2024-09-05 05:09
45

ភ្នំពេញ៖ អតីតអ្នកតារាចម្រៀង និងសម្តែងទើសគ្រប់រឿង លោក ម៉ៃ សុគន្ធ ក្រោយការឃាត់ខ្លួនពាក់ព័ន្ធករណីបើកបុកប៉ារ៉ាស់គោលដៅសមត្ថកិច្ចដាក់ត្រួតពិនិត្យអាវុធជាតិផ្ទុះ និងជាតិអាកាល់ និងបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ សមត្ថកិច្ចជំនាញរកឃើញមានផ្ទុកកម្រិតជាតិអាកុល ០,៦០mg/Lខ្យល់  ខណៈពេលនេះ សមត្ថកិច្ចជំនាញកំពុងអនុវត្តតាមនិតិវិធី។

នារសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤នេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ករណីរថយន្តម៉ាក ឡង់គ្រីស័រ (LAND CRUISER) បើកគេចពីគោលដៅអនុវត្ថរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិស្រវឹង បង្កគ្រោះថ្នាក់ចរាចរណ៍ នៅសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ០០និង១០នាទី នៅចំណុច មុខធនាគារវ៉ូរី លើមហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតនៅភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ បង្កឱ្យមានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងថែមទៀត។

ប្រភពខាងលើបានបន្តទៀតថា ចំពោះរថយន្តបង្ក ម៉ាកឡង់គ្រីស័រ (LAND CRUISER) ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BW-6802 បើកបរដោយឈ្មោះ ម៉ៃ សុគន្ធ ភេទប្រុស អាយុ ៤២ ឆ្នាំ ស្នាក់នៅភូមិភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ដោយបើកបរគេចពីគោលដៅអនុវត្ថរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិស្រវឹង នៅផ្លូវសម្តេច ជា ស៊ីម ផ្សារបឹងបៃតង ដោយមិនព្រមចូលសហការជាមួយសមត្ថកិច្ច ដើម្បីធ្វើការត្រួតពិនិត្យ ខណៈនោះអ្នកបើកបររថយន្តឡង់គ្រីស័រ (LAND CRUISER) បើកគេចពីគោលដៅត្រួតពិនិត្យក្នុងគោលបំណងគេចវេស ទើបសមត្ថកិច្ចនៅគោលដៅដេញពីក្រោយរថយន្តល្មើស ក្នុងទិសដៅពីលិចទៅកើត រហូតដល់កន្លែងកើតហេតុខាងលើ អ្នកបើកបរល្មើសជ្រុលទៅបុក PassApp មួយគ្រឿង ដែលស្របទិសគ្នា និងជ្រុលទៅបុក PassApp មួយទៀត ដែលបើកបញ្ច្រាស់ទិសគ្នា បណ្តាលឱ្យអ្នកបើកបរ PassApp រងរបួសស្រាល ចំនួន០២នាក់ ហើយរថយន្តក៏បានជ្រុលទៅបុកថ្មចែកទ្រូងផ្លូវអស់បីកំណាត់ទៀតទើបអស់ល្បឿន។ 

ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ «មូលហេតុនៃការគ្រោះថ្នាក់នេះ គឺអ្នកបើកបររថយន្តឡង់គ្រីស័រ (LAND CRUISER) បើកបរលឿនធ្វេសប្រហែសខ្វះការប្រយ័ត្ន និងបើកបរស្ថិតក្នុងស្ថានភាពស្រវឹងមានអត្រាជាតិអាល់កុល ០,៦០mg/Lខ្យល់»។

បច្ចុប្បន្ន អ្នកបើកបរបង្ក និងរថយន្តល្មើស សមត្ថកិច្ចបានយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីចាត់ការតាមនីតិវិធី៕