2024-05-13 03:05
214

កំពង់ធំ៖ ប្រជាពលរដ្ឋជាង ១០០គ្រួសារ បាននាំគ្នាផ្តិតមេដៃតវ៉ាសុំបើកផ្លូវ ចំនួន០២ ដើម្បចូលទៅស្ទឹងប្រើប្រាស់ទឹក នារដូវប្រាំងរាំងស្ងួត ខណៈអ្នកម៉ៅការលក់សំបុត្រចូលទស្សនារមណីដ្ឋាន «ទំនប់មករា» ឬហៅថា ស្ទឹងជីនិត ធ្វើរបងបិទផ្លូវមិនឱ្យប្រជាពលរដ្ឋចេញចូលទៅប្រើប្រាស់ទឹកស្ទឹង ដែលផ្លូវទាំងនេះពួកគាត់ធ្លាប់ប្រើប្រាស់តាំងពីដូនតាមកម្លេះ ប៉ុន្តែដោយសារអ្នកម៉ៅការលក់សំបុត្រឃុបឃិតគ្នាជាមួយអាជ្ញាធរឃុំ និងស្រុកធ្វើរបងលួសបិទតែម្តង។

ប្រជាពករដ្ឋជាង ១០០គ្រួសារ រស់នៅភូមិបារាយណ៍ជាន់ដែក ឃុំបល្ល៍ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដាក់ពាក្យបណ្តឹងស្នើសុំអត្តរាគមន៍ទៅថ្នាក់ដឹកនាំ និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជួយដោះស្រាយ ដោយសារកាលពីថ្ងៃចូលឆ្នាំកន្លងមកនេះ ឈ្មោះ ប៉ែន ម៉ានី ជាអ្នកម៉ៅការលក់សំបុត្រចូល «ទំនប់១មករា» ដោយអាងខ្នងអភិបាលស្រុកនៅពីក្រោយ បានប្រើអំណាចមកបិទផ្លូវ២ ខ្សែដែលជាផ្លូវអ្នកភូមិតាំងពីបុរុមបុរាណមិនឲ្យអ្នកភូមិចូលទៅស្ទឹងប្រើប្រាស់ទឹក និងគោ ក្របីចូលទៅផឹកបានឡើយ។

អ្នកភូមិបានលើកឡើងទៀតថា៖ ការបិទផ្លូវរបស់អ្នកម៉ៅការលក់សំបុត្រចូលទស្សនាទំនប់ទឹកស្ទឹងជីនិត ខណៈពលរដ្ឋខ្វះទឹកប្រើប្រាស់ចំពេលដែលអាកាសធាតុកំពុងក្តៅខ្លាំ រឺងស្ងួតអត់មានទឹកប្រើប្រាស់ដោយគាត់តម្រូវឲ្យមនុស្សដើររាប់គីឡូដីចូលតាមច្រកទិញសំបុត្រយកលុយផ្ទាល់ខ្លួនគាត់វិញ ដោយលោក ប៉ែន ម៉ានី អះអាងថា «គាត់ម្ចាស់អាជ្ញាប័ណ្ណហើយត្រូវខ្សែគ្នាជាមួយមេស្រុកតែម្តង» 

លោក ប៉ែន ម៉ានី អ្នកវិនិយោគតំបន់ទេសចររមណីយដ្ឋាន «ទំនប់១មករា» ស្ទឹងជីនិត បានប្រាប់ឲ្យដឹងថា៖ «ក្រោយពីធ្វើទំនប់រួចរាល់ខាងជំនាញធនធានទឹកបានប្រមូលទិញដីជុំវិញតំបន់នោះ និងបានធ្វើរបងព័ន្ធតាំងពីអំឡុងឆ្នាំ២០០៥ ដល់ឆ្នាំ២០១១ ក៏មានទឹកជំនន់ធំបណ្តាលឱ្យរបងក៏បាក់ និងក្រោយមកមានឈ្មោះ បូរិន បានស្នើសុំបើកផ្លូវដើម្បីចូលទៅកាយដី និងយកខ្សាច់ដីខាងក្រោយដីរបស់ធនធានទឹក»។ លោក ប៉ែន ម៉ានី បានលើកឡើងទៀងថា៖ បន្ទាប់ពីឈ្មោះ បូរិន ដឹកដី និងខ្សាច់រួចរាល់ខាងក្រសួងធនធានទឹកបានធ្វើការជួសជុលផ្លូវនោះឡើងវិញទើបលោកក៏ធ្វើរបងព័ន្ធលួសដើម្បីបិទផ្លូវនេះតែម្តង រហូតមានការប្តឹងផ្តល់គ្នាបែបនេះ»

លោក ប៉ែន ម៉ានី បានបញ្ជាក់ថា៖ «លោកមានឯកសារប្លង់បង្ហាញពីការគ្រប់គ្រងដោយមានការទទួលស្គាល់ពីអាជ្ញាធរភូមិ ឃុំ ស្រុក និងខេត្តលើដីទំហំ ៤៣ហិកតា ដែលលោកកំពុងគ្រប់គ្រង»។ លោក ប៉ែន ម៉ានី បានទទួលស្គាល់ថា៖ «ការធ្វើរបងបិទផ្លូវនេះ គឺពិតជាទើបនឹងធ្វើនៅមុខបុណ្យចូលឆ្នាំខ្មែរប្រាកដមែន»

អ្នកលក់សំបុត្ររមណីដ្ឋាន ទំនប់១មករា បានថ្លែងទៀតថា៖ «ចំពោះការបិទផ្លូវនេះ លោកមិនមែនបិទផ្លូវទាំងអស់នោះទេ គឺឱ្យប្រើប្រាស់ផ្លូវខាងមុខ ដើម្បីចេញចូលទៅរកត្រី ប្រើប្រាស់ទឹក…ជាដើម មិនដែលហាមឃាត់ទេ»។ លោកបន្ថែមថា៖ ផ្លូវមានចំនួន៣សម្រាប់ចេញចូលក្នុងរមណីដ្ឋាន ទំនប់១មករានេះ ប៉ុន្តែលោកមិនឱ្យប្រើប្រាស់ទាំងអស់នោះទេ គឺអនុញ្ញាតឱ្យប្រើប្រាស់តែផ្លូវខាងមុខ ហើយខាងក្រោយមិនឱ្យប្រើប្រាស់ទេខ្លាចមានការបាត់បង់របស់របរ និងទ្រព្យសម្បត្តិផ្សេងៗ»

ពាក់ព័ន្ធនឹងបណ្តឹងរបស់ប្រជាពលរដ្ឋជាង ១០០គ្រួសារប្តឹងតវ៉ាទៅកាន់អាជ្ញាធរ និងថ្នាក់ដឹកនាំជួយអន្តរគមន៍ សម្របសម្រួលសុំបើកផ្លូវសម្រាប់ប្រើប្រាស់ជាប្រយោជន៍សាធារណៈ ដែលអ្នកវិនិយោគរមណីដ្ឋាន «ទំនប់១មករា» ស្ទឹងជីនិត ធ្វើរបងបិទផ្លូវខាងលើ អភិបាលស្រុកបារាយណ៍ បានថ្លែងប្រាប់បណ្តាញសារព័ត៌មាន msj tv ថា ៖ «លោកបានឃើញរដ្ឋបាលឃុំធ្វើរបាយការណ៍មកដែរ ហើយរដ្ឋបាលស្រុកកំពុងសិក្សា និងពិនិត្យមើលធ្វើការដោះស្រាយ»។ លោកបានបន្ថែមទៀតថា៖ ចំពោះការបើកផ្លូវនេះ ដើម្បីឱ្យប្រជាពលរដ្ឋប្រើប្រាស់ឡើងវិញ ឬមិនបើកនោះលោកមិនទានហានសន្និដ្ឋានទេ ព្រោះស្ថិតក្នុងដំណាក់កាលស្រាវជ្រាវ និងធ្វើការដោះស្រាយទុកឱកាសឱ្យអាជ្ញាធរសម្របសម្រួលដោះស្រាយគ្នា»

លោកអភិបាលស្រុក បានបញ្ជាក់ថា៖ «ដីដែលកំពុងមានបញ្ហាតវ៉ារបស់ប្រជាពលរដ្ឋជាមួយអ្នកទទួលសិទ្ធវិនិយោគនោះ ស្ថិតក្នុងការគ្រប់គ្រងរបស់ មន្ទីរធនធានទឹក និងឧតុនិយម អញ្ចឹងលើខាងជំនាញរបស់គេដែរមិនលើអាជ្ញាធរទាំងស្រុងទេ»

ប្រជាពលរដ្ឋ អះអាងថា ការធ្វើរបងបិទផ្លូវមិនឱ្យពួកគាត់ចេញចូលទៅប្រើប្រាស់ទឹក សត្វពាហនៈទៅផឹកទឹកនេះ ដោយសារអ្នកម៉ៅការលក់សំបុត្រមានការត្រូវរ៉ូវគ្នាជាមួយអាជ្ញាធរឃុំ និងស្រុកទើបគេធ្វើរបងបិទបែបនេះ។ ពួកគាត់ក៏បានសុំសុំទៅថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជាពិសេសសូមសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជួយដោះស្រាយបានបើកផ្លូវចូលទៅដងទឹកវិញ និងសូមលប់អាជ្ញាប័ណ្ណវិនិយោគនេះផងដែរ៕