2024-10-01 10:10
74

រតនគិរី៖ កម្មករស៊ីឈ្នួលជាជ័រកៅស៊ូម្នាក់ ត្រូវបានកូនប្រុសរបស់ម្ចាស់ចំការកៅស៊ូ ចាប់ចងស្លាប់សេកវាយធ្វើទារុណកម្មយ៉ាងសាហាវឃោរឃៅ ឃុំឃាំងដោយខុសច្បាប់ និងគំរាមកំហែងសម្លាប់ដោយមានអាវុធខ្លី ០១ដើម ដោយចោទប្រកាន់ពាក់ព័ន្ធការលួចជ័រកៅលក់ ពេលនេះកម្មកររងគ្រោះបានដាក់ពាក្យបណ្តឹងចូលទៅកាន់តំ​ណាងអ​យ្យ​ការអមសាលាដំបូងខេត្តរតនគិរី ដោយទាមទាជំងឺចិត្ត ១២លានរៀល និងស្នើសុំដល់តុលាការផ្តន្ទាទោសជនបង្កតាមផ្លូវច្បាប់។

តាមសម្តីជនរងគ្រោះជាកម្មករស៊ីឈ្នួជាជ័រកៅស៊ូ មានឈ្មោះ យូ គ្រីយ៉ា ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរស្លាម មានទីលំនៅបច្ចុប្បន្ន នៅភូមិជ័យយោ ឃុំជ័យយោ ស្រុកចំការលើ ខេត្តកំពង់ចាម បានរៀបរាប់ថា៖ កូនប្រុសម្ចាស់ចំការកៅស៊ូ មានឈ្មោះ គឹមជូ ចាន់ប៊ុនណាក់ ភេទប្រុស អាយុប្រហែល ៣៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន នៅភូមិអូឡុង ឃុំបាតាង ស្រុកលំផាត់ ខេត្តរតនគិរី បានចាប់ខ្លួនចងដៃ ចងជើង រុំមាត់ ប្រើអំពើហិង្សា ធ្វើទារុណកម្ម និងឃុំឃាំងដោយខុសច្បាប់ ព្រមទាំងគំរាមកំហែងសម្លាប់ដោយប្រើប្រាស់អាវុធ (មានកាំបិទផ្គាក់ និងកាំភ្លើងខ្លី ០១ដើម) ដោយចោទប្រកាន់ថា បានលួចយកជ័រកៅស៊ូលក់។ 

ជនរងគ្រោះបានបន្តទៀតថា៖  ករណី ហិង្សាដោយចេតនា ទារុណកម្ម និងអំពើឃោរឃៅ របស់កូនចៅកែចំការកៅស៊ូមកលើរូបគាត់នេះ បានកើតឡើងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ កន្លងទៅ ស្ថិតនៅភូមិអូឡុង ឃុំបាតាង ស្រុកលំផាត់ ខេត្តរតនគិរី។

កម្មករស៊ីឈ្នួលជាជ័រកៅស៊ូមានឈ្មោះ យូ គ្រីយ៉ា បានរៀបរាប់ថា៖ កាលពីអំឡុង ខែឧសភា ឆ្នាំ២០២៤ ខ្លួនមកពីខេត្តកំពង់ចាម មកខេត្តរតនគិរី ដើម្បីធ្វើការជាកម្មករជៀជ័រ ឲ្យថៅកែឈ្មោះ ជូ និងកូនឈ្មោះ គឹមជូ ចាន់ប៊ុនណាក់ ស្ថិតនៅភូមិអូឡុង ឃុំបាតាង ស្រុកលំផាត់ ខេត្តរតនគិរី។ លុះដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ៧ព្រឹក ខណៈពេលកំពុងតែជៀជ័រកៅស៊ូដូចសព្វដង ក៏ថៅកែឈ្មោះ ណាក់ បានជិះម៉ូតូហៅ ឲ្យឡើងជិះម៉ូតូទៅជាមួយគាត់ ទៅផ្ទះចំការនៅពេលដែលទៅដល់ឈ្មោះ ណាក់ ហៅឲ្យចូលទៅក្នុងផ្ទះ រួចទំលាក់វាំងនន រួចក៏បានសួរមកកាន់ថា មានលួចជ័រអត់ ពេលនោះ ខ្លួនក៏បានប្រាប់ថា បានលួចតែបន្តិចទេ តែគាត់មិនជឿ ក៏បានកាត់ខ្សែអង្រឹងថ្មី មកចងដៃជាប់ទៅនឹងកៅអី និងមិនហ៊ានរើបំរាស់ទេ ព្រោះឃើញមានកាំភ្លើងខ្លី។

ជនរងគ្រោះបានបន្ថែមទៀតថា៖ បន្ទាប់ពីចងរួច ឈ្មោះ ណាក់ ក៏បានវាយទាត់ធាក់យ៉ាងចាស់ដៃនៅពេលដែលគាត់វាយអស់ចិត្តទុកចោលឱ្យនោះម្នាក់ឯងប្រហែល២ម៉ោង។ បន្ទាប់មកឈ្មោះ ណាក់ ក៏បានយកទៅទុកនៅក្នុងផ្ទះមួយទៀតនៅខាងក្រោយ។ ពេលទៅដល់ផ្ទះក្រោយ ឈ្មោះ ណាក់ ក៏បានយកស្លុតមករុំ មាត់ ភ្នែក និងដៃ រួចក៏បានគំរាមថា ប្រាប់រឿងលួចឱ្យអស់មកថាអ្នកណាខ្លះលួចខ្លះ បើមិនប្រាប់ហែងមិនរួចខ្លួននោះទេទាំងប្រពន្ធនិងកូន ហើយពេលនោះក៏បានដកកាំភ្លើងចេញពីហោប៉ាវមកដាក់ក្បែរខ្លួនេបស់គាត់ទៀតផង។ បន្ទាប់មកគាត់ក៏បានចេញមកក្រៅប្រហែលកន្លះម៉ោង ដោយគាត់ចាក់សោពីក្រៅ ពេលនោះខ្លួនក៏បានរើខ្លួនរួច ហើយបានរត់គេចចេញតាមបង្អួចខាងក្រោយតាមចំការរបស់គាត់ រហូតផ្ទះអ្នកស្គាល់គ្នាប្រហែល៣គីឡូម៉ែត្រ។

កម្មករចំការកៅស៊ូរូបនេះ បានបញ្ជាក់ថា៖ «នៅថ្ងៃដដែលនោះ វេលាម៉ោង ៧យប់ ប្រពន្ធរបស់ខ្លួនមានឈ្មោះ ឈឿន សុខជា ក៏បានប្រាប់ថា គាត់ក៏ត្រូវបានថៅកែឈ្មោះ ណាក់ ហៅទៅសួរដោយនាំទាំងកូនទៅជាមួយ ដោយឃុំគាត់ទុករយៈពេលប្រហែល២ម៉ោង ប៉ុន្តែមិនបានវាយនោះទេ»។ ចំពោះរឿងហេតុនេះ កើតឡើងមកលើគាត់បែបនេះ ទើបកើតទុក្ខមិនសុខចិត្ត ក៏សម្រេចចិត្តមកដាក់ពាក្យបណ្ដឹង ដើម្បីឲ្យព្រះរាជអាជ្ញាជួយរកយុត្តិធម៌ដល់ខ្លួនតែម្តង។ (ដាក់វីដេអូរជនរងគ្រោះរាប់សាច់រឿង)

ក្នុងពាក្យបណ្តឹងរបស់ជនរងគ្រោះ បានបញ្ជាក់ថា៖ «ពាក់ព័ន្ធករណីខាងលើនេះ សូមឲ្យតុលាការផ្ដន្ទាទោសឈ្មោះ​គឹមជូ ចាន់ប៊ុនណាក់ តាមផ្លូវច្បាប់, ទាមទារសំណងជម្ងឺចិត្ត ចំនួន ១២ លានរៀល និងសូមយកម៉ូតូរបស់ខ្លួនដែលបានយកទៅធ្វើការនៅទីនោះ ចំនួន ០៣ គ្រឿង យកត្រឡប់មកវិញ។

ពាក់ព័ន្ធករណីខាងលើនេះ អង្គភាព អឹម អេ ជេ មិនអាចស្វែងរកការទំនាក់ទំនងសុំការបកស្រាយពីលោក គឹមជូ ចាន់ប៊ុនណាក់ កូនប្រុសម្ចាស់ចំការកៅស៊ូពាក់ព័ន្ធការចោទប្រកាន់នេះបានឡើយ ព្រោះគ្មានលេខដើម្បីទំនាក់ទំនងហើយអង្គភាពយើងរងចាំការបកស្រាយពីគ្រប់ភាគីពាក់ព័ន្ធគ្រប់ម៉ោងធ្វើការ៕