ត បានថ្លែងថា នាឱកាសអបអរសាទរ ពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ឆ្នាំថោះ បញ្ចស័ក ពស ២៥៦៧ នឹងឈានចូលមកដល់ នាពេលឆាប់ៗខាងមុខនេះ រដ្ឋបាលខេត្ត គ្រោងនឹងរៀបចំព្រឹត្តិការណ៍សប្បាយរីករាយ ជូនដល់ប្រជាពលរដ្ឋ មកលេងកំសាន្ត ដោយមាន ការរៀបចំលេងល្បែងប្រជាប្រិយនៅតាមកន្លែងកំសាន្ត តាមរមណីយដ្ឋាននានា ឬទីតាំង ដែល បានរៀបចំ ជៀសវាង និងទប់ស្កាត់ឱ្យបាននូវល្បែងណាដែលប្រាសចាកពីប្រពៃណីជាតិ ដូចជា ល្បែងស៊ីសង ជះទឹក លាបធ្យូង និងគ្រឿងផ្ទុះផ្សេងៗជាដើម ។
   ជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានស្នើទៅដល់រដ្ឋបាលក្រុង ស្រុក មន្ទីរ អង្គភាព គ្រឹះស្ថាន វិស័យឯកជនត្រូវតុបតែងភ្លើងលម្អ និងរៀបចំពាក្យស្លោកនានា នៅកន្លែងរបស់ខ្លួន ដើម្បីទទួលអំណរ សាទរទេវតាឆ្នាំថ្មី ។ ក្រៅពីនោះ អាជ្ញាធរ មានសមត្ថកិច្ច ក៏ត្រូវលើកផែនការ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ដើម្បីថែរក្សាសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋយើង មកលេងកម្សាន្ត ផងដែរ ៕