2024-09-06 02:09
40

ភ្នំពេញ៖ មន្ត្រីជាន់នៃក្រសួងអភិវឌ្ឍន៍ជន បានថ្លែងក្នុងជំនួបជាមួយគណកម្មការជាតិទទួលបន្ទុកកិច្ចការជនជាតិដើមភាគតិច នៃសាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃសុក្រ ទី០៦ ខែកញ្ញា ឆ្នាំ២០២៤ នេះថា៖ «ក្រសួងអភិវឌ្ឍន៍ជនបទ បានកំណត់យកចក្ខុវិស័យ៥ឆ្នាំ (២០២៤-២០២៨) គឺការកសាងតំបន់ជនបទកម្ពុជាប្រកបដោយវិបុលភាព បរិយាបន្ន នវានុវត្តន៍ ឌីជីថល និងភាពធន់ ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌»។

ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ តំណាងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអនុញ្ញាតឲ្យ ឯកឧត្តម REN Xianguang អគ្គនាយក នៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍រួម របស់គណកម្មការជាតិទទួលបន្ទុកកិច្ចការជនជាតិដើមភាគតិច នៃសាធារណរដ្ឋប្រជាមានិតចិន និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ កិច្ចជំនួបនេះធ្វើឡើងក្នុងគោលបំណងបង្កើនចំណងកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរបទពិសោធន៍ វាងប្រទេសទាំងពីរ។ 

ឯកឧត្តម អ៊ិន ចន្ថា បានលើកឡើងថា៖ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងប៉ុនប្រសប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនៅយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលមានបាវចនា ចំនួន ៥គឺ៖ “កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព” និងមានគន្លឹះអាទិភាព ចំនួន ៥ទៀត រួមមាន៖ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល” សំដៅសម្រេចឲ្យបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់។ 

ជាមួយគ្នានេះ ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងនាមជាសេនាធិការមួយដ៏សំខាន់ និងបានកំពុងរួមចំណែកយ៉ាងសកម្មក្នុងការអនុវត្តគោលដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលផងដែរ។ ក្រសួងបានកំណត់យកចក្ខុវិស័យ៥ឆ្នាំរបស់ខ្លួន (២០២៤-២០២៨) គឺ “ការកសាងតំបន់ជនបទកម្ពុជាប្រកបដោយវិបុលភាព បរិយាបន្ន នវានុវត្តន៍ ឌីជីថល និងភាពធន់ ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌” ដើម្បីធានាបាននូវប្រាក់ចំណូលក្នុងគ្រួសារប្រកបដោយចីរភាព និងមានសុខុមាលភាពកាន់តែល្អប្រសើរឡើង តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្រ ចំនួន ៥ រួមមាន៖ ទី១) ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍, ទី២) ការលើកកម្ពស់សុខភាព អនាម័យ និងបរិស្ថានរស់នៅរបស់សហគមន៍ជនបទប្រកបដោយនិរន្តរភាព, ទី៣) ការអភិវឌ្ឍន៍ជនបទ ឌីជីថល និងចលនាភូមិគំរូ, ទី៤) ការធ្វើពិពិធកម្មជនបទ និងនវានុវត្តន៍ការងារ និង ទី៥) ពង្រឹងស្ថាប័នតាមរយៈការរៀបចំគោលនយោបាយ ហិរញ្ញវត្ថុយត ឌីជីថល និងសហប្រតិបត្តិការ។ 

នាឱកាសនោះ ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការ បានបន្តលើកឡើងអំពីតួនាទីរបស់ក្រសួងក្នុងការអភិវឌ្ឍន៍ និងអភិរក្សជនជាតិដើមភាគតិចនៅកម្ពុជា ផងដែរ។
ជាចុងបញ្ជប់ ឯកឧត្តម REN Xianguang បានថ្លែងអំណគុណចំពោះ ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ក្រសួងអភិវឌ្ឍន៍ជនបទ និងសន្យាពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់តែរឹមមាំបន្ថែមទៀត៕