2024-05-12 05:05
313

(តាកែវ)៖ លោក សុខ សូកាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកគិរីវង់ ខេត្តតាកែវ និងក្រុមកាងារ ព្រមទាំងរដ្ឋបាលស្រុក-ឃុំ មន្ត្រីរាជការ កងកម្លាំង និងប្រជាពលរដ្ឋទូទាំង១២ឃុំ នៃស្រុកគិរីវង់ ខេត្តតាកែវ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណន-តេជោ ដែលជាព្រែកជីកប្រវត្តិសាស្ត្រលើកទី១ នៅកម្ពុជា ដែលជាគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា ហើយបច្ចុប្បន្នសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តស្នាដៃ និងជំរុញបន្ថែមក្នុងការអភិវឌ្ឍគម្រោងព្រែកជីកហ្វូណនតេជោ ឱ្យសម្រេចបាននាពេលអនាគត។
  គម្រោង «ព្រែកជីកហ្វូណនតេជោ» នេះតភ្ជាប់ផ្លូវទឹករវាងទន្លេទៅកាន់សមុទ្រកម្ពុជា ដោយឆ្លងកាត់ខេត្តចំនួនបួន រួមមាន៖ ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រវែង ១៨០គីឡូម៉ែត្រ។ គម្រោងនេះនឹងផ្តល់ឧត្តមប្រយោជន៍ដ៏មហាសាលដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូនកម្ពុជា មានជាអាទិ៍ កាត់បន្ថយតម្លៃដឹកជញ្ជូន កាត់បន្ថយពេលវេលា ចម្ងាយផ្លូវ បង្កើនភាពសំបូរបែបក្នុងវិស័យគមនាគមន៍ កាត់បន្ថយការកកស្ទះចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាកាត់បន្ថយនីតិវិធីសម្រាប់នាវា និងបែបបទក្នុងការឆ្លងកាត់ទំនិញពីកម្ពុជាទៅសមុទ្រ។
មិនតែប៉ុណ្ណោះគម្រោងនេះនឹងជាកាតាលីករជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ដូចជា… ការបង្កើតតំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស ការអភិវឌ្ឍន៍ផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សាជួយបង្កើនផលត្រីទឹកសាបនៅតាមព្រែក អចលនទ្រព្យ និងការវិនិយោគផ្សេងៗជាច្រើនទៀត។ ឧត្តមប្រយោជន៍ដ៏ធំធេងខាងលើនេះបានឆ្លុះបញ្ចាំងឱ្យឃើញជាក់ច្បាស់ថាគម្រោង «ព្រែកជីកហ្វូណនតេជោ» គឺជាគម្រោងបម្រើផលប្រយោជន៍ដ៏មហិមា ជាពិសេសផ្នែកសេដ្ឋកិច្ចសង្គមរបស់ព្រះរាជាណាចក្រកម្ពុជា។ ប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប ពិតជាមានមោទនភាពនិងសូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះគំនិតផ្តួចផ្តើមដ៏ឧត្តុង្គឧត្តមនិងភាពឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន និងសូមប្ដេជ្ញាយកអស់កម្លាំងកាយចិត្ត ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការអនុវត្តគម្រោងព្រែកជីកនេះឱ្យបានសម្រេច។
   ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកគិរីវង់ និងរដ្ឋបាលស្រុក-ឃុំ មន្ត្រីរាជការ កងកម្លាំង ព្រមទាំងប្រជាពលរដ្ឋ ទូទាំង១២ឃុំនៃស្រុកគិរីវង់ ខេត្តតាកែវ សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុសក្តិសិទ្ធិទាំងឡាយក្នុងលោក និងទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមជួយអភិបាលប្រោះពំ ប្រសិទ្ធពរជ័យបវរសួស្តីសិរីមង្គល វិបុលសុខ មហាប្រសើរជូន សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ព្រមទាំងក្រុមគ្រួសារជាទីគោរពស្រឡាញ់ សូមបានសមប្រកបនូវពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈសុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕