2024-04-11 12:04
25

រាជធានីបាងកក៖ ប្រទេសថៃ គ្រោងនឹងទទួលនាវាមុជទឹក ផលិតដោយប្រទេសចិន នៅឆ្នាំ២០២៤ ឬ ឆ្នាំ២០២៥ ប៉ុន្តែឥឡូវប្រទេសអាស៊ានមួយនេះ បានលុបចោលនូវការបញ្ជាទិញវិញ ក្រោយពេលរដ្ឋាភិបាលក្រុងប៉េកាំង បានខកខាតមិនបានបំពេញតាមតម្រូវការរបស់រដ្ឋាភិបាលក្រុងបាងកក ដូចអ្វីដែលភាគីទាំង២ បានកំណត់តាមកិច្ចសន្យា សម្រាប់ការទិញនាវាមុជទឹក  បំពាក់ម៉ាស៊ីន ផលិតដោយក្រុមហ៊ុនរបស់អាល្លឺម៉ង់។ នេះបើតាមសារព័ត៌មាន Defense Security Asia បានចេញផ្សាយ កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤។

ប្រទេសថៃ មានក្ដីស្រមៃ អស់រយៈពេលជាយូរកន្លងមកហើយ សម្រាបការបំពាក់នាវាមុជទឹក ដល់កងទ័ពជើងទឹករបស់ខ្លួន នាពេលអនាគតដ៏ខ្លីខាងមុខនេះ ប៉ុន្ដែកិច្ចព្រមព្រៀងទិញនាវាមុជទឹក ផលិតដោយប្រទេសចិន នោះ ត្រូវបានលុបចោលទៅវិញ ក្រោយពេលមានសេចក្តីរាយការណ៍ ថា  ចិនបានយល់ព្រមជំនួសនូវការបញ្ជូននាវាមុជទឹក ដែលមានបំណងទៅកាន់ប្រទេសអាស៊ីអាគ្នេយ៍ ជាមួយនឹងនាវាចម្បាំង ឬ នាវាល្បាត ចំនួន២គ្រឿង។

បើតាមប្រភពព័ត៌មានជាច្រើន ពីកងទ័ពជើងទឹកភូមិន្ទថៃ ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន Bangkok Post បានឲ្យដឹង ថា ចិន បានព្រមព្រៀងផ្ដល់នាវាចម្បាំង ឬ នាវាល្បាត ចំនួន២គ្រឿង ជំនួសនាវាមុជទឹកទៅកាន់ប្រទេសថៃ។

ប្រទេសថៃ គ្រោងនឹងទទួលបាននាវាមុជទឹក សាងសង់ដោយប្រទេសចិន នៅឆ្នាំ២០២៤ ឬ ឆ្នាំ២០២៥។ ប៉ុន្តែឥឡូវរដ្ឋាភិបាលក្រុងបាងកក បានលុបចោលនូវការបញ្ជាទិញវិញ បន្ទាប់ពីរដ្ឋាភិបាលក្រុងប៉េកាំង បានខកខានមិនអាចបំពេញតាមតម្រូវការរបស់ខ្លួន ដូចអ្វីដែលបានកំណត់ តាមកិច្ចសន្យា សម្រាប់នាវាមុជទឹក បំពាក់ដោយម៉ាស៊ីនរបស់ក្រុមហ៊ុនអាល្លឺម៉ង់។ រដ្ឋាភិបាលក្រុងបាងកក បានបដិសេធការទទូចរបស់ចិន ដែលបានឡើងឡើង ថា នាវាមុជទឹកដំបូងរបស់ខ្លួន ត្រូវបានបំពាក់ដោយម៉ាស៊ីន ផលិតដោយប្រទេសចិន។ ប៉ុន្ដែថៃ នៅតែទាមទារយ៉ាងខ្ជាប់ខ្ជួនរបស់ខ្លួន ថា នាវាមុជទឹកនោះ ត្រូវតែប្រើប្រាស់ម៉ាស៊ីន ផលិតដោយក្រុមហ៊ុនរបស់អាល្លឺម៉ង់។

បើតាមប្រភពជាច្រើន ពីកងទ័ពជើងទឹកភូមិន្ទថៃ ប្រាប់ដល់កាសែតបាងកកប៉ុស្តិ៍ ថា កិច្ចព្រមព្រៀង រវាងរដ្ឋាភិបាលក្រុងបាងកក និង ក្រុងប៉េកាំង សម្រាប់ការទិញនាវាចម្បាំង ឬ នាវាល្បាត ចំនួន២គ្រឿង ជំនួសនាវាមុជទឹកនោះ បានសម្រេច នៅក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការពារជាតិថៃ លោក ស៊ូទីន ក្លាំងសាង (Sutin Klungsang) និង មេបញ្ជាការកងទ័ពជើងទឹកភូមិន្ទថៃ លោកឧត្តមនាវីឯក ផាឌុង ផានអ៊ីម (Phadung Phan-iam) ទៅកាន់ប្រទេសចិន កាលពីពេលថ្មីៗនេះ។ បញ្ហានេះ បានធ្វើឲ្យក្ដីស្រមៃរបស់កងទ័ពជើងទឹកភូមិន្ទថៃ លែងក្លាយជាការពិត។

ប្រទេសថៃ បានចុះកិច្ចព្រមព្រៀងមួយ ជាមួយនឹងប្រទេសចិន នៅក្នុងឆ្នាំ២០១៧ ដើម្បីទិញនាវាមុជទឹក ប្រភេទ S-26T Yuan-class ផលិតដោយប្រទេសចិន នៅក្នុងតម្លៃ ៣៥០លានដុល្លារ ដោយរំពឹង ថា កងទ័ពជើងទឹកភូមិន្ទថៃ នឹងទទួលបាន នៅឆ្នាំ២០២៤ ឬ ឆ្នាំ២០២៤។ រីឯនាវាមុជទឹក ផលិតដោយប្រទេសចិន សម្រាប់លក់ឲ្យប្រទេសថៃ នោះ ត្រូវបានគេរាយការណ៍ សាងសង់បានប្រហែលចំនួន៥០ភាគរយ។

កិច្ចសន្យាទិញនាវាមុជទឹក រវាងប្រទេសថៃ និង ចិន បានប្រឈមមុខនឹងភាពមិនច្បាស់លាស់ ខណៈរដ្ឋាភិបាលក្រុងបាងកក នៅតែទទូចឱ្យមាននាវាមុជទឹកដំបូងរបស់ខ្លួន ត្រូវតែបំពាក់ដោយម៉ាស៊ីន MTU396 ផលិតដោយប្រទេសអាល្លឺម៉ង់ ដូចអ្វីដែលបានចុះព្រមព្រៀងជាមួយគ្នា។ ប៉ុន្ដែក្រុងប៉េកាំង មិនអាចបំពាក់ម៉ាស៊ីន MTU396 ផលិតដោយអាល្លឺម៉ង់ ទៅលើនាវាមុជទឹក ដែលថៃ បានបញ្ជាទិញនោះឡើយ ព្រោះតែទណ្ឌកម្មយោធា ត្រូវបានដាក់ដោយសហភាពអឺរ៉ុប ហើយបានហាមឃាត់ដល់ការនាំចេញសម្ភារយោធា ឬ គ្រឿងបន្លាស់ណាមួយ ទៅកាន់ប្រទេសចិន។

ជាមួយនឹងដំណោះស្រាយនេះ រដ្ឋាភិបាលក្រុងប៉េកាំង បានស្នើទៅភាគីថៃ សុំប្រើប្រាស់ម៉ាស៊ីនបំពាក់ទៅលើនាវាមុជទឹកនោះ ជាមួយនឹងម៉ាស៊ីន CHD 620 បង្កើតឡើង ដោយក្រុមហ៊ុនចិន Henan Diesel ។ ដោយឡែក បណ្ដាញផ្សព្វផ្សាយរបស់ថៃ បានរាយការណ៍ ថា ប្រទេសទាំងពី រ បានឈានដល់កិច្ចព្រមព្រៀង កាលពីខែមិថុនា ឆ្នាំ២០២៣ ដែលនឹងឃើញនាវាមុជទឹកដំបូងរបស់ប្រទេសថៃ បំពាក់ដោយម៉ាស៊ីនម៉ាស៊ូត CHD 620 ផលិតនៅក្នុងប្រទេសចិន។

បច្ចុប្បន្ន បណ្ដាប្រទេស នៅតំបន់អាស៊ីភាគអាគ្នេយ៍ ឬ អាស៊ាន ដែលបានបំពាក់នាវាមុជទឹកដល់កងទ័ពជើងទឹករបស់ខ្លួន រួមមាន សិង្ហបុរី ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និង វៀតណាម៕