2024-03-29 01:03
39

ពោធិ៍សាត់៖ ក្រុមគ្រូពេទ្យជំនាញឯកទេសស្ម័គ្រចិត្តមកពីមជ្ឈមណ្ឌលភ្នែក B & VIIT នៃសាធារណៈរដ្ឋកូរ៉េមួយក្រុម ដែលដឹកនាំដោយលោកវេជ្ជបណ្ឌិត LEE IN SIK នាយកប្រតិបត្តិមន្ទីរពេទ្យ GarngNam Eye ប្រទេសកូរ៉េ បានចុះមកពិនិត្យ ព្យាបាល និងវះកាត់ជំងឺភ្នែកដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្នុងខេត្តពោធិ៍សាត់។ 

លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងបុគ្គលិកសុខាភិបាល ព្រមទាំងមន្ត្រីរាជកា បានការទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះក្រុមគ្រួពេទយ្យមកពីប្រទេសកូរ៉េនេះ។ សម្រាប់ការព្យាបាលមានរយៈពេល ០៣ថ្ងៃ គិតចាប់ពីថ្ងៃទី២៥ រហូតដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ស្ថិតក្នុងភូមិសំពៅមាស សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមជ្ឈមណ្ឌលភ្នែក B & VIIT នៃសាធារណៈរដ្ឋកូរ៉េ ដែលចុះមកនាពេលនេះ គឺធ្វើឡើងបន្ទាប់ពីមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តពោធិ៍សាត់ បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា (MOU) រវាងមជ្ឈមណ្ឌលភ្នែក B & VIIT និងសហគមន៍ដាអ៊ីល សម្រាប់គម្រោងកិច្ចសហប្រតិបត្តិការ ភាពជាដៃគូរគ្រប់ជ្រុងជ្រោយ ដោយទទួលបានប្រយោជន៍ និងជោគជ័យដល់គ្នាទៅវិញទៅមក ក្នុងកិច្ចសហការជម្រុញការរីកចម្រើនជឿនលឿន នៃការថែទាំផ្នែកវេជ្ជសាស្ត្រ រវាងមន្ទីរពេទ្យនៃប្រទេសទាំងពីរ។

ដំណើរចុះត្រួតពិនិត្យ ការព្យាបាល និងវះកាត់ជំងឺភ្នែក របស់ក្រុមគ្រូពេទ្យឯកទេសស្ម័គ្រចិត្ត មកពីមជ្ឈមណ្ឌលភ្នែក B&VIIT នៃសាធារណៈរដ្ឋកូរ៉េ រយះពេល០៣ថ្ងៃដែលជាថ្ងៃបញ្ចប់នេះ នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤នេះលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានបង្ហាញការចាប់អារម្មណ៍សប្បាយរីករាយ និងគាំទ្រយ៉ាងពេញទំហឹង ជូនចំពោះក្រុមគ្រូពេទ្យកូរ៉េទាំងអស់ ដែលបានចំណាយពេលវេលា និងថវិកា សម្រាប់កិច្ចការងារមនុស្សធម៌ នៅលើទឹកដីខេត្តពោធិ៍សាត់ ពិសេសផ្តល់ជូនគ្រឿងវេជ្ជសាស្ត្រទំនើបៗដល់មន្ទីរពេទ្យបង្អែកខេត្ត ដើម្បីឱ្យក្រុមគ្រូពេទ្យរបស់យើង មានឱកាសបន្តព្យាបាលដល់បងប្អូនពុកម៉ែប្រជាពលរដ្ឋ ដែលងងឹតភ្នែក មើលមិនឃើញវិញ។ ក្នុងនាមអាជ្ញាធរដែនដី និងជួសមុខឱ្យប្រជាពលរដ្ឋក្នុងខេត្តទាំងអស់ លោកសូមថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យកូរ៉េ ដែលបានបង្កលក្ខណៈ ឱ្យប្រជាជនយើងខ្ញុំបានមើលឃើញ និងសូមឱ្យម្ចាស់ទឹកម្ចាស់ដី ពិសេសទេវតាឆ្នាំថ្មី តាមជួយបីបាច់ថែរក្សា ក្រុមគ្រូពេទ្យទាំងអស់ ឱ្យទទួលបានជោគជ័យ ក្នុងបេសកកម្មមនុស្សធម៌ដ៏ឧតុងឧត្តមនេះ។

លោកវេជ្ជ. LEE IN SIK នាយកប្រតិបត្តិមន្ទីរពេទ្យ GarngNam Eye ប្រទេសកូរ៉េ បានឱ្យដឹងថា ការពិនិត្យ ព្យាបាល និងវះកាត់ជំងឺភ្នែក នាឱកាសនេះ គឺមានរយៈពេល៣ថ្ងៃពេញ ពោលគឺចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤នេះ ដោយជ្រើសយកតែអ្នកជំងឺ ដែលមានសភាពធ្ងន់ធ្ងរ ហើយមើលមិនឃើញ ដើម្បីធ្វើការវះកាត់ និងព្យាបាល ដោយឆ្លងកាត់ម៉ាស៊ីនវះកាត់ដ៏ទំនើបបំផុត មកពីប្រទេសកូរ៉េ។ ជាការពិតណាស់ មជ្ឈមណ្ឌលភ្នែក B&VIIT, សហគមន៍ដាអ៊ីល និងមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តពោធិ៍សាត់ គឺធ្លាប់បានចុះអនុស្សរណៈនៃការយោគយល់គ្នារួចមកហើយ សម្រាប់គម្រោងកិច្ចសហប្រតិបត្តិការ ភាពជាដៃគូរ ដើម្បីទទួលបានប្រយោជន៍ និងជោគជ័យដល់គ្នាទៅវិញទៅមក ក្នុងកិច្ចជម្រុញការរីកចម្រើនជឿនលឿន នៃការថែទាំផ្នែកវេជ្ជសាស្ត្រ។ 

លោកវេជ្ជ. LEE IN SIK បានលើកឡើងថា ឆ្លងកាត់ដំណើរទស្សនកិច្ចរយៈកន្លងមក ឃើញថាមន្ទីរពេទ្យបង្អែកពោធិ៍សាត់ គឺនៅមានខ្វះចន្លោះគ្រឿងវេជ្ជសាស្ត្រជាច្រើន ដោយឡែកចំពោះវេជ្ជបណ្ឌិត និងក្រុមគ្រូពេទ្យ ពួកគាត់គឺមានបទពិសោធន៍ច្រើនហើយដែរ ក៏ប៉ុន្តែបច្ចេកទេសនៃការប្រើប្រាស់ម៉ាស៊ីនទំនើបៗ គឺទាមទារឱ្យមជ្ឈមណ្ឌលយើង ជួយបណ្តុះបណ្តាល និងបំពេញបន្ថែម។ ជាមួយគ្នានោះ លោកក៏ប្តេជ្ញានឹងបន្តចុះកិច្ចការងារមនុស្សធម៌ និងសហការគាំទ្រ ជម្រុញការរីកចម្រើនជឿនលឿន នៃការថែទាំផ្នែកវេជ្ជសាស្ត្រ រវាងមន្ទីរពេទ្យ និងមន្ទីរពេទ្យ ពិសេសរវាងមន្ទីរពេទ្យ ជាមួយរដ្ឋបាលខេត្តពោធិ៍សាត់ផងដែរ។

សូមបញ្ជាក់ថា នៅក្នុងពិធីនោះ លោក ខូយ រីដា ក៏បានបន្តចុះសួរសុខទុក្ខដុល់អ្នកជំងឺ និងនាំយកថវិកាមួយចំនួន មកប្រគល់ជូន លោក នូ នឿន ចៅសង្កាត់បន្ទាយដី ដែលមានជំងឺ រលាកថង់ប្រម៉ាត់ «មានខ្ទុះ និងគ្រាប់គ្រួស» ហើយត្រូវបានក្រុមគ្រូពេទ្យជំនាញ ធ្វើការវះកាត់ ទទួលបានជោគជ័យ ខណៈបច្ចុប្បន្នកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកពោធិ៍សាត់ផងដែរ៕ លាន គ្រន