2024-03-28 03:03
37

(កែប) កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ នេះ ឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត និងជា ប្រធានគណៈកម្មាធិការបោះឆ្នោតជ្រើសរើសប្រធាន អនុប្រធានការិយាល័យ ប្រជាពលរដ្ឋខេត្តកែប បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំដំបូងរបស់ គណៈកម្មាធិការបោះឆ្នោតជ្រើសរើសប្រធាន អនុប្រធាន ការិយាល័យប្រជាពលរដ្ឋ រដ្ឋបាលខេត្តកែប ដើម្បីផ្សព្វផ្សាយ សមាសភាព តួនាទីភារកិច្ច និងរបៀបរបបការងារ របស់គណៈកម្មាធិការបោះឆ្នោត។

គូសបញ្ជាក់ថា បន្ទាប់ពីធ្វើការបោះឆ្នោតជ្រើសតំណាងអង្គការសង្គមស៊ីវិលចំនួនបី សម្រាប់បញ្ចូលជាសមាជិកគណៈកម្មាធិការបោះឆ្នោតជ្រើសរេីសប្រធាន អនុប្រធានការិយាល័យ ប្រជាពលរដ្ឋខេត្តកែប កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤កន្លងទៅ រដ្ឋបាលខេត្តកែប បានចេញ សេចក្តីសម្រេច លេខ ០១២/២៤ ស.ស.រ ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ ស្តីពី ការបង្កើតគណៈកម្មាធិការបោះឆ្នោតជ្រើសរើសប្រធាន អនុប្រធាន ការិយាល័យប្រជាពលរដ្ឋ រដ្ឋបាលខេត្តកែប ដែលមានសមាសភាព ២៣ រូប ក្នុងនោះ មាន ឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត ជាប្រធាន សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត ប្រធានក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់នៃខេត្តកែប តំណាងសភាពាណិជ្ជកម្មមណ្ឌលកំពត-កែប តំណាងអង្គការសង្គមស៊ីវិល ជាសមាជិក និងការិយាល័យលេខាធិការក្រុមប្រឹក្សាខេត្ត ជាលេខាធិការ។

ឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្តបានមានប្រសាសន៍ក្នុងកិច្ចប្រជុំនេះថា ការបង្កើតគណៈកម្មាធិការ បោះឆ្នោតជ្រើសរើស ប្រធាន អនុប្រធានការិយាល័យ ប្រជាពលរដ្ឋ គឺជាការអនុវត្តនូវស្មារតី អនុក្រឹត្តលេខ១៩ ក៏ដូចជា សេចក្តីជូនដំណឹងលេខ ០២៤ របស់ក្រសួងមហាផ្ទៃ ជុំវិញបែបបទ និងនីតិវិធី ក្នុងការបោះឆ្នោតជ្រើសរើសប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋ សម្រាប់ អាណត្តិថ្មី បន្ទាប់ពីប្រធាន អនុប្រធានការិយាល័ប្រជាពលរដ្ឋ បញ្ចប់អាណត្តិចាស់ ។

ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្តបញ្ចាក់ថា នៅមានកិច្ចការចំពោះមុខជាច្រើនទៀត ដែលសមាជិក គណៈកម្មាធិការទាំងអស់ ត្រូវសាមគ្គីសហការគ្នាអនុវត្តទៅតាមជំហាន នីមួយៗ អោយស្របតាមនីតិវិធី គោលការណ៍ និងឯកសារគតិយុត្តិដែលបានកំណត់។

ឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្តកែប ក៍បានបន្ថែមទៀតថា សមាសភាព នៅក្នុងគណៈកម្មាធិការបោះឆ្នោតជ្រើសរើស ប្រធាន អនុប្រធានការិយាល័យ ទាំង២៣រូបនេះ គឺមានគ្រប់តាមការណែនាំ គឺសមាភាពចេញពីក្រុមប្រឹក្សាខេត្ត សមាគមក្រុមបឹក្សាក្រុងស្រុកឃុំសង្កាត់ អង្គការសង្គមស៊ីវិល និងចេញពីសភាពាណិជ្ជកម្ម ផងដែរ។

ទោះជាយ៉ាងណាឯកឧត្តមបានស្នើ គ្រប់សមាសភាពទាំងអស់ បន្តយកចិត្តទុកដាក់ អនុវត្ត នូវតួនាទីភារកិច្ច ក៏ដូចជារបៀបរបបការងារ ដូចដែលមានចែង ក្នុងស្មារតីសេចក្តីសម្រេចលេខ០១២/២៤ ស.ស.រ របស់រដ្ឋបាលខេត្ត និងចូលរួមផ្សព្វផ្សាយ អោយបានទូលំទូលាយ ដល់សាធារណជន ចាប់ពីថ្ងៃ២៨ ខែមីនា រហូតដល់ថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២៤ នូវសេចក្តីជូនដំណឹង ស្តីពី ការជ្រើសរើសប្រធាន អនុប្រធានការិយាល័យ ប្រជាពលរដ្ឋខេត្តកែប ដើម្បីអោយដំណើរការបោះឆ្នោតនេះទទួលបានជោគជ័យ ក្នុងការជ្រើសរើស ប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋ ដែលមានសមត្ថភាព បទពិសោធ និងឆន្ទៈ គ្រប់គ្រាន់ ក្នុងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋកាន់តែឱ្យមានប្រសិទ្ធភាពថែមទៀត។(សឹង រ៉ាត់)