សេអ៊ូល៖ នារសៀលថ្ងៃសុក្រ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាអ្នកច្បាប់ និងជាប្រធានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ បានអញ្ជើញថ្លែងសុន្ទរកថា ក្នុងពិធីបើករបស់គណៈកម្មាធិការរៀបចំបង្កើតក្រុមប្រឹក្សាស្ថាប័ននីតិកម្មអាស៊ី នាទីក្រុងសេអ៊ូល នៃសាធារណរដ្ឋកូរ៉េ។
ក្នុងពិធីបើកនេះ មានការអញ្ជើញចូលរួមពី លោក Lee Wan-kyu រដ្ឋមន្ត្រីក្រសួងនីតិកម្ម នៃសាធារណរដ្ឋកូរ៉េ និងលោក Pakorn Niprapunt អគ្គលេខាធិការក្រុមប្រឹក្សារដ្ឋនៃព្រះរាជាណាចក្រថៃហើយគោលបំណងនៃពិធីនេះគឺជាការផ្តួចផ្តើមពិភាក្សារៀបចំបង្កើតក្រុមប្រឹក្សាស្ថាប័ននីតិកម្មអាស៊ីជាអង្គការអន្តររដ្ឋាភិបាលមួយសម្រាប់កិច្ចសហការផ្នែកនីតិកម្មនៅតំបន់អាស៊ី នៅឆ្នាំ២០៣០។
ជាកិច្ចចាប់ផ្តើម, លោក Lee Wan-kyu រដ្ឋមន្ត្រីក្រសួងនីតិកម្ម នៃសាធារណរដ្ឋកូរ៉េ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមរបស់លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត។
លោក Lee Wan-kyu រដ្ឋមន្ត្រីក្រសួងនីតិកម្មនៃសាធារណរដ្ឋកូរ៉េក៏បានថ្លែងអំពីគោលបំណងនៃការបង្កើតក្រុមប្រឹក្សានេះ និងបានជម្រាបជូនអំពីផែនការសកម្មភាពសម្រាប់ឆ្នាំ២០២៤-២០២៥ ជូនអង្គប្រជុំដើម្បីពិនិត្យនិងផ្តល់យោបល់។
ក្នុងសុន្ទរកថាបើកក្នុងពិធីខាងលើនេះ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានលើកឡើងថា «គណៈកម្មាធិការរៀបចំបង្កើតក្រុមប្រឹក្សាស្ថាប័ននីតិកម្មអាស៊ី គឺជាចំណុចចាប់ផ្តើមក្នុងកិច្ចសហការផ្នែកនីតិកម្មរវាងប្រទេសនៅតំបន់អាស៊ី។
លើសពីនេះ ការបង្កើតក្រុមប្រឹក្សាស្ថាប័ននីតិកម្មអាស៊ី នឹងក្លាយជាបណ្តាញដ៏សំខាន់មួយដែលអនុញ្ញាតឱ្យមានសុខដុមនីយកម្មក្នុងក្របខ័ណ្ឌច្បាប់, លើកកម្ពស់ឧត្តមានុវត្តន៍, និងគាំទ្រគ្នាទៅវិញទៅមកក្នុងបរិការណ៍វិវត្តន៍យ៉ាងឆាប់រហ័សនៃពិភពលោកលើកិច្ចការនីតិកម្ម»។
លោកឧបនាយករដ្ឋមន្ត្រីបន្ថែមទៀតថា «តាមរយៈក្រុមប្រឹក្សាស្ថាប័ននីតិកម្មអាស៊ីនេះ អ្នកជំនាញការច្បាប់, អ្នករៀបចំគោលនយោបាយ, និងអ្នកតាក់តែងច្បាប់ និងអនុម័តច្បាប់អាចធ្វើការរួមគ្នាជាបណ្តាញ ដើម្បីពង្រឹងសមាហរណកម្មតំបន់ និងធានាថាប្រព័ន្ធច្បាប់របស់ប្រទេសនានា អាចឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋផងដែរ»។
លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក៏បានលើកឡើងផងដែរថា «អំពីគោលការណ៍នីតិរដ្ឋ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងត្រូវបានទទួលស្គាល់ ដើម្បីធានាថាច្បាប់ គឺសម្រាប់ទាំងអស់គ្នា, គ្រប់គ្នាស្មើភាពគ្នាចំពោះមុខច្បាប់ និងគ្មាននរណាម្នាក់នៅលើច្បាប់។
លើសពីនេះ ច្បាប់ត្រូវបានបង្កើតឡើង ដើម្បីដោះស្រាយបញ្ហានានារបស់សង្គម, មិនមែនបង្កើតបញ្ហាឬបង្កើនបន្ទុក ឬផ្តល់សម្ពាធសម្រាប់មនុស្សនិងសង្គមទេ។ ជាក់ស្តែងក្នុងបរិបទនៃសេដ្ឋកិច្ចទីផ្សារ ច្បាប់ត្រូវបានបង្កើតឡើង ដើម្បីគាំទ្រដល់យន្តការទីផ្សារ ដើម្បីពង្រឹងប្រសិទ្ធភាពនិងអត្ថប្រយោជន៍នៃប្រព័ន្ធ។
ច្បាប់ត្រូវជំរុញផលិតភាពនិងនវានុវត្តន៍ ព្រមទាំងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋខិតខំបំពេញការងារ ក្រោមក្របខ័ណ្ឌនៃភាពប្រកួតប្រជែងនិងស្មើភាពដោយមានឱកាសស្មើៗគ្នា និងរីកចម្រើនទាំងអស់គ្នា។ ក្នុងន័យនេះ ក្រុមប្រឹក្សាស្ថាប័ននីតិកម្មអាស៊ីនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ហារួមគ្នាផ្នែកច្បាប់, សម្រេចបាននូវកិច្ចសហការក្នុងដំណើរការនៃការបង្កើតច្បាប់, ការផ្លាស់ប្តូរព័ត៌មានអំពីច្បាប់នៃប្រទេសជាសមាជិក, និងកិច្ចសហការក្នុងការកែសម្រួលច្បាប់»។
លោកឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត បានបន្ថែមថា «តាមរយៈក្រុមប្រឹក្សាស្ថាប័ននីតិកម្មអាស៊ីយើងប្តេជ្ញានឹងធ្វើការរួមគ្នា ប្រមូលផ្តុំនូវចំណេះដឹងនិងកម្លាំងរួមគ្នាដើម្បីកសាងអាស៊ីមួយដែលមានសាមគ្គីភាព ភាពធន់ និងភាពឧត្តុង្គឧត្តម»។
ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក៏បានបញ្ជាក់អំពីជំនឿចិត្តថា «យើងទាំងអស់គ្នានឹងអាចកសាងស្ថាប័នមួយដែលឈរលើស្មារតីកិច្ចសហការ និងក្លាយជាក្តីសង្ឃឹមនៃប្រជាជនគ្រប់ជំនាន់ ដែលនឹងជះឥទ្ធិពលជាវិជ្ជមានដល់កំណើនសេដ្ឋកិច្ច វិបុលភាព និងសុខដុមរមនាក្នុងតំបន់»។
នាចុងបញ្ចប់នៃពិធីបើករបស់គណៈកម្មាធិការរៀបចំបង្កើតក្រុមប្រឹក្សាស្ថាប័ននីតិកម្មអាស៊ី ក៏មានការចុះហត្ថលេខាលើកំណត់ហេតុកិច្ចប្រជុំរបស់គណៈកម្មាធិការរៀបចំបង្កើតក្រុមប្រឹក្សាស្ថាប័ននីតិកម្មអាស៊ីរវាង លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត, លោក Lee Wan-kyu, និង លោក Pakorn Niprapunt ដោយបានកំណត់អំពីបែបបទ និងដំណើរការនៃការងារក្នុងការបង្កើតក្រុមប្រឹក្សាស្ថាប័ននីតិកម្មអាស៊ី និងបានកំណត់ឱ្យមានកិច្ចពិភាក្សា ដើម្បីឈានដល់ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ក្នុងការបង្កើតក្រុមប្រឹក្សានេះនៅឆ្នាំ២០២៥ខាងមុខ៕