2024-03-27 04:03
51

រដ្ឋធានីហាណូយ៖ ក្រសួងសន្តិសុខសាធារណៈ និង បណ្ដាទីភ្នាក់ងារអនុវត្តច្បាប់ក្នុងតំបន់ កំពុងតែស៊ើបអង្កេត លើករណីដ៏ល្បីមួយ ដែលលោកស្រី ចៅហ្វាយស្រុកងួនត្រាច់ (Nhon Trach) ខេត្តដុងណៃ (Dong Nai) បានបាត់ប្រាក់ជិត៦,៨លានដុល្លារ នៅក្នុងគណនីធនាគាររបស់លោកស្រី។ នេះបើតាមសារព័ត៌មានរបស់វៀតណាម The Saigon Times បានចេញផ្សាយ កាលពីថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០២៤។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅទីក្រុងហាណូយ កាលពីថ្ងៃទី២៦ ខែមីនា លោកឧត្តមសេនីយ៍ តូ ចាវ ឡាញ់ (To Cao Lanh) អនុប្រធាននាយកដ្ឋានប៉ូលិសព្រហ្មទណ្ឌ នៃក្រសួងសន្ដិសុខសាធារណៈវៀតណាម បានបញ្ជាក់ ថា ដំណើរការតាមផ្លូវច្បាប់ កំពុងតែចាប់ផ្តើមស៊ើបអង្កេត ប្រឆាំងនឹងករណីនេះ។

ស្របគ្នានេះ លោកឧត្ដមសេនីយ៍ ឡេ មិញ ម៉ាញ ( Le Minh Manh) អនុប្រធានសន្តិសុខប្រព័ន្ធអ៊ិនធើរណេត និង ទប់ស្កាត់ឧក្រិដ្ឋកម្មបច្ចេកវិទ្យាខ្ពស់ នៃក្រសួងសន្ដិសុខសាធារណៈវៀតណាម បានបញ្ជាក់ ថា បើទោះជាករណីក្លែងបន្លំតាមបណ្ដាញអ៊ិនធើរណេត មិនមែនជារឿងចម្លែកយ៉ាងណាក្ដី ប៉ុន្ដែករណីនេះ ក្លាយជារឿងដ៏ស្មុគស្មាញ កាន់តែខ្លាំងឡើងបន្ថែមទៀត។

កន្លងពីពេលមកនេះ បណ្ដាទីភ្នាក់ងារអនុវត្តច្បាប់ តែងតែផ្តោត ជាចម្បងទៅលើការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម តាមប្រព័ន្ធផ្សព្វផ្សាយសង្គម។ បើទោះជាយ៉ាងណាក៏ដោយ បញ្ហាថ្មីនេះសម្រាប់សកម្មភាពក្លែងបន្លំនេះ ក៏បានផ្ទុះឡើង ផងដែរ។

សេចក្តីរាយការណ៍ព័ត៌មានក្នុងស្រុក បានអះអាង ថា ក្រុមឧក្រិដ្ឋជន ដែលមានបច្ចេកវិទ្យាខ្ពស់ បានទាក់ទង និង បញ្ចុះបញ្ចូលលោកស្រី ង្វៀន ធី ជាងហ៊ួង (Nguyen Thi Giang Huong) ប្រធានគណៈកម្មាធិការប្រជាជនស្រុកងួនត្រាច់ ឱ្យបើកគណនីធនាគារ ហើយលោកស្រី ត្រូវបានគេរាយការណ៍ ថា លោកស្រី បានកៀរគរប្រាក់ពីសាច់ញាតិ និង មិត្តភក្តិ យកមកដាក់ នៅក្នុងគណនីនេះ។ បន្ទាប់មក ក្រុមជនពាលទាំងនោះ បានប្រើវិធីក្លែងបន្លំ ដើម្បីដកប្រាក់ រហូតដល់១៧០ពាន់លានដុង (លុយវៀតណាម) ឬស្មើនឹងប្រហាក់ប្រហែលជាង៧លានដុល្លារអាមេរិក៕