2024-04-08 07:04
60

បាត់ដំបង៖    ករណីវិវាទដីធ្លីដ៏ក្តៅគគុករបស់ក្រុមហ៊ុន អេហ្គ្រីខលឈ័រ ហ្គ្រីនហ្វៀល មានទំហំ ៤០៦៥ហិកតា ស្ថិតក្នុងភូមិសាស្ត្រឃុំឆ្នាល់មាន់ និងឃុំគោករកា ស្រុកគាស់ក្រឡ ជាមួយប្រជាពលរដ្ឋ អង្គភាពស៊ីម៉ាក់ និងក្រុមគ្រួសារកងទ័ព ដែលកើតមានជាច្រើនឆ្នាំកន្លងមកហើយដោះស្រាយមិនចេញនោះ មេធាវីតំណាងដោយអាណត្តិឲ្យក្រុមហ៊ុន អេហ្គ្រីខលឈ័រ ហ្គ្រីនហ្វៀល បានផ្តល់កិច្ចសម្ភាសជាមួយអង្គភាពសារព័ត៌មាន MSJ TV ថាៈ អាជ្ញាធរស្រុកគាស់ក្រឡហាក់មិនអនុវត្តតាម ស.ជ.ណ. របស់សាលាខេត្តបាត់ដំបង និង ស.ជ.ណ. របស់ក្រសួងមហាផ្ទៃ បានធ្វើការណែនាំដល់រដ្ឋបាលស្រុកគាស់ក្រឡ និងរដ្ឋបាលឃុំដូនបា ត្រូវយកចិត្តទុកដាក់ក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លូន ក្នុងនាមជាអាជ្ញាធរបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋស្រមតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ព្រមទាំងបញ្ឈប់ការចេញលិខិតបញ្ជាក់លើការទិញ-លក់ និងការកាន់កាប់ ប្រើប្រាស់ អាស្រ័យផលលើដីទំនាស់។

លោកមេធាវី អ៊ុម វ៉ារី ជាមេធាវីតំណាងដោយអាណត្តិរបស់ក្រុមហ៊ុន Agriculture Green Field Co., Ltd. បានឱ្យដឹងទៀតថាៈ ក្រោយការជូនដំណឹងរបស់សាលាខេត្ត និងក្រសួងមហាផ្ទៃនោះ ទាំងឃុំដូនបា ទាំងសាលាស្រុកគាស់ក្រឡដូចជាគ្មានសកម្មភាព ឬឆន្ទៈក្នុងការទប់ស្កាត់អ្វីសោះ ខណៈក្រុមជនអនាធិបតេយ្យ និងជនឈ្លាតឱកាសមួយចំនួន នៅបន្តធ្វើសកម្មភាព ឈូសឆាយ ភ្ជួរាស់ រុករាន ទន្ទ្រាន និងពង្រាប ពង្រីកផ្ទៃដីបន្ថែមលើដីទំនាស់ជាមួយក្រុមហ៊ុនតាមអំពើចិត្ត។

លោកមេធាវីបន្តថា ក្រោយរដ្ឋបានខេត្ត ក៏ដូចជាក្រសួងមហាផ្ទៃចេញ ស ជ ណ នៅតែមានជនឱកាសនិយមបន្តចូលបំពានលើដីទំនាស់ ហើយក្រុមការងារមើលចាំដីឲ្យក្រុមហ៊ុន អេហ្គ្រីខលឈ័រ ហ្គ្រីនហ្វៀល តែងតែធ្វើសេចក្តីរាយការណ៍ ដ៏ដូចជាដាក់បណ្តឹងសុំកិច្ចអន្តរាគមន៍ជាបន្តបន្ទាប់ ដើម្បីឲ្យសាលាស្រុកមានវិធានការទប់ស្កាត់ ក៏នៅតែគ្មានមន្រ្តីណាម្នាក់នៃសាលាស្រុកចុះទៅមើល ដើម្បីឲ្យជនប្រព្រឹត្តិណ៍នោះធ្វើកិច្ចសន្យានោះដែរ។

លោកមេធាវីតំណាងឲ្យក្រុមហ៊ុន អេហ្គ្រីខលឈ័រ ហ្គ្រីនហ្វៀល បញ្ជាក់ដូច្នេះថាៈ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានចេញលិខិតមួយច្បាប់គោរពជូន ឯកឧត្ត សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលមានខ្លឹមសារថា «រដ្ឋបាលខេត្តបានចាត់ឲ្យរដ្ឋបាលស្រុកគាស់ក្រឡ មានវិធានការទប់ស្កាត់រាល់ការកាប់ទន្ទ្រាន និងសាងសង់ថ្មីបន្តទៀត ព្រមទាំងទប់ស្កាត់រាល់ការចុះហត្ថលេខានានារបស់អាជ្ញាធរមូលដ្ឋាននៅលើដីទំនាស់នេះ»។

ជាមួយគ្នានេះលោកមេធាវីបានបង្ហាញ សេចក្តីជូនដំណឹងមួយទៀតរបស់ក្រសួងមហាផ្ទៃ ដែលមានខ្លឹមសារជារួមថាៈ ក្រសួងមហាផ្ទៃសូមធ្វើការណែនាំដល់រដ្ឋបាលខេត្តបាត់ដំបងពីរចំណុច រួមមាន៖ ទី១- ត្រូវយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងដីរដ្ឋ ក្នុងនាមជាគណៈកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត និង ទី២- ធ្វើការណែនាំរដ្ឋបាលស្រុកគាស់ក្រឡ និងរដ្ឋបាលឃុំដូនបា ត្រូវយកចិត្តទុកដាក់អនុវត្តតួនាទីភារកិច្ចរបស់ខ្លួនក្នុងនាមជាអ្នកបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិជាធរមាន ព្រមទាំងបញ្ឈប់ការចេញលិខិតបញ្ជាក់ការទិញ-លក់ និងការកាន់កាប់ប្រើប្រាស់អាស្រ័យផលលើដីទំនាស់នេះ»។  

លោក អ៊ុម វ៉ារី មេធាវីតំណាងដោយអាណត្តិឲ្យក្រុមហ៊ុន អេហ្គ្រីខលឈ័រ ហ្គ្រីនហ្វៀល បានលើកឡើងទៀតថាៈ « ករណីទំនាស់ដីធ្លីរបស់ក្រុមហ៊ុន ស្ថិតក្នុងភូមិសាស្ត្រឃុំដូនបាន និងឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង មានភាគីបំពានលើដីក្រុមហ៊ុនរួមមានៈ ប្រជាពលរដ្ឋ៣៤០គ្រួសារ, អង្គភាពស៊ីម៉ាក់ និងគ្រួសារកងទ័ពមួយចំនួនទៀត»។ 

លោកមេធាវីបញ្ជាក់ថា តាមប្រសាសន៍សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានលើកឡើងនាពេលថ្មីៗនេះថា “ទំនាស់ដីធ្លីកើតឡើងនៅខេត្តណា ស្រុកណា ឃុំណា គឺខេត្តនោះ ស្រុកនោះ ឃុំនោះជាអ្នកដោះស្រាយ»។

បុគ្គលិកមើលការខុសត្រូវរបស់ ក្រុមហ៊ុន អេហ្គ្រីខលឈ័រ ហ្គ្រីនហ្វៀល លោក រ៉ា ចាន់ បានប្រាប់អង្គភាព msj tv ថាៈ «សកម្មភាពរំលោកភបំពានលើដីក្រុមហ៊ុន ដោយបុគ្គលខិលខូចនៅតែបន្តមាន បើទោះបីសាលាខេត្តបាត់ដំបង និងក្រសួងមហាផ្ទៃ ចេញ ស.ជ.ណ. ឲ្យទប់ស្កាត់ក៏ដោយ តែមិនឃើញមានបន្រ្តីស្រុក ឬឃុំចុះមកទប់ស្កាត់ទេ រហូតដល់សកម្មភាពបំពាននោះធ្វើបានសម្រេច»។ 

លោក រ៉ា ចាន់ បន្តថា «បន្ទាប់ពីមានសកម្មភាពបំពានលើដីក្រុមហ៊ុនភ្លាមៗ លោកបានរាយការដោយផ្ទាល់ទៅលោក ឡាក់ វណ្ណា ប្រធានរដ្ឋបាលសាលាស្រុកគាស់ក្រឡ ដើម្បីជម្រាបជូនលោកអភិបាលស្រុកមានវិធានការទប់ស្កាត់ស្របតាម ស.ជ.ណ. របស់រដ្ឋបាលខេត្ត និងក្រសួងមហាផ្ទៃ តែមិនមានឃើញសកម្មភាពទប់ស្កាត់ឡើយ បើទោះលោកបានដាក់បណ្តឹងសុំអន្តរាគមន៍ផ្ទាល់នៅសាលាស្រុកក៏ដោយនៅតែគ្មានការចុះអន្តរាគមន៍ដដែល»។

កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ កន្លងទៅ រដ្ឋបាលស្រុកគាស់ក្រឡ ធ្លាប់បានចេញសេចក្តីបំភ្លឺព័ត៌មានមួយ ជុំវិញការចុះផ្សាយរបស់សារព័ត៌មាន MSJ TV ដោយរដ្ឋបាលស្រុកគាស់ក្រឡ បានបដិសេធចោលរាល់ការលើកឡើងរបស់មេធាវី ក៏ដូចជាតំណាងក្រុម។ រដ្ឋបាលស្រុកគាស់ក្រឡ បានធ្វើការបំភ្លឺថា «ចំពោះករណីវិវាទដីធ្លីរវាង ក្រុមហ៊ុន អេហ្គ្រីខលឈ័រ ហ្គ្រីនហ្គោល (Agriculture Green Field Co., Ltd.) ជាមួយប្រជាពលរដ្ឋ ចំនួន ៣៤០គ្រួសារ និងអង្គភាពស៊ីម៉ាក់ ព្រមទាំងគ្រួសារកងទ័ព ដែលមានទីតាំងស្ថិតនៅ ភូមិព្រៃទទឹង ឃុំផ្ទាល់មាន់ និង ភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ រដ្ឋបាលស្រុក រដ្ឋបាលឃុំ និងរដ្ឋបាលខេត្ត បាត់ដំបង បានខិតខំព្យាយាមសម្រុះសម្រួល ដោះស្រាយជាច្រើនលើក ច្រើនសារមកហើយគិតចាប់តាំងពីឆ្នាំ២០២០មក ប៉ុន្តែពុំឈានដល់ការស្រុះស្រួលគ្នាឡើយ ម្យ៉ាងវិញទៀត ដីទំនាស់នេះ គឺជាដីដែលស្ថិតនៅក្នុងប្រភេទដីគម្របព្រៃឈើឆ្នាំ២០០២ របស់រដ្ឋទៀតផង»។ ក្នុងន័យនេះ ទើបរដ្ឋបាលខេត្តបាត់ដំបង ក៏បានសម្រេចបញ្ឈប់ការទទួលយកសំណុំរឿងរបស់ ក្រុមហ៊ុន អេហ្គ្រីខលឈ័រ ហ្គ្រីនហ្វៀល មកបន្តដោះស្រាយទៀត។ 

ការបកស្រាយរបស់រដ្ឋបាលស្រុកគាស់ក្រឡង បានបញ្ជាក់ថា៖ កន្លងមករដ្ឋបាលស្រុក បានចេញសេចក្តីជូនដំណឹងឱ្យភាគីទំនាស់អាចអាស្រ័យផលនៅលើទីតាំងដីដែលធ្លាប់អាស្រ័យផលកន្លងមក ប៉ុន្តែមិនត្រូវសាងសង់ផ្ទះ រោង ឬខ្ទម និងឈូសឆាយពង្រីកបន្ថែមលើផ្ទៃដីទំនាស់ឡើយ ដោយរងចាំការដោះស្រាយបន្តដើម្បីបញ្ចប់ទំនាស់។

ឆ្លើយតបទៅនឹងការលើកឡើងខាងលើនេះ លោកមេធាវីតំណាងដោយអាណត្តិឲ្យក្រុមហ៊ុន បានលើកឡើងថាៈ «ខ្ញុំមិនដឹងថាលោកអភិបាលស្រុកគាស់ក្រឡ គាត់យកអ្វីមកគិតនោះទេ បើដីកំពុងមានទំនាស់រវាង២ភាគី ហើយបែរជាអនុញ្ញាតិឲ្យភាគីម្ខាងទៀតនៃភាគីទំនាស់ បែរជាអាចអាស្រ័យបលបាននោះ តើម្តេចនឹងឲ្យភាគីនោះមានឆន្ទៈចូលរួមដោះស្រាយ បើដីទំនាស់ភាគីនៅតែអាចអាស្រ័យផលបាន»។

ក្រោយពីមានចុះផ្សាយ របស់ MSJ TV រដ្ឋបាលខេត្តបាត់ដំបង ដឹកនាំដោយ លោក យឹម សៀប អភិបាលរងខេត្តបាត់ដំបង និងមានការចូលរួមពី រដ្ឋបាលស្រុកគាស់ក្រឡ រដ្ឋបាលឃុំដូនបា បានចុះពិនិត្យជាក់ស្តែងលើទីតាំងដីទំនាស់ស្ថិតនៅ ភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ពិនិត្យឃើញថា៖ «ប្រជាពលរដ្ឋពុំបានធ្វើការឈូសឆាយ រំលោភ បំពាន ពង្រីកផ្ទៃដីថ្មី និងសាងសង់សំណង់ថ្មី នៅលើទីតាំងដីកំពុងមានវិវាទខុសពីផ្ទៃដីដែលពួកគាត់ធ្លាប់បានធ្វើការអាស្រ័យផលកន្លងមកនោះឡើយ ហើយអាជ្ញាធរមូលដ្ឋានក៏ពុំមានការចុះហត្ថលេខានានា ក្រោយពីរដ្ឋបាលខេត្តបាត់ដំបង សេចក្តីជូនដំណឹងដែរ»។

លោក ឡាក់ វណ្ណា នាយករដ្ឋបាលសាលាស្រុកគាស់ក្រឡ ក្រុមការងារ msj tv មិនអាចទំនាក់ទំនងសុំការបកស្រាយជុំវិញករណីទំនាស់ដីធ្លីរវាងក្រុមហ៊ុន អេហ្គ្រីខលឈ័រ ហ្គ្រីនហ្វៀល ជាមួយប្រជាពលរដ្ឋ ចំនួន ៣៤០គ្រួសារ នៅឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបងបានឡើយ។

លោក សឿម ប៊ុនរិទ្ធ អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង បានប្រាប់ឱ្យដឹងនៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ ថា «ឱ្យសួរទៅលោក ញឹក សារ៉ែន អភិបាលនៃគណៈអភិបាលស្រុកគាស់ក្រឡ  ដោយរដ្ឋបាលខេត្ត បានប្រគល់ភារកិច្ចឱ្យពិនិត្យករណីនេះ»។

លោក ញឹក សារ៉ែន អភិបាលស្រុកគាស់ក្រឡ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ នេះ ក្រុមការងារទំនាក់ទំនងសុំការបញ្ជាក់ជុំវិញករណីខាងលើ តាមប្រព័ន្ធតេឡេក្រាម ដោយលោកបានចូលមើល ប៉ុន្តែមិនមានការឆ្លើយតបឡើយ។ ពាក់ព័ន្ធករណីទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃនេះ ក្រុមការងារបណ្តាញសារព័ត៌មាន msj tv រងចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីដែលពាក់ព័ន្ធស្របតាមច្បាប់ស្តីពី របបសារព័ត៌មាន និងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន គ្រប់ពេលវេលា៕