2024-04-04 07:04
40

ខេត្តតាកែវ ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងជំនាញអធិការដ្ឋានស្រុកគិរីវង់ ធ្វេីការឃាត់ខ្លួនពាក់ព័ន្ធករណីប៉ុនប៉ងឃាតកម្ម (បើករថយន្តដេញបុក) បណ្តាលឲ្យបុរសម្នាក់ដួលម៉ូតូរងរបួស ក្រោយពីជនរងគ្រោះទៅសួរនាំរឿងជនសង្ស័យមានទំនាស់ពាក្យសម្តីគ្នាជាមួយឪពុកបង្កើតរបស់ខ្លួន ។ នេះបេីយោងតាមប្រភព័ត៌មានពីស្នងការដ្ឋាននគរបាលខេត្តតាកែវ បានឲ្យដឹងនាព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ ។ 

     គួរបញ្ជាក់ថា នៅថ្ងៃអាទិត្យ ៧រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែមីនា  ឆ្នាំ២០២៤ វេលាម៉ោង១៧:១២នាទី កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកគិរីវង់ បានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋ ថាមានករណីប៉ុនប៉ងឃាតកម្ម (បើករថយន្តដេញបុក) មួយករណី រហូតមកដល់ ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង១៧ :១០នាទី ដោយបានការចង្អុលបង្ហាញពីសំណាក់លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីច្បាប់ពីឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ លោកវរសេនីយ៍ឯក ជា សុផល អធិការនគរបាលស្រុក បានដឹកនាំកម្លាំងជំនាញព្រហ្មទណ្ឌស្រុកធ្វើការស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ព្រហ្ម រស្មី (ហៅ ពេញ)  ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរ បើករថយន្តស៊ីឈ្នួល មានទីលំនៅភូមិពោធិ៍ខ្វិត ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ បានធ្វើសកម្មភាពបើករថយន្តម៉ាកសាំយ៉ុង ពណ៌ទឹកប្រាក់ ស៊េរីឆ្នាំ១៩៩៥ ពាក់ស្លាកលេខ ភ្នំពេញ 2D-1876 ដេញបុកទៅលើជនរងគ្រោះឈ្មោះ ហេង ហ៊ីវ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ កសិករ រស់នៅភូមិថ្មី ឃុំភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ បណ្តាលឲ្យដួលម៉ូតូរងរបួសដាច់រលាត់ចេញឈាមក្រោមស្មាផ្នែកខាងស្តាំ និងដាច់រលាត់ចេញឈាមផ្នែកត្រគៀកខាងស្តាំ ព្រមទាំងដាច់រលាត់កូយដៃផ្នែកខាងស្តាំ។ ដោយមូលហេតុ ៖ ជនសង្ស័យមានទំនាស់ពាក្យសម្តីគ្នាជាមួយឪពុកបង្កើតរបស់ជនរងគ្រោះឈ្មោះ ហេង ហ៊ីវ ដោយជនរងគ្រោះបានទៅសួរនាំរឿងមានទំនាស់ជាមួយឪពុករបស់ខ្លួន ទើបមានបញ្ហាដូចខាងលើ ។

    ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចជំនាញបានដកហូតវត្ថុតាង រថយន្តបង្កហេតុខាងលើ រួមទាំងជនសង្ស័យ បញ្ជូនយកមកអធិការដ្ឋាននគរបាលស្រុកគិរីវង់ ដេីម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕