2024-03-28 11:03
48

រដ្ឋធានីប៊ែរឡាំង៖ ស្របពេលអាល្លឺម៉ង់ កំពុងតែក្លាយជាប្រទេសមហាសេដ្ឋកិច្ចលំដាប់លេខ៣ នៅលើពិភពលោក និង លេខ១ នៅតំបន់អឺរ៉ុបនោះ ប្រទេសលោកខាងលិចមួយនេះ ក៏កំពុងតែផ្លាស់ប្ដូរមុខមាត់ឡើងវិញ នៅក្នុងយុគសម័យមហាយក្សអាស៊ី និង មហាអំណាចកំពូលរបស់បស្ចិមលោក កំពុងតែប្រជែងគ្នា។

ក្រោមការដឹកនាំរបស់លោកអធិការបតី អូឡាហ្វ សូលហ្ស៍ (Olaf Scholz) នោះ ប្រទេសអាល្លឺម៉ង បានផ្លាស់ប្តូរកាន់តែខ្លាំង តាមរយៈពាណិជ្ជកម្ម ដើម្បីដើរតួនាទី កាន់តែសកម្មបន្ថែមទៀត នៅក្នុងកិច្ចការរបស់ពិភពលោក។ ស្របគ្នានេះ បណ្ដាប្រទេសមួយចំនួន ដែលមានតួនាទីសំខាន់ជាងអាល្លឺម៉ង់ កំពុងតែជំរុញឱ្យមានសណ្តាប់ធ្នាប់ពិភពលោក ប្រកបដោយការស្ថាបនា និង សហការគ្នា ប្រឆាំងនឹងការប្រជែងគ្នាកាន់តែខ្លាំង រវាងសហរដ្ឋអាមេរិក និង មហាយក្សចិន។ នេះបើតាម South China Morning Post បានចេញផ្សាយ កាលពីថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០២៤។

លោក អូឡាហ្វ សូលហ្ស៍ (Olaf Scholz) អធិការបតីអាល្លឺម៉ង់  បានបញ្ជាក់ អំពីគោលជំហររបស់ក្រុងប៊ែរឡាំង ចំពោះជម្លោះដែនសមុទ្រចិនខាងត្បូង ខណៈកំពុងតែឈរនៅជាប់ជាមួយនឹងប្រធានាធិបតីហ្វីលីពីន លោក ហ្វ័រឌីណង់ដ៍ ម៉ាកូស (Ferdinand Marcos Jnr.) ថា «យើងចង់អ្វីៗគ្រប់យើង តាមតែយើងអាចធ្វើបាន ដើម្បីជួយសម្របសម្រួលដោយសន្ដិវិធី ដើម្បីបន្ធូរបន្ថយនូវភាពតានតឹងនេះ»។

លោកអធិការបតីអាល្លឺម៉ង់ បានសង្កត់ធ្ងន់ ទៅលើការមិនបង្កើនជម្លោះ និង ការប្រកាន់ខ្ជាប់នូវក្រមសីលធម៌ចរចា សម្រាប់សមុទ្រចិនខាងត្បូង ថា «នេះជាការប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិ ដោយធានានូវសេរីភាព នៃការធ្វើនាវាចរណ៍។ យើងកំពុងតែធានា ថា អនុសញ្ញារបស់អង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ កំពុងតែត្រូវបានប្រកាន់ខ្ជាប់ ដោយភាគីទាំងអស់»។

នៅក្នុងអំឡុងទស្សនកិច្ចផ្លូវរដ្ឋ ទៅកាន់រដ្ឋធានីប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ នោះ លោកប្រធានាធិបតី ម៉ាកូស បានបញ្ជាក់យ៉ាងច្បាស់ ថា គាត់គ្មានជម្រើសនោះទេ ប៉ុន្ដែគាត់ត្រូវតែការពារនូវសិទ្ធិអធិបតេយ្យភាព នៃប្រទេសរបស់គាត់ នៅក្នុងសមុទ្រចិនខាងត្បូង។ គាត់នឹងមិនទាត់ចោលនូវសំណើណាមួយ ដែលប្រទេសចិន បានលើកឡើង តាមរយៈការទូតនោះឡើយ។

ប្រទេសចិន និង ហ្វីលីពីន បានចាប់ផ្ដើមមានជម្លោះជាមួយកាន់តែញឹកញាប់ នៅលើដែនទឹកមានជម្លោះ នៅសមុទ្រចិនខាងត្បូង។ ក្រុងប៉េកាំង តែងតែអះអាង អំពីដែនអធិបតេយ្យភាពរបស់ចិន ស្ទើរតែទាំងស្រុង នៅលើដែនសមុទ្រចិនខាងត្បូង ដែលមានទំហំ៣,៥លានគីឡូម៉ែត្រការ៉េនេះ។ ការអះអាងរបស់ចិន បានបង្កឲ្យមានជម្លោះជាមួយនឹងប្រទេសជិតខាងជាងច្រើន រួមមាន វៀតណាម ហ្វីលីពីន ប៊្រុយណេ ម៉ាឡេស៊ី និង តៃវ៉ាន់។ ស្របគ្នានេះ សហរដ្ឋអាមេរិក និង សម្ពន្ធមិត្ត តែងតែបញ្ជូននាវាចម្បាំងជាច្រើនគ្រឿងរបស់ពួកគេ ឆ្លងកាត់ដែនទឹកដ៏សំខាន់មួយនេះ ក្រោមការហេតុផល ការពារសេរីភាពចំហលើផ្លូវនាវាចរណ៍៕