2024-04-24 08:04
18

រតនគិរី៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានថ្លែងបញ្ជាក់ថា៖ «មេបញ្ជាការ នៃបញ្ជាការដ្ឋានកងរាជអាវុអហត្ថ មានឱកាសដឹកនាំការងារអង្គភាព គឺ ៥ឆ្នាំ បើធ្វើបានល្អបន្ថែម ៥ឆ្នាំបន្តទៀត ប៉ុន្តែក្នុងរយៈពេល ២ឆ្នាំកន្លះ នឹងត្រូវធ្វើការត្រួតពិនិត្យ-វាយតម្លៃ បើគ្មានការវិវឌ្ឍជឿនលឿនថ្មី តាមការចង្អុលបង្ហាញរបស់ថ្នាក់លើ ត្រូវធ្វើការពិនិត្យ-វាយតម្លៃ ដើម្បីផ្លាស់ប្តូរ រកអ្នកមានសមត្ថភាព និងលក្ខណសម្បត្តិគ្រប់គ្រាន់មកជំនួសវិញ»។ 
  ការណ៍នេះ នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់ក្នុងពិធីអញ្ជើញជាអធិបតីក្នុងពិធីប្រកាសមុខតំណែង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគីរី នាព្រឹកថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤ នេះ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរតនគិរី ដោយមានការអញ្ជើញចូលរូមពីប្រធានក្រុមប្រឹក្សាខេត្ត, អភិបាលនៃគណៈអភិបាលខេត្ត  អ្នកឧកញ៉ា, មន្ត្រីរាជការមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទផងដែរ។ 
នាឱកាសនោះ នាយឧត្តមសេនីយ៍ សៅ សុខា បានថ្លែងថា៖ យោងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ស្តីពី កំណែទម្រង់កងកម្លាំងប្រដាប់អាវុធ និងយុទ្ធសាស្ត្រធ្វើកំណែទម្រង់កងយោធពលខេមរភូមិន្ទ ៥ឆ្នាំ កងរាជអាវុធហត្ថបានសម្រួចការធ្វើកំណែទម្រង់ឆ្ពោះទៅ (ប្រមូលផ្តុំ, រៀបរយ, ទំនើបកម្ម និងប្រសិទ្ធភាព)។ 
សម្រាប់ពិធីនាពេលនេះ ការតែងតាំងដំឡើង ផ្លាស់ប្តូរមុខតំណែង កន្លែងធ្វើការ នៅក្នុងជួរកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការស៊ីវិល ក៏ដូចជាវិស័យឯកជន នោះគឺជាក្រឹត្យក្រមនៃការងារចាត់តាំង រៀបចំធនធានមនុស្ស ដើម្បីភាពរីកចម្រើនការងារ និងក៏ជាឱកាសនៃការផ្លាស់ប្តូរ បរិយាកាស ទីកន្លែងធ្វើការងារ ការផ្លាស់ប្តូរមុខតំណែង គឺមានអត្ថប្រយោជន៍ ៤ជាគន្លឹះ នោះមិនទាន់គិតអំពីការអនុវត្តច្បាប់ ចំពោះយោធិនដែលដល់អាយុ ៦០ឆ្នាំ ហើយដាក់ឱ្យចូលនិវត្តន៍ ថែមទៀតផង។ 
   នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ថា អត្ថប្រយោជន៍ ៤ជាគន្លឹះ គឺ៖ «ទី១- ដើម្បីការពារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់នាយទាហាន។ ទី២- រៀបចំធនធានមនុស្សឱ្យស្រប និងសមត្ថភាពជំនាញ និងនិស្ស័យ, ទី៣- ជាការផ្តល់ឱកាសសម្រាប់អ្នកបន្តវេន និង ទី៤- ជាការផ្លាស់ប្តូរបរិយាកាសការងារ ចែករំលែកបទពិសោធន៍ល្អ ក្នុងបំណងធ្វើឱ្យស្ថាប័ន អង្គភាព រីកចម្រើនព្រមៗគ្នា។ ម្យ៉ាងទៀត មានឱកាសទទួលបានការសិក្សា រៀនសូត្រ ដើម្បីបង្កើនសមត្ថភាព តាមឱ្យទាន់ការវិវឌ្ឍន៍ថ្មីៗនៃសភាពការណ៍»។ 
ចំពោះលក្ខខណ្ឌក្នុងការតែងតាំងនាយទាហាន ដឹកនាំបញ្ជា ក៏ដូចជាប្រធានបណ្តាស្ថាប័ន ក្នុងកងរាជអាវុធហត្ថ នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា៖ ត្រូវទាមទារនូវលក្ខណសម្បត្តិ ៤យ៉ាងគឺ «ទី១- សុខភាពល្អ កាយសប្បទាមាំមួន, ទី២- មានសមត្ថភាព វិជ្ជាជីវៈ ជំនាញ និងបទពិសោធន៍ ក្នុងការដឹកនាំ បញ្ជា គ្រប់គ្រង និងមានភាពឆ្លាតវៃ , ទី៣- មានសីលធម៌ សុជីវធម៌ គុណធម៌ មានភាពស្មោះត្រង់ មានឆន្ទៈ ការលៈបង់ ឧស្សាហព្យាយាម មានភាពក្លាហាន និងមានស្មារតីទទួលខុសត្រូវ ចំពោះតួនាទី ភារកិច្ច ពុំធ្លាប់ទទួលទណ្ឌកម្មតាមច្បាប់លក្ខន្តិកនៃកងយោធពលខេមរភូមិន្ទឬការផ្តន្ទាទោសតាមផ្លូវតុលាការ ព្រមទាំងទទួលបាននូវការគោរពស្រឡាញ់ពីមិត្តភក្តិក្នុងអង្គភាព និងមហាជនប្រជាជន និង ទី៤- ស្គាល់ ដឹង ចេះ និងប្រើប្រាស់នូវឧបករណ៍បច្ចេកវិទ្យាព័ត៌មាន»។ 
ឆ្លៀតឱកាសនេះ ក្នុងនាមមេបញ្ជាការកងរាជអាវុធហត្ថ នាយឧត្តមសេនីយ៍ សៅ សុខា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន ដែលបានជួយមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងការដឹកនាំ បញ្ជា គ្រប់គ្រងកងរាជអាវុធហត្ថខេត្តរតនគិរី សម្រេចបាននូវតួនាទី ភារកិច្ចរបស់ខ្លួនក្នុងអាណត្តិ ហើយត្រូវបានផ្លាស់ចេញប្រកបដោយ កិត្តិយស ទៅតាមក្រឹត្យក្រមការងារចាត់តាំង ដោយពុំមានកំហុសខុសឆ្គង ឬទទួលវិន័យទណ្ឌកម្ម និងសូមជូនពរលោកឧត្តមសេនីយ៍ ទទួលតួនាទី ភារកិច្ចនៅកន្លែងថ្មី បន្តទទួលបានជោគជ័យ។ 
   នាយឧត្តមសេនីយ៍ សៅ សុខា បានបន្ថែមថា៖ ចំពោះមេបញ្ជាការ ដែលត្រូវទទួលបាននូវការតែងតាំងនាថ្ងៃនេះ គឺលោកឧត្តមសេនីយ៍ត្រី សោ សាវឿន គម្បីត្រូវយកចិត្តទុកដាក់នូវភារកិច្ចស្នូល ចំនួន ៣គឺ៖ 
១- ការងារគ្រប់គ្រង៖ ការគ្រប់គ្រងមនុស្ស ត្រូវយល់ដឹង និងអនុវត្ត ៧ចំណុច ដូចខាងក្រោម៖ ហូប, ស្លៀកពាក់, ស្នាក់នៅ, សុខភាព, អប់រំ រៀនសូត្រ, មធ្យោបាយធ្វើដំណើរ, កំសាន្តសប្បាយ និងដោះស្រាយទុក្ខលំបាក, ការងារ ថែទាំមធ្យោបាយ បរិក្ខារ និងគ្រឿងបំពាក់។ ការងារគ្រប់គ្រងអចលនទ្រព្យ
ដំណើរការ ការងារតាមបែបបទរដ្ឋបាល និងឋានានុក្រមកងទ័ព។ 
២- ការងារកសាងអង្គភាព៖ ទីកន្លែងធ្វើការងារ
, ទីកន្លែងអប់រំ ហ្វឹកហ្វឺន រៀនសូត្រ, ទីកន្លែងសម្រាប់ការស្នាក់នៅហូបចុករបស់កងទ័ពក្នុងអង្គភាព។
៣- ការងារដឹកនាំ គ្រប់គ្រង បញ្ជា៖ អង្គភាពមានសណ្តាប់ធ្នាប់, កងទ័ពមានវិន័យល្អ, ផ្ទៃក្នុងមានសាមគ្គីឯកភាព, មានស្មារតីឆន្ទៈ មនសិការ ស្មោះត្រង់ អង់អាចក្លាហាន ឧស្សាហ៍ព្យាយាម យល់ច្បាស់ តួនាទី ភារកិច្ច គោរពច្បាប់ វិន័យកងទ័ព, ក្រមសីលធម៌វិជ្ជាជីវៈកងរាជអាវុធហត្ថ សហការសម្រេចភារកិច្ច។ 
ដើម្បីសម្រេចបាននូវតួនាទី ភារកិច្ចខាងលើ ត្រូវក្តាប់ជាប់នឹងអនុវត្តដោយម៉ឺងម៉ាត់នូវទិសស្លោកទាំង ៤ឃ្លា ដូចខាងក្រោម៖ «ចំពោះប្រទេសជាតិ ត្រូវតែការពារ, ចំពោះប្រជាត្រូវតែបម្រើ, ច្បាប់ត្រូវតែគោរព, បទល្មើស ត្រូវតែបង្ក្រាប»។ 
   នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់ថា៖ «បុគ្គលិក គឺមានចំនួនដដែល  ថវិកាក៏មានចំនួនដដែល ឱកាស គឺ ៥ឆ្នាំ បើធ្វើបានល្អ បន្ថែម ៥ឆ្នាំបន្ត ប៉ុន្តែរយៈពេល ២ឆ្នាំកន្លះ នឹងត្រូវធ្វើការត្រួតពិនិត្យ-វាយតម្លៃ បើគ្មានការវិវឌ្ឍជឿនលឿនថ្មី តាមការចង្អុលបង្ហាញដូចដែលបានរៀបរាប់ខាងលើទេ  ត្រូវធ្វើការពិនិត្យ-វាយតម្លៃ ដើម្បីផ្លាស់ប្តូរ រកអ្នកមានសមត្ថភាព និងលក្ខណសម្បត្តិដូចបានលើកឡើងខាងលើ»។ 
   នាយឧត្តមសេនីយ៍ សង្កត់ធ្ងន់ថា៖ ក្នុងការអនុវត្តតួនាទី ភារកិច្ច ត្រូវប្រកាន់ខ្ជាប់ការគោរពសិទ្ធិសេរីភាព សេចក្តីថ្លៃថ្នូររបស់មនុស្ស រីឯការអនុវត្តតួនាទី ភារកិច្ចផ្នែកនគរបាលយុត្តិធម៌ ត្រូវយកចិត្តទុកដាក់លើផ្នែកនីតិវិធីសង្ឃឹមជឿជាក់ លើស្មារតីទទួលខុសត្រូវរបស់អស់លោក តាមតួនាទី ភារកិច្ច រៀងៗខ្លួន។ អភិបាល នៃគណៈអភិបាលខេត្ត ជួយគាំទ្រ ដឹកនាំចង្អុលការតាមភារកិច្ចជាក់ស្តែង, ប្រធានតុលាការ ចៅក្រម ព្រះរាជអាជ្ញា ដឹកនាំសម្របសម្រួលកិច្ចការនគរបាលយុត្តិធម៌ ដោយមានការទទួលខុសត្រូវ, ប្រជាជន តាមដាននូវការអនុវត្តការអនុវត្តន៍តួនាទី ភារកិច្ច និងវិន័យកងរាជអាវុធហត្ថ និងរួមគ្នាគោរពច្បាប់ ដើម្បីកសាងកម្ពុជាជាព្រះរាជាណាចក្រនីតិរដ្ឋ។ 
នាយឧត្តមសេនីយ៍ សុខា ក៏បានបញ្ជាក់ចុងក្រោយថា៖ «ប្រព័ន្ធផ្សព្វផ្សាយ ជួយតាមដានការអនុវត្តន៍តួនាទី ភារកិច្ច ក៏ដូចជាវិន័យកងរាជអាវុធហត្ថ ផ្តល់នូវរាល់ព័ត៌មានពិត ដើម្បីចូលរួមកសាង កងរាជអាវុធហត្ថមួយឱ្យក្លាយទៅជាកម្លាំងរបស់ជាតិ ដែលបង្កើតឡើងដើម្បីបម្រើផលប្រយោជន៍របស់ប្រជាជន និងប្រទេសជាតិ»៕