
កណ្តាល ៖ នាព្រឹកថ្ងៃសុក្រ ១៣ កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ លោក ខុន សេរីរដ្ឋា អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកអង្គស្នួល នៅសាលប្រជុំថ្មី សាលាស្រុកអង្គស្នួល។
កិច្ចប្រជុំនេះដែរ ដើម្បីពង្រឹងការរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសាធារណៈ ការបង្ការទប់ស្កាត់ និងការបង្រ្កាបបទល្មើសនានា ដែលមានការពាក់ព័ន្ធក្នុងភូមិសាស្រ្ត។
សម្រាប់កិច្ចប្រជុំថ្ងៃនេះ គណៈបញ្ជាការឯកភាព រដ្ឋបាលស្រុកអង្គស្នួល ផ្តោតសំខាន់ទៅលើការពង្រឹងការរក្សាការពារសន្តិសុខ និងសុវត្ថិភាព ជូនបងបប្អូនកម្មករកម្មការិនី ត្រួតពិនិត្យលើ បច្ចេកទេស និងវិធីសាស្រ្តទប់ស្កាត់ករណីអគ្គីភ័យឆាបឆេះ នៅតាមរោងចក្រ សហគ្រាស នៅទូទាំងស្រុកអង្គស្នួល។
កិច្ចប្រជុំនេះដែរមានការអញ្ជើញចូលរួមដោយ គណៈអភិបាលស្រុក នាយក នាយករងរដ្ឋបាលស្រុក មេបញ្ជាការកងកម្លាំងទាំងបី ប្រធាន អនុប្រធានការិយាល័យចំណុះជុំវិញសាលាស្រុក និងរដ្ឋបាលរោងចក្រ សហគ្រាសនៅទូទាំងស្រុក សរុបអ្នកចូលរួម ១១៩រូប៕


