2024-05-13 04:05
178

រាជធានីបាងកក៖  នាយករដ្ឋមន្រ្ដីថៃ លោក ស្រេតថា ថាវីស៊ីន (Srettha Thavisin) កាលពីថ្ងៃអាទិត្យ បានប្តេជ្ញាការពារព្រៃឈើរបស់ប្រទេសជាតិ ឲ្យបានគង់វង្ស ហើយលោកបានណែនាំដល់ភ្នាក់ងារទាំងអស់ នៅក្នុងប្រទេសថៃ ត្រូវតែពិនិត្យឡើងវិញនូវសំណើរបស់ប្រជាពលរដ្ឋ នៅក្នុងការប្រើប្រាស់តំបន់ព្រៃឈើ។ នេះបើតាមសារព័ត៌មានរបស់ថៃ Bangkok Post បានចេញផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី១៣ ខែឧសភា ឆ្នាំ២០២៤។

លោកនាយករដ្ឋមន្រ្ដី បានបញ្ជាក់ ថា រដ្ឋាភិបាលថៃ យកចិត្តទុកដាក់លើការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ តាមរយៈសិទ្ធិកាន់កាប់ដីធ្លី ប៉ុន្តែការប្រើប្រាស់តំបន់ព្រៃឈើ គឺជាបញ្ហាដ៏ទន់ភ្លន់ និង ស្មុគស្មាញបំផុតមួយ ត្រូវតែដោះស្រាយ ដោយមានការប្រុងប្រយ័ត្នខ្ពស់បំផុតផងដែរ។

លោក គៀតទីសាក់ ត្រុងស៊ីរី (Kiattisak Trongsiri) អភិបាលខេត្តរ៉ាតចាប៊ូរី (Ratchaburi)  បានធ្វើបទបង្ហាញមួយ ដោយបានស្នើផែនការការងារ និង គម្រោងចាំបាច់ សម្រាប់ការអភិវឌ្ឍតំបន់ Ratchaburi រួមទាំងសំណើ ដែលគ្របដណ្តប់លើការប្រើប្រាស់តំបន់ព្រៃឈើ។ ក្នុងចំណោមសំណើសរុប ៥ ៨៤១គម្រោង មានចំនួន២៩៣ត្រូវបានអនុម័ត ហើយ ១៨៧ត្រូវបានបដិសេធ និង  ២៩៦១គម្រោង កំពុងតែត្រូវបានដំណើរការ ខណៈសំណើផ្សេងៗទៀតទាមទារឯកសារបន្ថែម។ រីឯអាជ្ញាធរប្រឈមនឹងបញ្ហាមួយចំនួន រួមទាំងអាជ្ញាធរត្រួតស៊ីគ្នា និង ស្ថានភាពមិនច្បាស់លាស់នៃដីព្រៃ។