2024-05-09 01:05
246

ខេត្តសៀមរាប ៖ យ៉ាងហោចណាស់ ក៏មានពលរដ្ឋម្នាក់បានស្លាប់និងម្នាក់ទៀតបានរងរបួសក្នុងហេតុការណ៍គ្រោះធម្មជាតិដោយរន្ទះបាញ់នៅរសៀលថ្ងៃនេះ គួរឱ្យរន្ធត់បំផុត។

ហេតុការណ៍បានកើតឡើង នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១៤និង៤០នាទី ត្រង់ចំណុចត្រពាំងក្បាលក្របី ស្ថិតក្នុងទឹកដី ភូមិរំដួល ឃុំរើល ស្រុកពួក ខេត្តសៀមរាប។

សមត្ថកិច្ចបានប្រាប់ថា ៖ នៅរសៀលថ្ងៃមិញនេះ  មានភ្លៀងខ្យល់ និងផ្គររន្ទះបាញ់បណ្ដាលឲ្យស្លាប់ជនរងគ្រោះម្នាក់និងរបួសធ្ងន់ម្នាក់គឺរួមមាន ៖ 

ជនរងគ្រោះទី១ ឈ្មោះ កុក មិនា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិក្បាលក្រពើ ឃុំរើល ស្រុកពួក ខេត្តសៀមរាប (ស្លាប់នៅនឹងកន្លែង)។

ជនរងគ្រោះទី២ ឈ្មោះ នៅ ចាន់ ហៅណាំ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិក្បាលក្រពើ ឃុំរើល ស្រុកពួក ខេត្តសៀមរាប ជុំគ្នា (រងរបួសធ្ងន់កំពុងសង្គ្រោះនៅមន្ទីរពេទ្យបង្អែកពួក)។

សមត្ថកិច្ចបានបន្តថា ៖ ក្នុងហេតុការណ៍: ជនរងគ្រោះមានគ្នា៣នាក់ (ម្នាក់ទៀតជាឪពុកឈ្មោះ តិត កុក អាយុ៥៣ឆ្នាំ) កំពុងភ្ជួរស្រែគោយន្តកន្ត្រៃ ខណ:នោះឪពុកជាអ្នកភ្ជួរហើយ២នាក់ខាងលើឈរមើល មានភ្លៀងនិងរន្ទះបាញ់តែម្ដង។ ក្រោយហេតុការណ៍ឪពុកបានរត់មកហៅបងប្អូននៅក្នុងភូមិរំដួល ចម្ងាយប្រហែល២០០០ម៉ែត្រដើម្បីទៅជួយសង្គ្រោះដឹកជនរងគ្រោះមកមណ្ឌលសុខភាពឃុំរើល តែជនរងគ្រោះម្នាក់បានស្លាប់ និងម្នាក់របស់ធ្ងន់កំពុងសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យបង្អែកពួក។ 

ក្រសួងធនធានទឹក និងឧតុនិយម សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤៖ សម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។

ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤៖

១. តំបន់វាលទំនាប ៖ 

-សីតុណ្ហភាពអប្បបរមា២៥°C និងសីតុណ្ហភាពអតិបរមា៣៦°C។ ខ្យល់បក់មកពីទិសអាគ្នេយ៍ និងទិសនិរតី មានល្បឿនមធ្យម៣,៥ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យ សៀមរាប បាត់ដំបង កំពង់ចាម ស្វាយរៀង ព្រៃវែង កណ្តាល តាកែវ និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី២០%។

២.តំបន់ខ្ពង់រាប ៖ 

-សីតុណ្ហភាពអប្បបរមា២៤°C និងសីតុណ្ហភាពអតិបរមា៣៧°C។ ខ្យល់បក់មកពីទិសបស្ចិម និងទិសនិរតី មានល្បឿនមធ្យម៣ម៉ែត្រ/វិនាទី។ ខេត្តឧត្តរមានជ័យ ព្រះវិហារ ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង ប៉ៃលិន និងតំបន់ជួរភ្នំក្រវាញអាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី២៥%។

៣.តំបន់មាត់សមុទ្រ ៖

-សីតុណ្ហភាពអប្បបរមា២៤°C និងសីតុណ្ហភាពអតិបរមា៣៥°C។ ខ្យល់បក់មកពីទិសនិរតី មានល្បឿន មធ្យម២,៥ម៉ែត្រ/វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី១៥%។ 

-រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,៥០ម៉ែត្រ៕