
អេស្ប៉ាញ៖ កាលពីថ្ងៃ សៅរ៍ ទី ០៩ ខែ វិច្ឆិកា ឆ្នាំ២០២៤ ប្រជាជនអេស្ប៉ាញរាប់ម៉ឺននាក់ បាននាំគ្នាដើរដង្ហែរនៅឯភាគខាងកើតនៃទីក្រុង Valencia ដើម្បីទាមទារឲ្យមេដឹកនាំរបស់ពួកគេធ្វើការលាលែងចេញពីតំណែងប្រធានាធិបតីប្រចាំតំបន់។
ដោយពួកគេទាមទារឲ្យមានការឆ្លើយជាបន្ទាន់ជាមួយនឹងការទទួលបន្ទុក អមនឹងទំនួលខុសត្រូវចំពោះគ្រោះទឹកជំនន់ដ៏កាចសាហាវដែលបានវាយប្រហារយ៉ាងពេញទំហឹង កាលពីសប្ដាហ៍មុនដែលបានបណ្ដាលឲ្យមនុស្សស្លាប់ជាង២០០ នាក់និងមនុស្សជាច្រើននាក់ផ្សេងទៀតកំពុងតែបាត់ខ្លួនផងដែរ។
ដោយស្របពេលដែលគ្រោះមហន្តរាយកំពុងតែយាយីបែបនេះ គេមិនបានឃើញការអន្តរាគមន៍ណាមួយដែលមេដឹកនាំប្រចាំតំបន់របស់ពួកគេ ធ្វើការដោះស្រាយឲ្យទាន់ពេលវេលានោះទេ តែផ្ទុយទៅវិញមានតែបង្ករឲ្យកាន់តែមានលទ្ធផលអាក្រក់ទៅៗ។
ដោយពេលនេះមេដឹកនាំប្រចាំតំបន់គឺលោក Carlos Mazon កំពុងតែស្ថិតនៅក្រោមសម្ពាធយ៉ាងខ្លាំង បន្ទាប់ពីក្រុមបាតុករជាច្រើនបានធ្វើការស្រែកតវ៉ា ក៏ដូចជាមានការប៉ះទង្កិចយ៉ាងខ្លាំងជាមួយនឹងក្រុមប៉ូលីសកុប្បកម្មនៅឯមុខសាលាក្រុង Valencia។
រឿងហេតុនេះកើតឡើងក៏ព្រោះតែ ក្រុមរដ្ឋបាលដែលគ្រប់គ្រងដោយលោក Carlos Mazon បានបរាជ័យក្នុងការចេញការជូនដំណឹងអំពីទឹកជំនន់ ទៅកាន់ទូរស័ព្ទដៃរបស់ប្រជាពលរដ្ឋរហូតដល់ប៉ុន្មានម៉ោងបន្ទាប់ពីទឹកជំនន់ បានធ្វើការវាយប្រហារយ៉ាងខ្លាំងទៅលើប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ Valencia ដែលបានចាប់ផ្ដើមកាលពីយប់ថ្ងៃទី ២៩ ខែ តុលា ឆ្នាំ២០២៤។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃ សៅរ៍ ទី ០៩ ខែ វិច្ឆិកា ឆ្នាំ ២០២៤ ចំនួនអ្នកស្លាប់គឺកើនដល់ ២២០ នាក់ហើយ ខណៈដែលការស្វែងរកសាកសពរបស់អ្នកស្លាប់នៅតែបន្ត។
ឯមនុស្សរាប់ពាន់នាក់ផ្សេងទៀត បានបាត់បង់នូវផ្ទះសម្បែងរបស់គេយ៉ាងគួរឲ្យអាណិតអាសូរជាពន់ពេកផងដែរ។
