2024-05-15 03:05
242

រតនគិរី៖ ជនសង្ស័យចំនួន០២នាក់ ដែលពាក់ព័ន្ធករណីអំពើឃាតកម្មកាប់យុវជនម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ហើយបានព្យាយាមរត់គេចខ្លួនជាច្រើនខេត្ត ត្រូវបានកម្លាំងកងរាជអាវុធហត្តរតនគិរី សហការជាមួយអាវុធហត្ថលើផ្ទៃប្រទេស អាវុធហត្ថខេត្តព្រៃវែង រាជធានីភ្នំពេញ និងកំពង់ស្ពឺ តាមប្រម៉ាញ់អស់រយៈពេល៦ថ្ងៃទើបឈានដល់ការឃាត់ខ្លួនយកសាកសួរតាមនិតិវិធី។  

សមត្ថកិច្ចបានឱ្យដឹងនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ នេះថា ប្រតិបត្តិការនេះ បានធ្វើឡើងក្រោមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេភូមិន្ទ និងជាមេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស និងលោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី និងមានការសម្របសម្រួលនីតិវិធីដោយលោក មុត សម្បត្តិ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តរតនគិរីផងដែរ។

ប្រភពពព័ត៌មាន បានឱ្យដឹងថា ប្រតិបត្តិការតាមប្រមាញ់មុខសញ្ញាជនសង្ស័យក្នុងករណីឃាតកម្មខាងលើមានរយៈពេល៦ថ្ងៃនេះ កម្លាំងជំនាញ នៃមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្តខេត្ត កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានលុង បានសហការជាមួយកម្លាំងជំនាញ កងរាជអាវុធហត្ថលើផ្ទៃប្រទេស រួមជាមួយខេត្តកំពង់ស្ពឺ រាជធានីភ្នំពេញ និងខេត្តព្រៃវែង ទើបឈានដល់ការបំបែកសំណុំរឿងនេះបានដោយជោគជ័យ។

របាយការណ៍បានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ប្រ៉ាង ផាលីន ភេទប្រុស អាយុ ២០ឆ្នាំ ទីលំនៅបច្ចុប្ប នៅភូមិ៣ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី (ស្លាប់) និងឈ្មោះ សាវុធ ម៉ាប់ ភេទប្រុស អាយុ ១៨ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិ-ឃុំខាងលើ (របួសធ្ងន់)។ ករណីនេះ បានកើតហេតុ កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ២២និង៣០នាទី នៅចំណុចកន្លែងហាត់ប្រាណមាត់បឹងកន្សែង ស្ថិតក្នុងភូមិទេសអន្លង់ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានចុះស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ កម្លាំងជំនាញបានពន្លាតដែនសមត្ថកិច្ចពីកន្លែងកើតហេតុដល់រាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ និងខេត្តព្រៃវែង ទើបចាប់ខ្លួនជនសង្ស័យ ចំនួន ០២នាក់ រួមមាន៖ ទី១- ឈ្មោះ រិត សុខ អាយុ ១៩ឆ្នាំ ទីលំនៅភូមិតាអងកាតែ ឃុំតាអង ស្រុកកូនមុំ ខេត្តរតនគិរី (ជាជនដៃដល់) និងទី២- ឈ្មោះ វ៉ាក់ សុខលី អាយុ ១៩ឆ្នាំ (ជាអ្នកដឹកជនដៃដល់)។ សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យទាំង០២នាក់ ត្រូវបានចាប់ខ្លួននៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ១៣និង២២នាទី តាមបណ្តោយផ្លូវជាតិលេខ ៨ ក្នុងភូមិគ្រួស ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង។

តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ រិត សុខ នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ កម្លាំងជំនាញមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្ត បាននាំជនសង្ស័យទៅយកវត្ថុតាងលាក់ទុក (កាំបិតផ្គាក់) នៅចំណុច ដីក្រុមហ៊ុន ប៉ាស៊ីហ្វិក ក្នុងភូមិឡយ៉ ឃុំឡយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ ជាលទ្ធផលកម្លាំងបានចាប់យកវត្ថុតាងកាំបិតផ្គាក់ ប្រវែង ៦០.២ សង់ទីម៉ែត្រចំនួន១, ទូរសព្ទ Iphone ចំនួន ០២គ្រឿង និងម៉ូតូ C១២៥ ចំនួន ០២គ្រឿងផងដែរ។

បច្ចុប្បន្ន ជនសង្ស័យទាំង ០២នាក់ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តរតនគិរី ដើម្បីចាត់ការតាមនីតិវិធី៕