
រាជធានីភ្នំពេញ៖ កាលពីរសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមសាស្រ្តាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំវគ្គចែករំលែកបទពិសោធន៍លើការងារដឹកនាំនិងគ្រប់គ្រងដល់អ្នកដឹកនាំគ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិ បាល តាមប្រព័ន្ធវីដេអូ ខនហ្វើរិន ដែលមានសមាសភាពចូលរួមសរុបចំនួន ៣៤០៧ នាក់។
នៅក្នុងឪកាសនោះឯកឧត្តមសាស្រ្តាចារ្យ កុយ វ៉ាន់នី បានអនុញ្ញាតអោយក្រុមការងារមន្ទីរពេទ្យបង្អែកពារាំង នៃមន្ទីរសុខាភិបាលខេត្តព្រៃវែង ធ្វើបទបង្ហាញពីការប្រើប្រាស់ PDIA ក្នុងការកែលំអរសេវា Triage នៅមន្ទីរពេទ្យ និង ឯកឧត្តមវេជ្ជ. ស្រី ស៊ីន ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ធំ ចែករំលែកបទពិសោធន៍លើការដឹកនាំនិងគ្រប់គ្រងនាពេលកន្លងមកផងដែរ ។
ជាមួយនិងការធ្វើបទបង្ហាញនីមួយៗ ឃើញថាអ្នកចូលរួមបានលើកជាសំណួរ ក៏ដូចជាការចូលរួមយោបល់ទៅលើប្រធានបទសំដៅបង្កើនការយល់ដឹងអោយកាន់តែស៊ីជំរៅ។ ក្រោយកិច្ចពិភាក្សា ឯកឧត្តមសាស្រ្តាចារ្យ កុយ វ៉ាន់នី ក៏បានផ្តល់ការណែនាំអោយមន្ទីរពេទ្យទាំងអស់រៀបចំសេវា Triage របស់ខ្លួនអោយមានលក្ខណៈសាមញ្ញ និងមានប្រសិទ្ធិភាព ហើយចំណាយធនធានបុគ្គលិកអោយបានសមស្របបំផុតដែលអាចធ្វើទៅបាន។
បន្ថែមពីលើនេះឯកឧត្តមសាស្រ្តាចារ្យក៏បានណែនាំឱ្យថ្នាក់ដឹកនាំតាមឋានានុក្រមបន្ត ផ្តល់ការគាំទ្រដល់អ្នកអនុវត្តផ្ទាល់ និងមានសុច្ចរិតភាពក្នុងការក្សាផលប្រយោជន៍អង្គភាពអោយខ្ពស់ជាងផលប្រយោជន៍បុគ្គល ហើយអ្នកដឹកនាំក្នុងវិស័យសុខាភិបាលទាំងអស់ត្រូវស្វែងយល់ពីខ្លួនឯង និងស្វែងយល់ពីបុគ្គលិកអោយបានច្បាស់ ដែលការស្គាល់ខ្លួនឯងនិងបុគ្គលិកនេះគឺជាបច្ច័យសំខាន់នៅក្នុងការដឹកនាំនិងគ្រប់គ្រងបុគ្គលិកប្រកបដោយប្រសិទ្ធិភាព។
