2024-04-07 12:04
33

ភ្នំពេញ៖ អ្នកលេងបណ្តាញសង្គមដ៏ល្បីល្បាញ ដែលប្រើអំពើហិង្សាលើនារីម្នាក់ នៅក្នុងបន្ទប់ជួលនោះ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ នេះ ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់បទល្មើស៖ «ហិង្សាដោយចេតនា តាមមាត្រា ២១៧ នៃក្រមព្រហ្មទណ្ឌ»។
លោក វ៉ិត មឃៈ ព្រះរាជអាជ្ញារង ជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់បណ្តាញសារព័ត៌មាន នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ នេះថា «តំណាងអយ្យការបានចោទសង្ស័យមានឈ្មោះ គង់ សុខសែង ហៅ DEN SONY  ពីបទ៖ ហិង្សាដោយចេតនា តាមមាត្រា ២១៧ នៃក្រមព្រហ្មទណ្ឌ»។
សូមរំឭកថា នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ កន្លងទៅ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិលស្រាល បានឃាត់ខ្លួនជនសង្ស័យម្នាក់ មានឈ្មោះ គង់ សុខសែង ហៅ DEN SONY ពីបទ៖ «ហិង្សា ដោយចេតនា» ប្រព្រឹត្តនៅចំណុច បន្ទប់ជួលលេខ ១០០៩ ផ្លូវលំ ភូមិស្វាយតាអុក១ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ១៧និង១៥ នាទី (ម៉ោង១៦និង១៥នាទី ម៉ោងនៅលើកាមេរ៉ាសុវត្ថិភាព)។
សូមបញ្ជាក់បន្ថែមថា ក្រោយឃើញតាមបណ្តាញព័ត៌មានសង្គម បង្ហោះវីដេអូករណីបុរសម្នាក់ បានប្រើអំពើហិង្សាទៅលើនារីភេទទន់ខ្សោយ នៅក្នុងបន្ទប់ជួលមួយកន្លែង លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅវេលាម៉ោង ៧និង៣០នាទីយប់ ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ បានបញ្ជាលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែនការងារព្រហ្មទណ្ឌ ដឹកនាំកម្លាំងចុះស្រាវជ្រាវ និងឃាត់បុរសនោះយកមកសាកសួរ។ 
បន្ទាប់ពីមានបទបញ្ជាពីមេប៉ូលិសក្រុងភ្នំពេញ ស្រាប់តែបុគ្គលដែលល្បីល្បាញលើបណ្តាញសង្គមមានឈ្មោះ គង់ សុខសែង ហៅ DEN SONY បានបង្ហោះវីដេអូបកស្រាយថា វីដេអូសកម្មភាពវាយប្រតាយប្រតប់ និងបោចសក់នារីម្នាក់នោះ ជាវីដេអូថតសម្តែងតែប៉ុណ្ណោះ ដោយពួកគេទាំងសងខាងជាបងប្អូននឹងគ្នា ប៉ុន្តែស្នងការនគរបាលរាជធានីភ្នំពេញ មិនជាការប្រេង ឬមិនប្រេងទេវាជាអំពើហិង្សាត្រូវតែអនុវត្តតាមនិតិវិធីច្បាប់។
មហាជនរងចាំមើលថា វាសនាតារាល្បីល្បាញនៅលើបណ្តាញសង្គម ជនសង្ស័យមានឈ្មោះ គង់ សុខសែង ហៅ DEN SONY ក្រោយពីតំណាងអយ្យការធ្វើការចោទប្រកាន់ ពីបទ៖ «ហិង្សាដោយចេតនា» នឹងបញ្ជូនសំណុំរឿងទៅចៅក្រមស៊ើបសួរមានវាសនាបែបណា!.....៕