2024-04-05 12:04
28

ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់ រវាងម៉ូតូ២គ្រឿងបុកគ្នា ពេញទំហឹងបណ្ដាលឱ្យរបួសធ្ងន់ស្រាល៤នាក់ នៅក្រុងបាវិត។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៥និង៥០នាទីល្ងាច ថ្ងៃទី ០៤ ខែមេសា ឆ្នាំ ២០២៤ លើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ ១៥៨-១៥៩ ស្ថិតនៅក្នុងភូមិត្រពាំងផ្លុង សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង។ យោងតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានឲ្យដឹងថាអ្នកបើកម៉ូតូបង្កហេតុមានឈ្មោះ មាស ថាន ភេទ ប្រុស អាយុ ៤៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់  និងអ្នករួមដំណើរឈ្មោះ ឌួង សុឃឿន ភេទ ស្រី អាយុ ៤៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់មានទីលំនៅក្នុងភូមិក្រហមក ឃុំចន្រ្តី ស្រុករមាសហែក ខេត្តស្វាយរៀងបើកម៉ូតូម៉ាកHONDA C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FL-8445 ខូចខាតទាំងស្រុង។

ចំណែកភាគីម្ខាងទៀតមានឈ្មោះ នាង ស៊ីណាត ភេទ ប្រុស អាយុ ២១ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅក្នុងភូមិពោធិ៍ ឃុំមេសរថ្ងក ស្រុកចន្រ្ទា ខេត្តស្វាយរៀង និងអ្នករួមដំណើរឈ្មោះ ភី ចិត្រ្តា ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅក្នុងភូមិបុស្ស ឃុំមេសរថ្ងក ស្រុកចន្រ្ទា ខេត្តស្វាយរៀង បើកម៉ូតូម៉ាក SATRIA ព៌ណខ្មៅលាយ ស គ្មានស្លាកលេខ ខូចខាតទាំងស្រុង។

តាម សាក្សីបានឱ្យដឹងថាមុនកើតហេតុមានម៉ូតូមួយគ្រឿងម៉ាកHONDA C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FL-8445 ជិះគ្នា២នាក់លើផ្លូវជាតិលេខ១ ដោយធ្វើដំណើរ ពីកើតទៅលិចហើយបាន បត់ឆ្វេងខ្វះការប្រុងប្រយ័ត្នក៏បុកជាមួយម៉ូតូម៉ាក SATRIA ពណ៌ខ្មៅលាយ ស គ្មានស្លាកលេខជិះគ្នា២នាក់ ក្នុងទិសដៅពីលិចទៅកើតយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង។

ក្រោយកើតហេតុ អ្នករងរបួសត្រូវបានដឹកមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកជីភូ ។
ចំណែកមធ្យោបាយធ្វើដំណើរទាំង២គ្រឿងសមត្ថកិច្ចវាស់វែងនិងអូសយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីចាត់ការតាមច្បាប់ ៕