2024-04-24 08:04
15

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានបញ្ចាក់ក្រោយកិច្ចប្រជុំសម្របសម្រួលបច្ចេកទេសកាលពីពេលថ្មីៗនេះថា រដ្ឋបាលខេត្តព្រះសីហនុ សហការជាមួយសមាគមទេសចរណ៍ (CATA)និងសមាគមហោះហើរប្រទេសថៃ(TEAA) ក្រោមកិច្ចសម្របសម្រួលពី រដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិលកម្ពុជា នឹងរៀបចំកម្មវិធី ហោះហើរមិត្តភាពកម្ពុជា-ថៃ ឆ្នាំ២០២៤ “Cambodia-Thai Friendship Air Show 2024” នាថ្ងៃទី ២៦-២៧ ខែ មេសា ឆ្នាំ ២០២៤ នៅទីលានតេជោ(ពយតាមូង) ស្ថិតក្នុងសង្កាត់លេខ ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
   លោកអភិបាលរងខេត្តបានបញ្ជាក់បន្ថែមទៀតថានេះជាព្រឹត្តិការណ៍លើកដំបូងក្នុងប្រទេសកម្ពុជា ដែលមានយន្តហោះខ្នាតតូចចំនួន១៦ គ្រឿងនឹងហោះពីប្រទេសថៃ មកចុះចតនៅអាកាសយានដ្ឋានអន្តរជាតិកងកេងខេត្តព្រះសីហនុ ដើម្បីត្រៀមធ្វើការហោះហើរសម្តែងជូនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ បានទស្សនាកម្សាន្ត ក៏ដូចជាផ្តល់ឱកាសឱ្យអ្នកសារព័ត៌មានទូទៅអាចថតរូបនិងផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍របស់ខេត្តព្រះសីហនុផងដែរ។
  លោកអភិបាលរងខេត្ត បានគូសបញ្ជាក់ឲ្យដឹងផងដែរថា គោលបំណងនៃព្រឹត្តិការណ៍នេះ គឺមានទិសដៅស្របគ្នាទៅនឹងគោលនយោបាយបើកចំហជើងមេឃ របស់រាជរដ្ឋាភិបាល និងមានគោលដៅលើកស្ទួយ វិស័យទេសចរណ៍ និងធុរកិច្ចរវាងកម្ពុជា-ថៃ តាម                  រយៈការឆ្លុះបញ្ចាំងអំពីមិត្តភាពដ៏ល្អរបស់ប្រទេសទាំងពីរផងដែរ៕