2024-05-09 01:05
213

ភ្នំពេញ៖ ក្រុមនារីហុកគីជម្រើសជាតិកម្ពុជា នឹងចាកចេញពីប្រទេសកម្ពុជា នៅថ្ងៃព្រហស្បតិ៍ ទី០៩ ខែឧសភា ឆ្នាំ២០២៤ ឆ្ពោះទៅកាន់ខេត្តឈុនបុរី ប្រទេសថៃ ដើម្បីប្រកួតជើងឯកអាស៊ី ឬ 2024 Women's Indoor Hockey Asia Cup ដែលប្រព្រឹត្តទៅពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ។

លោក កាំង សុធា អគ្គលេខាធិការសហព័ន្ធកីឡាហុកគីកម្ពុជា បាននិយាថា៖ ការប្រកួតនេះមាន ១០ប្រទេសចូលរួមបែងចែកជា ២ពូល ហើយក្រុមនារីកម្ពុជា ស្ថិតនៅពូល B ដែលមានម្ចាស់ផ្ទះថៃ, សិង្ហបុរី, ឥណ្ឌូនេស៊ី និង វៀតណាម។ 

នេះជាលើកទី២ ហើយដែលក្រុមនារីជម្រើសជាតិកម្ពុជា បានចូលរួមព្រឹត្តិការណ៍ដ៏ធំកម្រិតទ្វីប ដោយលើកទី១ កាលឆ្នាំទៅមិញ ទទួលបានចំណាត់ថ្នាក់លេខ២ ក្នុងចំណោម ១២ប្រទេស។ 

ដោយសារតែក្រុមនារីកម្ពុជា បានចូលរួមការប្រកួតមិត្តភាពអន្តរជាតិផ្លូវការមួយកាលខែកុម្ភៈ កន្លងទៅ នៅខេត្តសារ៉ាក់បុរី ប្រទេសថៃដើម្បីវាស់ស្ទង់សមត្ថភាព ហើយទទួលបានមេដាយសំរឹទ្ធ បូករួមទាំងការទទួលបានមេដាយសំរឹទ្ធនៅស៊ីហ្គេម២០២៣ ផងនោះ លោក កាំង សុធា ជឿជាក់ថា៖ កូនក្រុមនឹងអាចទទួលបានលទ្ធផលល្អក្នុងការប្រកួតជើងឯកអាស៊ី ២០២៤។ លោកអគ្គលេខាធិការដដែលសង្កត់ធ្ងន់ថា៖ “ប្រសិនបើទទួលបានលទ្ធផលល្អ ក្រុមនារីនឹងអាចមានឱកាសទៅប្រកួត Asian Martial Arts នាពេលខាងមុខ”។

គួរដឹងដែរថា ពូល A នៃ 2024 Women's Indoor Hockey Asia Cup មានអុីរ៉ង់ កាហ្សាក់ស្ថាន ម៉ាឡេស៊ី, នេប៉ាល់ និង អូម៉ង់។ ក្រុមលេខ១ និងលេខ២ តាមពូលនីមួយៗនឹងឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ បន្តរហូតដល់ឃើញម្ចាស់ជើងឯក៕