2024-05-10 05:05
228

មណ្ឌលគិរី៖ ពិតជាគួរឱ្យសោកស្តាយបំផុត ដែលដំរីញីមួយក្បាល បានស្លាប់នៅវេលាម៉ោង ៥និង៣៨នាទីព្រឹក នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤នេះ បន្ទាប់ពីត្រូវបានសង្រ្គោះចេញពីល្បាប់ភក់ ក្នុងអូរមួយកន្លែង នៃដែនជម្រកសត្វព្រៃភ្នំព្រេច កាលពីសប្តាហ៍មុននោះ ដោយមានស្នាមរបួសជើងធ្ងន់ធ្ងរ ដាច់ចំណីច្រើនថ្ងៃ។

មន្ត្រីនៃមន្ទីរបរិស្ថានមណ្ឌលគិរី បានឱ្យដឹងថា៖ «សត្វដំរីព្រៃញីមួយក្បាល ដែលក្រុមមន្ត្រីជំនាញបរិស្ថាន និងផ្នែកអភិរក្សសត្វព្រៃបានជួយសង្គ្រោះចេញពីភក់ក្នុងដែនជំរកសត្វព្រៃភ្នំព្រេច បានស្លាប់បាត់បង់ជីវិតហើយដោយសារតែសុខភាពរបស់គេមានភាពខ្សោយជាលំដាប់ ទោះបីជាក្រុមមន្ត្រីជំនាញជួយសង្គ្រោះយ៉ាងណាក៏ដោយក៏មិនអាចឆ្លងផុតដែរ។ ក្រុមមន្ត្រីជំនាញផ្នែកថែករក្សាអភិរក្សសត្វមានការសោកស្តាយបំផុតចំពោះការបាត់បង់សត្វដំរីញីមួយក្បាលនេះ ជាសត្វកម្រ និងជិតផុតពួជផងដែរ»។  

តាមមន្ត្រីបានឱ្យដឹងថា៖ «នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ កន្លងមកនេះ បានប្រទះឃើញសត្វដំរីញីមួយក្បាល ស្ថិតក្នុងក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច លឹម រ៉ូយ៉ាល់ ក្នុងភូមិភូមិសាស្ត្រ ភូមិជីក្លប់ ឃុំសុខសាន្ត ស្រុកកោះញែក ខេត្តមណ្ឌលគិរី ហើយមន្ត្រីនៃមន្ទីរបរិស្ថាន សហការជាមួយអង្គការ WWF កម្ពុជា បានជួយសង្គ្រោះយករថយន្តស្ទូចចេញពីក្នុងភក់ក្នុងអូរក្រាក់នៃតំបន់ដែនជំរកសត្វព្រៃភ្នំព្រេច ដោយមានរបួសជើង និងជាប់ផុងហើយដាច់ចំណីជាច្រើនថ្ងៃ។ ក្រោយពេលសង្គ្រោះមន្ត្រីជំនាញបានដឹកជញ្ជូនទៅទីស្នាក់ការកណ្ដាល តំបន់ដែនជជំរកសត្វព្រៃលំផាត់មណ្ឌលគិរី ដើម្បីព្យាបាល និងដាក់ចំណីឱ្យវាស៊ី ប៉ុន្តែស៊ីអត់ចំណីកើត ព្រោះសុខភាពទ្រុតទ្រោមខ្លាំង»។

សត្វដំរីញីដែលបានស្លាប់នោះ ត្រូវបានក្រុមមន្ត្រីជំនាញជីករណ្តៅកប់ នៅទីស្នាក់ការរយ៉លើ នៃដែនជម្រកសត្វព្រៃលំផាត់ ក្នុងភូមិមេមុំ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។

សូមជម្រាប់ដែរថា កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ កន្លងទៅនេះ កូនដំរីមួយក្បាលមានអាយុប្រមាណ ៧ខែ មានទម្ងន់ប្រមាណ ២០០គីឡូក្រាម ត្រូវបានមន្ត្រីបរិស្ថាន ប្រទះឃើញស្លាប់ ដោយសារមានស្នាមបាញ់ដោយគ្រាប់កាំភ្លើង ក្នុងភូមិជីក្លប់ ឃុំសុខសាន្ត ស្រុកកោះញែក ខេត្តមណ្ឌលគិរី ហើយករណីនេះសមត្ថកិច្ចកំពុងស្រាវជ្រាវរកជនល្មើសដែលបាញ់កូនដំរីយកមកផ្ទន្ទាទោសតាមច្បាប់។

យោងតាមរបាការណ៍របស់មន្ទីរបរិស្ថាន ខេត្តមណ្ឌលគិរី បានបញ្ជាក់ថា៖ សត្វដំរីអាស៊ី ត្រូវបានចាត់បញ្ចូលជាសត្វជិតផុតពូជនៅក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិ ឌើម្បីអភិរក្សធម្មជាតិ (IUCN)។ បច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជា ដំរីអាស៊ីមានចន្លោះពី៥០០ទៅ៦០០ក្បាលប៉ុណ្ណោះ ដែលភាគច្រើនរស់នៅតំបន់ជួរភ្នំក្រវ៉ាញ តំបន់ខ្ពស់រាបខាងជើងបឹងទន្លេសាប និងតំបន់ខ្ពង់រាបខាងកើតក្នុងខេត្តរតនគិរី មណ្ឌលគិរី និងស្ទឹងត្រែង ដែលជាតំបន់ជីវៈចម្រុះសំបូរបែបប្រព័ន្ធអេកូឡូស៊ី ដែលមានសក្តានុពលខ្ពស់ និងមានទីជម្រាលអំណោយផលដល់ការរស់នៅរបស់សត្វតំរី និងដំរីព្រៃផ្សេងៗទៀត៕