
ត្បូងឃ្មុំ៖ នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង លោក វង សូត អនុប្រធានទី២ រដ្ឋសភា ព្រមទាំងប្រតិភូអមដំណើរ លោកគ្រូ អ្នកគ្រូ អាជ្ញាធរដែនដី បានអញ្ជើញចុះពិនិត្យមើលការដ្ឋានសាងសង់អគារសិក្សាថ្មី មានរចនាបថខ្មែរ ០១ខ្នង កម្ពស់ ០២ជាន់ ស្មើនឹង ១៦បន្ទប់ ដែលសាងសង់នៅវិទ្យាល័យ ហេង សំរិន ចក ស្ថិតនៅភូមិចំឡាក់ ឃុំចក ស្រុកអូររាំងឳ ខេត្តត្បូងឃ្មុំ ។
សមិទ្ធផលនៅវិទ្យាល័យ ហេង សំរិន ចក ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន រួមនឹងសប្បុរសជនជាច្រើនទៀត ដើម្បីចូលរួមចំណែកក្នុងការបណ្តុះណ្តាល និងកសាងធនធានមនុស្សសម្រាប់កូនចៅប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។
សូមបញ្ជាក់ថា អគារសិក្សាថ្មី ០១ខ្នង នេះ ត្រូវបានបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ដោយគ្រោងនឹងសាងសង់រួចជាស្ថាពរនៅចុងឆ្នាំ២០២៤ ខាងមុខនេះ៕
