
(ភ្នំពេញ)៖ លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាថ្ងៃទី១ មានភ្ញៀវទេសចរអន្តរជាតិ និងប្រជាពលរដ្ឋចូលរួមទស្សនាកម្សាន្តប្រមាណជាង១លាន១សែននាក់ ប្រកបដោយទឹកមុខសប្បាយរីករាយ ក្រោមម្លប់នៃសន្តិភាព។
ជាមួយគ្នានោះដែរ លោកស្រីក៏បានគូសបញ្ជាក់ឲ្យដឹងដែរថា ចំពោះការងាររក្សាសន្តិសុខ សណ្តាប់ ធ្នាប់ និងរៀបរយសាធារណៈ ក្រោមការយកចិត្តទុកដាក់ខ្ពស់បំផុតពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រួមជាមួយថ្នាក់ជាតិ និងកងកម្លាំង គ្រប់ផ្នែកពាក់ព័ន្ធ គឺមានសន្តិសុខ សណ្តាប់ល្អ ពុំមានបញ្ហាអ្វីកេីតឡេីងគួរឲ្យកត់សម្គាល់នោះទេ។
សូមជម្រាបថា ព្រះរាជពិធីបុណ្យអុំទូក ត្រូវបានប្រារព្ធធ្វើឡើងដើម្បីជាការរំលឹកគុណ ចំពោះកងទ័ពជើងទឹកខ្មែរ ដែលបានពលីជីវិតបូជាចំពោះទឹកដីក្នុងចម្បាំង នាសតវត្សទី១២ ក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ ពីឆ្នាំ១១៧៧ ដល់ឆ្នាំ ១១៨១ នៃគ.ស ដូចមានបង្ហាញចម្លាក់នៅលើជញ្ជាំងប្រាសាទបាយ័ន និងប្រាសាទបន្ទាយឆ្មារជាដើម។
សម្រាប់ឆ្នាំ២០២៤នេះ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អក អំបុក ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង ដើម្បីឱ្យប្រជាពលរដ្ឋ បានចូលរួមកម្សាន្តសប្បាយរីករាយ អបអរសាទរបុណ្យប្រពៃណីជាតិខ្មែរ ដែលមានតាំងពីបរមបុរាណដ៏យូរលង់មកហើយ ព្រមទាំងទស្សនាការបណ្ដែតប្រទីប អុជកាំជ្រួច ប្រគំតន្ត្រីសម័យ-បុរាណ និងសម្តែងសិល្បៈ ទាំង៣រាត្រីផងដែរ ។
ស្ថិតនៅក្នុងឪកាសនេះដែរ ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ រួមទាំងកីឡាករប្រណាំងទូក យ៉ាងច្រើនកុះករមកពីគ្រប់ទិសទីបានចូលរួមកម្សាន្តនៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ក្រៅពីការទស្សនាការប្រណាំងទូក ង នៅមាត់ទន្លេ បងប្អូនប្រជាពលរដ្ឋ ក៏អាចទស្សនា និងទិញទំនិញតាមស្តង់តាំង ពិពរណ័ទំនិញជាច្រើន នៅតាមទីតាំងនីមួយៗ ក្នុងរាជធានីភ្នំពេញ ព្រមទាំងទស្សនាការប្រគំតន្ត្រីតាមទម្រង់សិល្បៈបុរាណ និងសម័យ ដែលមានប្រគុំជូននៅតាមសួនសាធារណៈផងដែរ។
