2024-05-08 10:05
185

ត្បូងឃ្មុំ ៖ ផ្ទះប្រជាពលរដ្ឋចំនួន ៤ខ្នង សង់ជាប់ៗគ្នាត្រូវបានអគ្គិភ័យឆាបឆេះអស់ស្ទើរទាំងស្រុង ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង ១០ និង៤៥នាទី ព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ ស្ថិតនៅក្នុងភូមិល្អក់ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឱ្យដឹងថាម្ចាស់ផ្ទះរងគ្រោះទី១ ឈ្មោះ ខ្លេង ម៉ៅ ភេទប្រុស អាយុ ៦៨ឆ្នាំ ផ្ទះនេះសង់ពីឈើប្រក់ក្បឿង មានទំហំ ៧ម៉ែត្រ x ៨ម៉ែត្រ  ទី២- ឈ្មោះ ម៉ៅ ចាន់ថេន ភេទប្រុស អាយុ ៤២ឆ្នាំ ផ្ទះនេះសង់ពីឈើប្រក់ស័ង្កសី មានទំហំ ៦ម៉ែត្រ x ៨ម៉ែត្រ ។ ទី៣- ឈ្មោះ ម៉ៅ មឿន ភេទប្រុស អាយុ ៤៦ឆ្នាំ ផ្ទះនេះសង់ពីឈើប្រក់ក្បឿង មានទំហំ ៧ម៉ែត្រ x ៩ម៉ែត្រ និង ទី៤- ឈ្មោះ នៅ សាំង ភេទប្រុស អាយុ ៤៧ឆ្នាំ ផ្ទះនេះសង់ពីឈើប្រក់ក្បឿង មានទំហំ ៦ម៉ែត្រ x ៧ម៉ែត្រ ។

នៅក្នុងហេតុការណ៍ខាងលើនេះក៏មានសមត្ថកិច្ចជំនាញបានចេញទៅជួយអន្តរាគមន៍ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន១០គ្រឿង រួមមានរថយន្តរបស់អធិការដ្ឋាននគរបាលស្រុកពញាក្រែក ០១គ្រឿង រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្ត ០២គ្រឿង, រថយន្តអធិការដ្ឋាននគរបាលស្រុកមេមត់០១គ្រឿង, រថយន្តអធិការដ្ឋាននគរបាលក្រុងសួង ០១គ្រឿង រថយន្តអធិការដ្ឋាននគរបាលស្រុកតំបែរ ០១គ្រឿង និងរថយន្តជំនួយរបស់ក្រុមហ៊ុនចំការកៅស៊ូក្រែក ចំនួន ០៤គ្រឿង ផងដែរទើបអាចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង។

ចំពោះមូលហេតុដែលនាំឲ្យមានអគ្គិភ័យនេះកើតឡើងសមត្ថកិច្ចបានធ្វើការសន្និដ្ឋានជា  ជំហានដំបូងថាបណ្តាលពីឆ្លងចរន្តអគ្គិសនី ។