2024-05-08 12:05
221

(គៀវ)៖ សេវាសន្តិសុខរដ្ឋរបស់អ៊ុយក្រែនបាននិយាយថា ខ្លួនបានចាប់ខ្លួនភ្នាក់ងាររុស្ស៊ីពីរនាក់ ដែលគ្រោងនឹងធ្វើឃាតប្រធានាធិបតី លោក Volodymyr Zelensky និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀតជា «អំណោយ» ដល់លោកវ្ល៉ាឌីមៀ ពូទីន ខណៈដែលលោកបានស្បថចូលកាន់តំណែងអាណត្តិថ្មី នៅក្នុងវិមានក្រឹមឡាំងកាលពីថ្ងៃអង្គារ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤។

សេវាសន្តិសុខអ៊ុយក្រែន (SBU) បាននិយាយតាមរយៈកម្មវិធី Telegram ថា បុរសទាំងពីរនាក់ ជាសមាជិកសេវាឆ្មាំការងាររអ៊ុយក្រែន ត្រូវបានជ្រើសរើសដោយសេវាសន្តិសុខសហព័ន្ធ (FSB) របស់រុស្ស៊ី ហើយបានចែករំលែកព័ត៌មានសម្ងាត់ទៅកាន់ទីក្រុងម៉ូស្គូ។សេចក្តីថ្លែងការណ៍របស់សេវាសន្តិសុខអ៊ុយក្រែនបាននិយាយថា ពួកគេបានទទួលតួនាទីក្នុងការស្វែងរកមនុស្សជិតស្និទ្ធនឹងអង្គរក្សការពារប្រធានាធិបតី Zelensky ហើយចាប់លោកធ្វើជាចំណាប់ខ្មាំង ហើយបន្ទាប់មកទើបសម្លាប់តាមក្រោយ។ ទោះជាយ៉ាងណាក៏ដោយ SBU មិនបានបញ្ជាក់ពីពេលវេលា ដែលគម្រោងនេះត្រូវបានរារាំង                នោះទេ ខណៈដែលមិនទាន់មានការឆ្លើយតបភ្លាមៗពីក្រុងម៉ូស្គូទាក់ទងនឹងការចោទប្រកាន់ទាំងនេះដែរ។ 

កាលពីខែមុន នៅពេលសួរអំពីការចាប់ខ្លួនបុគ្គលម្នាក់ក្នុងប្រទេសប៉ូឡូញ ដែលត្រូវបានគេចោទប្រកាន់ពីបទសហការជាមួយចារកម្មរុស្ស៊ី ក្នុងការប៉ុនប៉ងធ្វើឃាតស្រដៀងគ្នានេះ វិមានក្រឹមឡាំងបានបដិសេធមិនធ្វើអត្ថាធិប្បាយនោះទេ។

សូមជម្រាបថា កាលពីកន្លងទៅនេះ លោក Zelensky បានបង្ហើបឱ្យដឹងថា កងកម្លាំងសន្តិសុខរបស់លោក ក៏ធ្លាប់បានរារាំងការប៉ុនប៉ងធ្វើឃាតជាច្រើនដងប្រឆាំងនឹងរូបលោកផងដែរ។ លោកថា រុស្សីក៏មានផែនការដើម្បីធ្វើឃាត ប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់យោធាអ៊ុយក្រែនទៀតផង៕