2024-05-10 03:05
244

ភ្នំពេញ៖ បុរសម្នាក់ បេីកម៉ូតូសណ្តោងរុឺម៉ក បញ្ច្រាសទិសដៅចរាចរណ៍ ក្នុងល្បឿនលឿន រេចង្កូត ជ្រុលទៅបុកម៉ូតូមួយគ្រឿងបើកបរដោយយុវជនម្នាក់ ចំពីមុខពេញទំហឹង បណ្ដាលឱ្យបុរសម្នាក់ប៉ើង ដួលបោកផ្ទប់នឹងថ្នល់បែកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីម៉ោង ១០និង៣០នាទីយប់ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ នៅតាមបណ្ដោយផ្លូវ ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ រ៉ុន អ៊ា អាយុ ២០ឆ្នាំ មុខរបរ កម្មករសំណង់ មានស្រុកកំណេីត នៅ ឃុំ ក្រាំងតាយ៉ង ស្រុកពាមជរ ខេត្តព្រៃវែង។
ប្រភពព័ត៌មាននៅកន្លែងកេីតហេតុបានឱ្យដឹងថា មុនពេលកេីតហេតុ គេបានឃេីញ បុរសម្នាក់ដែលជាអ្នកលក់សាច់ឆ្កែ បេីកម៉ូតូសណ្តោងរុឺម៉ក ពាក់ស្លាកលេខ ភ្នំពេញ 1GC-7186 យ៉ាងលឿន បញ្ច្រាសទិសដៅចរាចរណ៍ ក្នុងទិសដៅពីត្បូងទៅជេីង ខណមកដល់ចំណុចកេីតហេតុ

បានរេចង្កូតជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1K-8910 បើកដោយយុវជនម្នាក់ ចំពីមុខពេញទំហឹង បណ្ដាលឲ្យប៉ើងដួល បោកផ្ទប់នឹងថ្នល់បែកក្បាលស្លាប់នៅនឹងកន្លែង។ចំណែកឯម៉ូតូជនរងគ្រោះ ខ្ទេចមួយកំណាត់មុខ និងម៉ូតូសណ្តោងរុឺម៉ក ក្រឡាប់ផ្ងារជេីង បណ្តាឲ្យបើកបររងរបួសស្រាល។

បន្ទាប់ពីកេីតហេតុ សមត្ថកិច្ចមូលដ្ឋាន បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ឱ្យចុះមកវាស់វែងយក ម៉ូតូនឹងម៉ូតូសណ្ដោងរុឺម៉កទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ផ្លូគោងរងចាំដោះស្រាយគ្នានៅពេលក្រោយ ។ ចំណែកសព ជនរងគ្រោះ សមត្ថកិច្ចធ្វេីកំណត់ហេតុរួច បានប្រគល់ជូនសាច់ញាតិយកទៅធ្វេីបុណ្យតាមប្រពៃណី ៕