2024-04-11 12:04
22

ភ្នំពេញ៖ នារសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ នេះ ក្រសួងធនធានទឹក និងឧតុនិយម ជាលទ្ធផលនៃការធ្វើតេស្តគុណភាពទឹកទន្លេមេគង្គរបស់កម្ពុជា បានបញ្ជាក់ថា «ស្ថានភាពគុណភាពទឹកទន្លេមេគង្គ នៅព្រះរាជាណាចក្រកម្ពុជា ក្នុងខេត្តស្ទឹងត្រែង ព្រំដែនកម្ពុជា-ឡាវ មិនទាន់ទទួលរងផលប៉ះពាល់ពីឧបទ្ទវហេតុ នៃការលេចធ្លាយអាស៊ីតស៊ុលផួរិច នៅទន្លេណាមខាន់ ដែលជាដៃទន្លេមេគង្គក្នុងប្រទេសឡាវនៅឡើយទេ»។

ក្រសួងធនធានទឹកបានបញ្ជាក់ថា ក្រោយពីបានទទួលនូវព័ត៌មាន បឋមពីលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ ជម្រាបមកប្រទេសជាសមាជិកគណៈកម្មការទន្លេមេគង្គ អំពីឧបទ្ទវហេតុនៃការលេចធ្លាយសារធាតុគីមីចូលក្នុង ស្ទឹងណាមខាន់ ស្ថិតនៅក្នុងក្រុងហ្លួងប្រាបាង នៃខេត្តហ្លួងប្រាបាង ប្រទេសឡាវ ដែលបណ្តាលមក ពីឧបទ្ទវហេតុនៃការក្រឡាប់រថយន្តដឹកសារធាតុគីមី (អាស៊ីតស៊ុលផួរិច) ប្រមាណ ៣០តោន នៅភូមិភូសាងខាំ ក្នុងខេត្តហ្លួងប្រាបាង ប្រទេសឡាវ កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ កន្លងទៅ។ 

ក្រសួងបានបញ្ជាក់ទៀតថា ក្រុមការងារបច្ចេកទេសនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ នៃក្រសួងធនធានទឹក និងឧតុនិយម បានសហការជាមួយមន្ត្រីបច្ចេកទេសមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្ទឹងត្រែង ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ នេះ បានចុះទៅពិនិត្យគុណភាពទឹកនៅខេត្តស្ទឹងត្រែង ដោយបានយកសំណាកទឹកទន្លេមេគង្គពីទីតាំងចំនួន២៖ ទី១- នៅខាងលើក្រុងស្ទឹងត្រែងប្រមាណ ៣គីឡូម៉ែត្រ និង ទី២- ក្បែរព្រំដែនប្រទេសឡាវ ខាងក្រោមទំនប់វារី អគ្គិសនីដនសាហុង របស់ប្រទេសឡាវប្រមាណ ២គីឡូម៉ែត្រ។

ក្រុមមន្ត្រីជំនាញបានបញ្ជាក់ថា «ជាលទ្ធផល ស្ថានភាពគុណភាពទឹកទន្លេមេគង្គ នៅព្រះរាជាណាចក្រកម្ពុជា ក្នុងខេត្តស្ទឹងត្រែង ព្រំដែនកម្ពុជា-ឡាវ មិនទាន់ទទួលរងផលប៉ះពាល់ពីឧបទ្ទវហេតុនៃការលេចធ្លាយអាស៊ីតស៊ុលហ្វូរិច នៅទន្លេណាមខាន់ដែលជាដៃទន្លេមេគង្គក្នុងប្រទេសឡាវនៅឡើយទេ»។

បច្ចុប្បន្ន ក្រសួងធនធានទឹក និងឧតុនិយម និងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បាននឹងកំពុងយកចិត្តទុកដាក់ខ្ពស់ តាមដានអំពីផលប៉ះពាល់ដែលអាចកើតមានពីករណីឧបទ្ទវហេតុខាងលើមកលើ គុណភាពទឹកទន្លេមេគង្គក្នុងប្រទេសកម្ពុជា និងបន្តធ្វើការជូនដំណឹងបន្ថែម ក្នុងករណីចំបាច់៕