2024-04-24 08:04
21

ខេត្តរតនគិរី: បន្ទាប់ពីបានដំណើរការទៅរយៈពេលពេញ១ព្រឹករួចមក កិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមប្រចាំឆ្នាំ២០២៣ និងផ្សព្វផ្សាយទិសដៅការងាររបស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិឆ្នាំ២០២៤របស់ស្នងការដ្ឋាននគរបាលខេត្តរតនគិរីត្រូវប្រារព្ធពិធីបិទនៅ រសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក កឹង ឃន អគ្គស្នងការរង និងជាតំណាង ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម ងិន ណែល អភិបាលខេត្តស្តីទី។
បន្ទាប់ពីលោក ឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការនគរបាលខេត្ត បានធ្វើរបាយការណ៍បូកសរុបលទ្ធផលកិច្ចប្រជុំការងារប្រចាំឆ្នាំ២០២៣ និងផ្សព្វផ្សាយផែនការរបស់អគ្គស្នងការដ្ឋានឆ្នាំ២០២៤ រួចមកឯកឧត្តម ងិនណែល អភិបាលខេត្តស្តីទី ធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ដែលបានខិតខំយកអស់កម្លាំងកាយ ចិត្ត ប្រាជ្ញាស្មារតី បំពេញតួនាទីភារកិច្ចបានល្អប្រសើរ ។ ពិសេសចូលរួមសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ការពារសន្តិសុខសម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិកន្លមកនេះ។ថ្លែងក្នុងពិធីបិទកិច្ចប្រជុំនាឱកាសនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក កឹង ឃន អគ្គស្នងការរងនគរបាលជាតិបានធ្វើការផ្តាំផ្ញើដល់មន្រ្តីនគរបាលគ្រប់ជាន់ថ្នាក់នៅទូទាំងខេត្តរតនគិរី រួមសាមគ្គីគ្នា ដើម្បីការពារនូវសន្តិភាព ទោះបីជាត្រូវលះបង់ដោយតម្លៃណាក៏ដោយ ព្រោះថាយើងបានឆ្លងកាត់ការលំបាក និងពុះពារឧបសគ្គច្រើនណាស់ទំរាំតែទទួលបានសន្តិភាព។ ត្រូវពង្រឹងខឿនសន្តិសុខជាតិ ឯករាជ្យ អធិបតេយ្យភាពជាតិ បូរណភាពទឹកដី ទប់ស្កាត់ និងបញ្ចៀសឱ្យបាននូវអំពើភេរវកម្ម វិច្ឆេទកម្ម និងបង្ការទប់ស្កាត់ បង្ក្រាបឱ្យបានទាន់ពេលវេលា នូវឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ។ ត្រូវលើកកម្ពស់ស្មារតីទទួលខុសត្រូវ ក្នុងការធានាគ្រប់គ្រងសភាពការណ៍ដោយផ្តោតលើរក្សាសណ្តាប់ធ្នាប់សាធារណៈ បង្ការ ទប់ស្កាត់ និងដោះស្រាយទំនាស់នានានៅមូលដ្ឋាន ដោយមិនទុកឱ្យរីករាលដាល និងរ៉ាំរ៉ៃ។ ត្រូវជំរុញការអនុវត្តនូវគោលនយោបាយ «ភូមិ ឃុំមានសុវត្ថិភាព» ក៏ដូចជាយុទ្ធនាការសំខាន់ៗរបស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ សំដៅកាត់បន្ថយនូវបទល្មើសគ្រប់ប្រភេទ។ ត្រូវរឹតបន្ដឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ឱ្យបានម៉ឺងម៉ាត់ មានប្រសិទ្ធភាព សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរ និងចំនួនជនរងគ្រោះឱ្យបានជាអតិបរិមា ព្រមទាំងកែលម្អស្ថានភាពចរាចរណ៍ ឱ្យមានសណ្តាប់ធ្នាប់កាន់តែប្រសើរថែមទៀត។ បន្តជំរុញការអនុវត្តន៍ផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន របស់រាជរដ្ឋាភិបាល ទប់ស្កាត់នូវការលួចនាំចូលពីក្រៅប្រទេស ការលួចលាក់កែច្នៃសំយោគសារធាតុញៀននៅក្នុងប្រទេស និងលុបបំបាត់ការប្រើប្រាស់គ្រឿងញៀន នៅតាមទីតាំងសប្បាយនានា រួមទាំងទីកន្លែងដែលងាយកើតមាននូវបទល្មើសប្រភេទនេះ ដោយប្រកាន់ខ្ជាប់នូវទិសស្លោក “បីកុំ មួយរាយការណ៍ »។
   ឯកឧត្តមឧត្តមសេនីយ៍ឯក បានបន្តថា ទន្ទឹមនេះ កែប្រែឥរិយាបថ និងទម្លាប់ក្នុងការបំពេញការងារ ឱ្យស័ក្តិសមជាមន្ត្រីបម្រើប្រជាពលរដ្ឋ និងកែលម្អរបៀបគ្រប់គ្រងរបស់ខ្លួន ផ្អែកតាមគោលនយោបាយ កំណែទម្រង់អភិបាលកិច្ចល្អ របស់រាជរដ្ឋាភិបាល គឺជាមធ្យោ បាយឆ្ពោះទៅរកប្រសិទ្ធភាព ក្នុងការគ្រប់គ្រង ចាត់ចែង និងការអនុវត្តន៍ការងារ កាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលនាពេលខាងមុខ៕