
កំពង់ស្ពឺ៖ ក្រុមសាច់ញាតិជាភ្ញៀវខាងកូនក្រមុំ និងខាងកូនកំលោះប៉ះទង្គិចគ្នាឈាន់ប្រើអំពើហិង្សាគប់កែវ ចានហោះពេញរោង ធ្វើឱ្យភ្ញៀវដែលចូលសប្បាយភ័យរត់ស្លន់ស្លោរជាក់ជើងគ្នាព្រាតនោះ ពេលនេះត្រូវបានកម្លាំងជំនាញអធិការដ្ឋានស្រុកសំរោងទង ចុះស្រាវជ្រាវឈានដល់ឃាត់ខ្លួនបានជនសង្ស័ងចំនួន ០៧នាក់ ដើម្បីយកមកសាកសួរ និងកសាងសំណុំរឿងតាមផ្លូវច្បាប់។
លោកវរសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទង បានឱ្យដឹងថា នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ១០និង១៥នាទី កម្លាំងព្រហ្មទណ្ឌស្រុក សហការជាមួយកម្លាំងប៉ុស្ដិទំព័រមាស បានឃាត់ខ្លួនមនុស្ស ចំនួន ០២ក្រុម ដែលបានធ្វើសកម្មភាពបង្កភាពអុកឡុក ដេញវ៉ៃ និងគប់គ្នាទៅវិញទៅមក នៅក្នុងពិធីបង្គលការកូនរបស់ ឈ្មោះ ថន ធន ភេទ អាយុ ៣៨ឆ្នាំ និងប្រពន្ធឈ្មោះ ឆឹង គីន អាយុ ៤៤ឆ្នាំ នៅភូមិប្រជៀវបាត ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឹ ដើម្បីយកមកសាកសួរតាមនិតិវិ
សូមជម្រាបថា កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ២១និង០០នាទី ខណៈពេលភ្ញៀវកំពុងជួបជុំគ្នាពិសារអាហារក្នងពិធីមង្គលការកូនប្រុសស្រីក្នុងភូមិ ឃុំកើតហេតុខាងលើ ស្រាប់តែកើតមានអំពើហិង្សាគប់ចាន គប់ ដេញវាយតប់គ្នាប្រសាចបង្កឱ្យភ្ញៀវចូលរួមកម្មវិធីរត់ជាន់ជើងគ្នា។
តាមរបាយការណ៍ បានឱ្យដឹងថា ក្រុមខាងកូនក្រមុំ នៅភូមិប្រជៀវបាត ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានគ្នាចំនួន០៣នាក់ រួមមាន៖ ១- ឈ្មោះ ហ៊ុន ពិសិដ្ឋ ភេទប្រុស អាយុ ១៨ឆ្នាំ, ២- ឈ្មោះ ឆែម ភារម្យ ភេទប្រុស អាយុ ២៤ឆ្នាំ និង ៣- ឈ្មោះ មឿង មី ភេទប្រុស អាយុ ២៦ឆ្នាំ ចំពោះឈ្មោះឈឿន ឧត្តម ហៅដំ ភេទប្រុស អាយុ ១៨ឆ្នាំ។ ចំណែកក្រុមខាងកូនកំលោះ មកពីភូមិតាំងកន្ទួត ឃុំទំព័រមាស ស្រុកសំរោងទង មានគ្នាចំនួន ០៤នាក់ រួមមាន៖ ១- ឈ្មោះ ផា រ៉េត ភេទប្រុស អាយុ ២១ឆ្នាំ, ២- ឈ្មោះ ផា ណារ៉ុង ភេទប្រុស អាយុ ១៧ឆ្នាំ, ៣- ឈ្មោះ អ៊ុន បាន ភេទប្រុស អាយុ ២១ឆ្នាំ, ៤- ឈ្មោះ កយ សុភា ភេទប្រុស អាយុ ២៤ឆ្នាំ។
ចំណែកឈ្មោះថុន ភេទប្រុស អាយុ៣៦ឆ្នាំរស់នៅភូមិហោងសំណំ ឃុំហោងសំណំ ស្រុកឪរ៉ាល់ ខេត្តកំពង់ស្ពឺ បានគេចខ្លួន។
សមត្ថកិច្ចវបានបញ្ជាក់ថា ក្រោយពេលឃាត់ខ្លួនបាន និងធ្វើការសាកសួរជនសង្ស័យទាំងអស់ខាងលើបានឆ្លើយសារភាពថា៖ «ខ្លួនពិតជាបានធ្វើសកម្មភាពដេញបង្កភាពអុកឡុង និងដេញវ៉ៃគ្នា នៅក្នុងរោងការខាងលើពិតប្រាកដមែន»។
បច្ចុប្បន្ន ករណីខាងលើនេះ ជំនាញសហការជាមួយប៉ុស្តិ៍កំពុងសាកសួរ និងកសាងសំណុំរឿង ដើម្បីចាត់ការតាមនិតិវិធី៕





