2024-05-09 01:05
212

ពិធីនេះបានរៀបចំឡើង នៅសាលមហោស្រពរតនៈ ព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ញ៉ែម សំអឿន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត និងជាអភិបាលខេត្តរតនគិរី និងលោកជំទាវ ។

បន្ទាប់ពីលោកជំទាវ ញាន ទិត្យចិន្តា អភិបាលរងខេត្ត និងជាអនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត មានប្រសាសន៍ស្វាគមន៍រួចមក ឯកឧត្តម ញ៉ែម សំអឿន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្ត និងជាអភិបាលខេត្តរតនគិរី បានអានសារលិខិតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាដោយសារលិខិតបានបញ្ជាក់ថា ក្នុងឱកាសខួប ១៦១ ទិវាពិភពលោកកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤ សម្រាប់ឆ្នាំ២០២៤នេះ ប្រធានបទ “រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ” គឺមានគោលបំណងសំខាន់បង្ហាញពីការប្តេជ្ញាចិត្តរបស់កាកបាទក្រហមកម្ពុជា បន្តកិច្ចខិតខំប្រឹងប្រែងពង្រឹង និងពង្រីកការអប់រំផ្សព្វផ្សាយស្តីពីការថែទាំសុខភាពបឋមតាមសហគមន៍ និង ពង្រឹងភាពធន់នឹងអាកាសធាតុ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តវិធានការគន្លឹះនានា ជាពិសេសក្នុងរដូវប្រាំងឆ្នាំនេះ ដែលកម្ដៅកើនឡើងខ្ពស់មិនធ្លាប់ដែលមាន ដើម្បីពង្រឹងសេវាថែទាំសុខភាព ឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល ធានាសុវត្ថិភាពសុខភាព និងការលើកកម្ពស់សុខុមាលភាព និង ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះដែរ កាកបាទក្រហមកម្ពុជាត្រូវតែលើកកម្ពស់ស្មារតីក្នុងការអនុវត្ត វិធានការនានា ដែលត្រូវឆ្លើយតបជាចាំបាច់ទៅនឹងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ ជាពិសេសសម្ពាធ នៃការកើនកម្ដៅ ដែលកំពុងបង្កឱ្យមានផលប៉ះពាល់អវិជ្ជមានជាច្រើនដល់ធម្មជាតិ សុខភាព សេដ្ឋកិច្ច។ល។ 

ឯកឧត្តម ញ៉ែ សំអឿន ក៏បានបញ្ជាក់បន្ថែម ផងដែរថាក្រោមប្រធានបទ ” រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ ” ពិតជាមានសារៈសំខាន់សម្រាប់ កាកបាទក្រហមកម្ពុជា ក៏ដូចជា សាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី សម្រាប់អាជ្ញាធរខេត្ត និងប្រជាជនទូទាំងខេត្ត រួមគ្នាដើម្បីបុព្វហេតុមនុស្សធម៌ សំដៅជួយ ដល់ជនរងគ្រោះ និងជនងាយរងគ្រោះ តាមរយៈការជួយសម្រាល ជនរងគ្រោះដោយគ្រោះមហន្តរាយនានា និងការថែទាំសុខភាពតាមសហគមន៍ ព្រមទាំងសកម្មភាពមនុស្សធម៌ផ្សេងៗទៀត។ ក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្តមអភិបាលខេត្ត អំពាវនាវ ដល់សប្បុរសជនទាំងអស់ សូមបន្តកិច្ចខិតខំចូលរួមចំណែកជួយ និងសហការគ្នាឲ្យបានយ៉ាងសកម្ម និង រស់រវើកឲ្យប្រែក្លាយជាកម្លាំងចលករ របស់កាកបាទក្រហមកម្ពុជា សម្រាប់ដោះស្រាយ រាល់បញ្ហាប្រឈមទាំងឡាយរបស់ប្រជាជន ក្នុងអត្ថន័យបាវចនាសង្គ្រោះជីវិតផ្លាស់ប្តូរផ្នត់គំនិត (ធ្វើឲ្យបានកាន់តែច្រើនជាងមុន ធ្វើឲ្យបានកាន់តែល្អជាងមុន ធ្វើឲ្យបានកាន់តែស៊ីជម្រៅ និងទៅឲ្យបាន កាន់តែឆ្ងាយជាងមុន) ដោយឈរលើគោលការណ៍គ្រឹះ ទាំង៧ របស់ចលនា ក្នុងគ្រប់កាលៈទេសៈ តាមទិសស្លោក «ទីណាមានទុក្ខលំបាកទីនោះ មានកាកបាទក្រហមកម្ពុជា» «រួមកម្លាំងគ្នា ដើម្បីមនុស្សធម៌» «វប្បធម៌ ចែករំ លែកចាប់ ផ្តើមពីខ្ញុំ» «រួមគ្នាអនុវត្ត» «ថ្ងៃនេះថ្ងៃស្អែកគ្មានគ្រោះថ្នាក់ចរាចរណ៍ គ្មានគ្រោះអគ្គិភ័យ» «ការលើកកម្ពស់សុខភាពស្ត្រី ទារក និងកុមារ គឺជាគន្លឹះដ៏សំខាន់ ក្នុងការអភិវឌ្ឍប្រកបដោយចីរភាព»

ក្នុងឱកាសនោះផងដែរឯកឧត្តម ញ៉ែម សំអឿន ក៏បានមានប្រសាសន៍ផ្តាំផ្ញើដល់អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ពិសេសថ្នាក់ដឹកនាំ សាខា អនុសាខា ត្រូវយកចិត្តទុកដាក់ជាប្រចាំ តាមដានសភាពការណ៍ ដែលបានកើតឡើង ជាពិសេសករណីគ្រោះមហន្តរាយផ្សេងៗ ដែលប្រជាពលរដ្ឋរស់នៅ តាមសហគមន៍មូលដ្ឋានរបស់ខ្លួន ដើម្បីឆ្លើយតប និងដោះស្រាយឲ្យបានទាន់ពេលវេលា ៕