2024-04-05 02:04
32

នៅព្រឹក ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤លោកសាយ គឹមឡម ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកស្ទោងនិងសហការី បានអញ្ជើញស្វាគមន៍គណៈប្រតិភូខណ្ឌទី១នៃទីក្រុងហូជីមិញ ដឹកនាំដោយលោកឡេ ដឹកថាញ់ ខណៈមកជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក  ពុទ្ធសករាជ ២៥៦៨ ជូនពរដល់ថ្នាក់ដឹកនាំផ្នែកសឹករងស្ទោង ខេត្តកំពង់ធំ។

លោកសាយ គឹមឡម បានលើកឡើងថាការអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ ជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែររបស់គណៈប្រតិភូខណ្ឌទី១ នៅក្នុងឱកាសនេះគឺជាការបង្ហាញពីសាមគ្គីភាព មិត្តភាពយូរអង្វែង រវាងផ្នែកសឹករង ក៏ដូចជារដ្ឋបាលស្រុកស្ទោង ជាមួយនឹងខណ្ឌទី១ ទីក្រុងហូជីមិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាមផងដែរ។

ជាមួយគ្នានោះដែរលោកអភិបាលស្រុក ក៏បានសំដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅនូវវត្តមានរបស់គណៈប្រតិភូនៅពេលនេះ ក៏ដូចជាសហការយ៉ាងពេញទំហឹង ក្នុងការស្វែងរកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមដែលបានពាក់លីជីវិតដើម្បីជាតិមាតុភូមិកម្ពុជា         ឲ្យរួចផូតពីរបបវាលពិឃាត ប្រល័យពូជសាសន៍ ប៉ុល ពត កាលពីថ្ងៃទី០៧ ខែមករាឆ្នាំ ១៩៧៩ តាមការស្នើសុំពីភាគីជាមិត្ត។
នៅក្នុងឪកាសនោះដែរលោកឡេ ដឹកថាញ់ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ផ្នែកសឹករងស្ទោង និងរដ្ឋបាលស្រុកស្ទោង ជាពិសេស រាជរដ្ឋាភិបាលកម្ពុជា ដែលតែង តែមានការសហការល្អ ក្នុងការស្វែងរកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានបាត់ខ្លួននិងកំពុងរកឃើញជាបន្តបន្ទាប់ផងដែរ។

គួរបញ្ជាក់ផងដែរថានៅ ក្នុងកម្មវិធីនេះក៏មានការជប់លៀងពិសាអាហារសាមគ្គីប្រកប ដោយភាពស្និទ្ធស្នាលជាទីបំផុតផងដែរ។