2024-05-10 16:09
551

ព្រៃវែង៖ នៅថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០២៤ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បានអញ្ជើញជូបសំណេះសំណាល និងបំពាក់ឯកសណ្ឋានយុវជនកាកបាទក្រហមកម្ពុជា ចំនួន ១០៧នាក់ ស្រី ៨១នាក់ នៅវិទ្យាល័យ ហ៊ុន សែន ពោធិ៍រៀង ក្រោមអធិបតីភាព ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីសមាជិកគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា គណៈកម្មាធិការអនុសាខាស្រុក មន្ត្រីប្រចាំការអនុសាខាស្រុក លោកប្រធានការិយាល័យអប់រំ ស្រុក លោកនាយកវិទ្យាល័យ លោកគ្រូ អ្នកគ្រូ និងយុវជនកាកបាទក្រហមកម្ពុជាថ្មី នៅវិទ្យាល័យ ហ៊ុន សែន ពោធិ៍រៀង ស្ថិតនៅស្រុកពោធិ៍រៀង ខេត្តព្រៃវែង។ 

នៅក្នុងឱកាសនោះដែរ ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ពីឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តិយសសាខា ជាពិសេសេសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន  ដល់យុវជនកាកបាទកម្ពុជាថ្មីទាំងអស់ ត្រូវសូមបន្ដខិតខំប្រឹងប្រែងរៀន សូត្រ ដើម្បីពង្រឹង និងពង្រីកចំណេះដឹងរបស់ខ្លួនឱ្យកាន់តែប្រសើរឡើងថែមទៀត ស្របតាមស្ថានភាពរីកចម្រើនរបស់ប្រទេសជាតិ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់ សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ដ្រី។ បន្ដពង្រឹង និងពង្រីកបណ្ដាញយុវជន កាកបាទក្រហមកម្ពុជា ពីក្នុងចំណោមសិស្សនៅវិទ្យាល័យ ដើម្បីផ្ដល់ឱកាសឱ្យពួកគេចូលរួមការងារមនុស្សធម៌ ជាប់ជាប្រចាំ។ 

ឯកឧត្ដម បន្តថា យុវជនកាកបាទក្រហមកម្ពុជាដែលបានបំពាក់ឯកសណ្ឋានថ្មីនេះ ត្រូវយកចិត្តទុកដាក់ជួយចំពោះសិស្ស និងយុវជនកាកបាទក្រហមកម្ពុជា ដែលមានជីវភាព ខ្វះខាត ហើយកំពុងសិក្សានៅតាមសាលា និងសិស្សកំព្រា  ព្រមទាំងប្រជាពលរដ្ឋនៅតាមសហគមន៍របស់ខ្លួន។ ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ពាក់មួកសុវត្ថិ ភាពរាល់ពេលធ្វើដំណើរតាមម៉ូតូ ពាក់ខ្សែក្រវ៉ាត់ពេលបើកបររថយន្ត និងជៀសអោយឆ្ងាយ ពីគ្រឿងស្រវឹង និងគ្រឿងញៀន។ 

សាខាខេត្ត បានឧបត្ថម្ភថវិកាជូនដល់យុវជនសរុបចំនួន១០៧ នាក់ ក្នុង ១នាក់ ទទួលបានថវិកាចំនួន ១០,០០០រៀល និងឯកសណ្ឋាន(អាវ មួក កន្សែង)ផងដែរ។ 
បញ្ជាក់៖ គិតត្រឹមថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ សាខាខេត្ត បានបំពាក់ឯកសណ្ឋានយុវជនកាកបាទក្រហមកម្ពុជា វិទ្យាល័យចំនួន ២ សរុបយុវជនចំនួន ២០៧នាក់ នៅស្រុកពារាំង ១វិទ្យាល័យ និងស្រុកពោធិ៍រៀង ១វិទ្យាល័យ៕