2024-09-21 11:09
10

ពោធិ៍សាត់៖ ក្រុមហ៊ុនខ្នាតយក្សរបស់ប្រទេសជប៉ុន មីនេបៀ (Minebea) បានបើកការដ្ឋានសាងសង់នូវរោងចក្រទី២ របស់ខ្លួន នៅលើផ្ទៃដី ប្រមាណ ៥០ ហិកតា ក្នុងតំបន់សេដ្ឋកិច្ចពិសេស នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ដែលស្ថិតនៅភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់រោងចក្រថ្មីមួយទៀត របស់ក្រុមហ៊ុន មីនេបៀ (ខេមបូឌា) ក្នុងតំបន់សេដ្ឋកិច្ចពិសេសដំបូងគេ នៃខេត្តពោធិ៍សាត់នេះ ក៏មានការចូលរួមដោយលោក ស៊ុន ចាន់ ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក កែវ រតនៈរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល អគ្គនាយកក្រុមហ៊ុន មីនេបៀ លោក ខូយ រីដា អភិបាលនៃគណ:អភិបាលខេត្តពោធិ៍សាត់ តំណាងស្ថានទូតជប៉ុនប្រចាំកម្ពុជា អាជ្ញាធរមូលដ្ឋាន និងក្រសួងមន្ទីរពាក់ព័ន្ធជាច្រើនរូបផងដែរ ។

រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល លោក កែវ រតនៈ  បានលើកឡើងថា៖ រោងចក្រទី២ របស់ជប៉ុនមកទីនេះ ដោយសម្លឹងឃើញសក្តានុពលនៃការគាំទ្ររបស់ថាមពលអគ្គិសនីកម្ពុជាយើងកំពុងតែផលិតថាមពលចេញពីប្រភពថា​មពលកកើតឡើងវិញយ៉ាងច្រើនលើសលប់ ដែលប្រទេសយើងទៅជាប្រទេសមួយមានការទាក់ទាញ។ថាមពលពន្លឺ​ព្រះអាទិត្យ វារីអគ្គិសនីរបស់យើង នឹងក្លាយទៅជាជន្ទល់មួយនៃការធ្វើឱ្យរោងចក្រមានដំណើរការបន្ថែមនៅលើ​ទឹកដីកម្ពុជា។

លោកបន្តថា៖ ក្រុមហ៊ុន Minebea Mitsumi បានបើកដំណើរការអាជីវកម្ម​របស់ខ្លួនដំបូង​នៅ​កម្ពុជា កាលពី​ឆ្នាំ២០១១ វិនិយោគ​លើមុខសញ្ញាផលិតម៉ូទ័រខ្នាតតូច ម៉ូទ័រកង្ហារ គ្រឿងបំណែក​ម៉ាស៊ីន ឧបករណ៍អុបទិចសម្រាប់ទូរសព្ទ ប៊ិកអេឡិច​ត្រូនិក ឧបករណ៍រំញ័រសម្រាប់ហ្គេមកុំព្យូទ័រ គ្រឿងបង្គុំ​សៀគ្វីអេឡិចត្រូនិក ផ្ទាំងបញ្ចេញពន្លឺ LED ឧបករណ៍វាស់ជាតិស្ករក្នុងឈាម និងប្រព័ន្ធ​អំពូលភ្លើងសាធារណៈឆ្លាតវៃ។ ដោយបច្ចុប្បន្នក្រុមហ៊ុន Minebea នៅរាជធានីភ្នំពេញ កំពុងផ្ដល់ឱកាស​ការងារជូនប្រជាពលរដ្ឋជិត ៧ ពាន់នាក់។ 

លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងក្នុងពិធីថា៖ ក្រុមហ៊ុន Minebea បានសម្រេចចិត្តបង្កើតរោងចក្រទី២ នៅខេត្តពោធិ៍សាត់ ដោយក្រុមហ៊ុនដាក់ទុនប្រហែល ៦៥០លានដុល្លារអាមេរិក រហូតដល់ឆ្នាំ២០៣០។ ហើយគម្រោងរោងចក្រនេះអាចបង្កើតការងារបាន ៨ពាន់កន្លែង ផងដែរ។

លោកបញ្ជាក់ថា៖ «ក្រុមហ៊ុន មីនីបៀ (Minebea Cambodia Co.Ltd) គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុម​ហ៊ុន Minebea Mitsumi របស់ជប៉ុន។ក្រុមហ៊ុននេះបានបើកដំបូងនៅកម្ពុជា ក្នុងឆ្នាំ២០១១ ក្នុងតម្លៃវិនិយោគ ចំនួន២៣លានដុល្លារ ខណៈបច្ចុប្បន្នក្រុមហ៊ុននេះ បានតម្លើងការវិនិយោគរបស់ខ្លួននៅកម្ពុជា ឡើងដល់ជាង ៦០០លានដុល្លារអាមេរិក»

នៅក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានប្រគល់វិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនលោក កៃ នុម៉ា អគ្គនាយកក្រុមហ៊ុន មីនេបៀ និងជូនអនុក្រឹត្យបង្កើតតំបន់សេដ្ឋកិច្ចពិសេសពោធិ៍សាត់ ជូនលោក ម៉េង គឹមលី អគ្គនាយកក្រុមហ៊ុនអភិវឌ្ឍន៏តំបន់សេដ្ឋកិច្ចពិសេសពោធិ៍សាត់ និងបានថតរូបអនុស្សាវរីយ៍ ព្រមទាំងផ្តល់កិច្ចសម្ភាសន៍ ដល់សារព័ត៌មានជប៉ុន ជាមួយគណៈអធិបតីផងដែរ៕ លាន គ្រន