2024-05-10 01:05
211

ខេត្តកំពត៖ បុរសគម្រក់ម្នាក់ មានអាយុជិតចូលរណ្ដៅដីទៅវិញហើយ មិនព្រមរក្សាធម៌អាថ៌ និង សីលទានសម្រាប់ជាតិខាងមុខបន្ដទៀត បែរជាបណ្ដែតបណ្ដោយឲ្យតណ្ហាដឹកច្រមុះ ហើយលើកដៃចាប់រំលោភសេពសន្ថវៈ ទៅលើចៅស្រីម្នាក់ ទើបនឹងមានអាយុ១២ឆ្នាំ រហូតបានសម្រេចជាបន្ដបន្ទាប់ ចំនួន២លើក ហើយលទ្ធផល នៃអំពើអាក្រក់នេះ ក៏ត្រូវបានសមត្ថកិច្ចខេត្តកំពត បានចុះមកចាប់អូសក នាំមកផ្ដន្ទាទោសតាមច្បាប់។

ស្នងការដ្ឋាននគរបាលខេត្តកំពត បានសរសេរសារមួយ បង្ហោះនៅលើទំព័របណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់ខ្លួន កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ ថា «សូមជម្រាប ជូនបងប្អូនសាធារណជនឲ្យបានជ្រាប ថា ពាក់ព័ន្ធនឹងករណី ដែលមីង Somaly Mam ម៉ែចាស់ បានបង្ហោះសារ ពាក់ព័ន្ធនឹងករណីក្មេងស្រី អាយុ១២ឆ្នាំ ត្រូវជីតាចុង អាយុ៦៨ឆ្នាំ ចាប់រំលោភនោះ គឺ ករណីនេះ បានកើតឡើង នៅភូមិឈើនាង ឃុំបានៀវ ស្រុកឈូក ខេត្តកំពត។ ពាក់ព័ន្ធនឹងករណីខាងលើនេះ ជីតាចុងរូបនោះ ត្រូវបានសមត្ថកិច្ចរបស់យើង អនុវត្តនីតិវិធី និង ត្រូវបានចៅក្រមចេញដីកាឃុំខ្លួន ដាក់នៅក្នុងពន្ធនាគារខេត្តកំពត កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤»។

មន្រ្ដីនគរបាលស្រុកឈូក បានឲ្យដឹង ថា ជនត្រូវចោទ ឈ្មោះ ទៀង តាន់ អាយុ៦៨ឆ្នាំ ជនជាតិខ្មែរ មានមុខរបរជាសមាជិកភូមិ មានទីកន្លែងកំណើត និង ទីលំនៅភូមិព្រៃឈើនាង ឃុំបានៀវ ស្រុកឈូក ខេត្តកំពត។ បច្ចុប្បន្ន តុលាការខេត្តកំពត បានដាក់ជនត្រូវចោទ ឲ្យស្ថិតក្រោមការត្រួតពិនិត្យ ពីបទរំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោស ដែលបានប្រព្រឹត្តទៅលើក្មេងស្រីរងគ្រោះ នៅស្រុកឈូក ខេត្តកំពត កាលពីអំឡុងខែតុលា ឆ្នាំ២០២៣ និង ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមការចោទប្រកាន់ តាមបទល្មើស មានចែង និង បញ្ញត្តិ ឲ្យផ្តន្ទាទោស តាមមាត្រា ២៤១ នៃក្រមព្រហ្មទណ្ឌ។ តុលាការខេត្តកំពត បានសម្រេចចេញដីកាឃុំខ្លួន ជាបណ្តោះអាសន្ន លេខ៥៣៧១«ញ»ព្រ.ទ ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤៕