2024-03-25 03:03
69

រដ្ឋធានីក្រុងព្យុងយ៉ាង៖ ស្រ្ដីដ៏មានឥទ្ធិពលបំផុត ដែលជាប្អូនស្រ្ដីរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន កាលពីថ្ងៃចន្ទ ទី២៥ ខែមីនា ឆ្នាំ២០២៤ បានអះអាង ថា នាយករដ្ឋមន្រ្ដីជប៉ុន លោក ហ៊្វូមីអូ គីស៊ីដា (Fumio Kishida) បានស្នើសុំឲ្យមានជំនួបកំពូល ជាមួយនឹងមេដឹកនាំកូរ៉េខាងជើង ហើយជំនួបនេះទំនងជាមិនមានការផ្លាស់ប្ដូរគោលនយោបាយរបស់ក្រុងតូក្យូនោះឡើយ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានរបស់បារាំង AFP បានចេញផ្សាយ។

ទំនាក់ទំនង រវាងប្រទេសកូរ៉េខាងជើង និង ជប៉ុន មានភាពតានតឹងជាប្រវត្តិសាស្ត្រ រួមទាំងជម្លោះ ពាក់ព័ន្ធនឹងការចាប់ពង្រត់ដ៏យូរអង្វែង និង កម្មវិធីអាវុធហាមឃាត់របស់កូរ៉េខាងជើង។ ប៉ុន្តែកាលពីពេលថ្មីៗនេះ នាយករដ្ឋមន្រ្ដីជប៉ុន លោក គីស៊ីដា បានបង្ហាញអំពីគោលបំណងចង់ធ្វើឱ្យប្រសើរឡើងវិញនូវទំនាក់ទំនង រវាងប្រទេសទាំង២ ខណៈក្រុងព្យុងយ៉ាង បានណែនាំ ថា កូរ៉េខាងជើង នឹងមិនប្រឆាំងនោះឡើយ។

កាលពីឆ្នាំ២០២៣ នាយករដ្ឋមន្រ្ដី លោក គីស៊ីដា បានបញ្ជាក់ ថា គាត់សុខចិត្តជួបលោក គីម ជុងអ៊ុន ដោយគ្មានលក្ខខណ្ឌណាមួយ ព្រោះរដ្ឋាភិបាលក្រុងតូក្យូ មានឆន្ទៈ នៅក្នុងការដោះស្រាយបញ្ហាទាំងអស់ រួមទាំងការចាប់ពង្រត់ជនជាតិជប៉ុន ដោយភ្នាក់ងារកូរ៉េខាងជើង នៅក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៧០ និង ១៩៨០។ សកម្មភាពបែបនេះនៅតែជាបញ្ហារំជួលចិត្ត នៅក្នុងប្រទេសជប៉ុន ដដែល៕