2024-10-15 08:30
171

ប៉ៃលិន៖ កាលពីព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និង ក្រុមការងារ បានអញ្ជើញចុះជួបសំណេះ សំណាលសាកសួរសុខទុក្ខ ក្រុមអាជីវករ ដែលលក់ដូរនៅក្នុងផ្សារសាមគ្គី ហៅផ្សារប៉ាហ៊ី ស្ថិតនៅភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

នៅក្នុងឱកាសនោះលោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍លើកឡើងថា៖ អាជ្ញាធរ និងមន្ត្រីជំនាញគ្រប់ជាន់ថ្នាក់ គឺមានតួនាទីដោះស្រាយរាល់សុខទុក្ខ និងសំណូមពររបស់ប្រជាពលរដ្ឋ ទាំងនៅតំបន់ទីផ្សារ និងនៅទីជនបទ ក្នុងគោលបំណងសម្រួលដល់ការប្រកបរបបរទទួលទានរបស់ប្រជាពលរដ្ឋដើម្បីលើកស្ទួយសេដ្ឋកិច្ចគ្រួសារឱ្យកាន់តែប្រសើរឡើងសម្តៅរួមចំណែកអនុវត្តន៍គោលនយោបាយកាត់បន្ថយភាពក្រីក្រ ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។

លោកជំទាវអភិបាលខេត្ត បានគូសបញ្ជាក់ថា ផ្សារសាមគ្គី ហៅផ្សារប៉ាហ៊ី នៅថ្ងៃអនាគតក៏មានផែនការ គ្រោងរៀបចំកែលំអទីតាំងថ្មីបន្ថែម និងតូបលក់ដូរ អោយកាន់តែមានសោភ័ណភាព អនាម័យ និងសណ្តាប់ធ្នាប់របៀបរៀបរយល្អប្រសើរ ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការ និងសំណូមពររបស់បងប្អូនអាជីវករ ជាពិសេសផ្តល់នូវសេវាដល់អតិថិជនពីគ្រប់មជ្ឍដ្ឋាន រួមទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិផងដែរ ។

ជាមួយគ្នានោះលោកជំទាវ បាន ស្រីមុំ ក៏បានសំណូមពរដល់ បងប្អូនអាជីវករក្នុងផ្សារសាមគ្គី ហៅផ្សារប៉ាហ៊ី ទាំងអស់ សូមចូលរួមលើកកម្ពស់អនាម័យ និងសោភ័ណភាព សាធារណៈ ដោយត្រូវទុកដាក់ទំនិញលក់ដូរឱ្យមានសណ្តាប់ធ្នាប់ចៀសវាងការដាក់តាំងលក់នៅលើចិញ្ចើមផ្លូវ បណ្តាលឱ្យកកស្ទះចរាចរណ៍ ជាពិសេសគណៈគ្រប់គ្រងផ្សារ ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធ ធ្វើការរៀបចំសណ្តាប់ធ្នាប់ និងសន្តិសុខផ្សារឱ្យបានល្អ៕