2024-05-08 12:05
208

វគ្គបណ្តុះបណ្តាលនេះប្រារព្ធធ្វើឡើងនៅសាលប្រជុំអគារDសាលាខេត្តរតនគិរីព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម មួង ប៉ាង អភិបាលរងខេត្តរតនគិរី និងមានការអញ្ជើញចូលរួមជាសិក្ខាកាម ពីសំណាក់លោក លោកស្រីនាយករងរដ្ឋបាលខេត្ត លោក លោកស្រីនាយកទីចាត់ការ ប្រធានអង្គភាពក្នុងរចនាសម្ព័ន្ធសាលាខេត្ត អភិបាល អភិបាលរងក្រុង ស្រុក នាយក នាយករងរដ្ឋបាល ការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុនៃក្រុង ស្រុក លោក លោកស្រីមេឃុំ ចៅសង្កាត់ និងស្មៀនឃុំ សង្កាត់ លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្តជាច្រើនរូបទៀតផងដែរ។

ថ្លែងបើកវគ្គបណ្តុះបណ្តាលនេះ ឯកឧត្តម មួង ប៉ាង បានលើកឡើងថា កិច្ចការរៀបចំវេទិការវាងរាជរដ្ឋាភិបាលនិងរដ្ឋបាលថ្នាក់ក្រោមជាតិ គឺជាកិច្ចការថ្មីមួយសម្រាប់យើងទាំងអស់គ្នា ជាពិសេស នៅក្នុងអាណត្តិថ្មីរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត និងភាព ស្វាហាប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចតែងតែផ្តល់ការគាំទ្រ និងជំរុញដល់ការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ធ្វើយ៉ាងណាឱ្យកំណែទម្រង់នេះបានប្រែក្លាយកាន់តែមុតស្រួច និងស៊ីជម្រៅដើម្បីចូលរួមសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍កម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ និងផែនការយុទ្ធសាស្ត្របញ្ចកោណដំណាក់ទី១ របស់រាជរដ្ឋាភិបាល ដើម្បីប្រែក្លាយកម្ពុជា ទៅសម្រេចបានជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយទៅជាប្រទេសអ្នក មាននៅឆ្នាំ២០៥០។

ឯកឧត្តម អភិបាលរងខេត្តបន្តថា ក្រោមគំនិតផ្តួចផ្តើម និងអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គ.ជ.អ.ប បានរៀបចំនូវឯកសារទស្សនទានស្តីពីការរៀបចំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ អំពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចឱ្យបាននូវចក្ខុវិស័យរបស់កម្ពុជាឆ្នាំ២០៥០ ហើយឯកសារទស្សនទាននេះ ត្រូវបានប្រមុខរាជរដ្ឋាភិបាលផ្តល់ការឯកភាព។ បន្ទាប់ ពីទទួលបានការឯកភាពពីប្រមុខរាជរដ្ឋាភិបាល គ.ជ.អ.ប បានរៀបចំដាក់ចេញនូវឯកសារសំខាន់ពីរ ដើម្បីធានាដល់ការអនុវត្តទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ឯកសារទី១ គឺសេចក្តីណែនាំបច្ចេកទេសស្តីពីដំណើរការនៃការរៀបចំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ និងឯកសារទី២ គឺផែនការអនុវត្ត ដែលកំណត់ អំពីសកម្មភាពជាអាទិភាព រួជាមួយក្របខណ្ឌ នីតិវិធី និងស្ថាប័នដែលត្រូវអនុវត្ត។ ឯកសារទាំងពីរនេះ ត្រូវបាន ផ្សព្វផ្សាយកាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤កន្លងទៅនេះ ក្នុងក្របខណ្ឌថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួងស្ថាប័ន និងរដ្ឋបាលរាជធានី ខេត្ត។ ដូច្នេះហើយ ឱកាសនេះ គឺជាការរៀបចំផ្សព្វផ្សាយ និងបណ្តុះបណ្តាលលម្អិត ជូនដល់ លោក លោកស្រីថ្នាក់ដឹកនាំនៃមន្ទីរ អង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ក្នុងការទទួលយកនូវ ព័ត៌មានសម្រាប់យកទៅអនុវត្តនៅពេលខាងមុខ៕